ភ្នំពេញៈ នៅ​ក្នុង​រយៈពេល ៦ថ្ងៃ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង (ក.ប.ប)​ បាន​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​អនុលោមភាព​លើ​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​បាន​ចំនួន ៣៧​ ទីតាំង​ក្នុង​នោះ មាន ៦​ទីតាំង ប្រកប​អាជីវកម្ម​មិន​សុចរិត តាម​រយៈការ​កេង​បន្លំ​ចំនួន​លីត្រ។ នេះ​បើ​យោង​តាម​ផេកហ្វេសប៊ុក កបប នៅ​ថ្ងៃ​ទី​២៥ ឧសភា។


អនុលោមតាម​ច្បាប់ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប បាន​បន្ត​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ជាពិសេស ការ​អនុវត្ត​ខ្លឹមសារ​នៃ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រេង​ឥន្ធនៈ។

ជាក់ស្តែង ចាប់​ពី​ថ្ងៃទី​ ១៧-២២ ខែ​ឧសភា ឆ្នាំ​២០២៣ មន្ត្រី​ស៊ើប​អង្កេត ក.ប.ប សាខា​ខេត្ត​កំពង់ស្ពឺ កំពង់ធំ ប៉ៃលិន សៀមរាប និង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​អនុលោមភាព​លើ​ស្ថានីយ និង​ដេប៉ូ​ប្រេង​ឥន្ធនៈ​សរុប​បាន​ចំនួន ៣៧ ទីតាំង តាម​រយៈការ​ប្រើ​ប្រាស់​ឧបករណ៍​ត្រួត​ពិនិត្យ​ប្រេង​ឥន្ធនៈ (Pumpwatch) ដែល​ឧបករណ៍​នេះ​តែងតែ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​យ៉ាង​ត្រឹមត្រូវ (ព្យាសកម្ម) ពីមជ្ឈមណ្ឌល​មាត្រាសាស្ត្រជាតិ។

បើតាម កបប យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ថា មាន​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៦​ទីតាំង ប្រកប​អាជីវកម្ម​មិន​សុចរិត តាម​រយៈចេតនា​កេងបន្លំ​ចំនួន​លីត្រ​ពី​ដៃ​បាញ់​ប្រេង​ឥន្ធនៈ ហើយ​ម្ចាស់​ដេប៉ូ​ទាំងនោះ​ត្រូវ​បាន​មន្ត្រី កបប ចាត់​វិធានការ​តាម​នីតិវិធី៕