សៀមរាបៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជំរុញ​កសិករ​ឱ្យ​ប្រើប្រាស់​ភ្លើង​អគ្គិសនី​សម្រាប់​កសិកម្ម​នៅពេល​យប់ និង​ប្រើប្រាស់​ថាមពល​សូឡា បូមទឹក​នៅ​ពេល​ថ្ងៃ សម្រាប់​ស្រោចស្រព​ដំណាំ ទើប​ចំណេញ​ថវិកាច្រើន។


លោក​ជំរុញ​បែបនេះ​ក្នុង​ពេល​លោក​ចុះ​ទស្សនកិច្ច និង ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​កសិដ្ឋាន និង​ប្រជាសហគមន៍ នៅ​ភូមិ​សំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាថ្ងៃទី២៦ ខែឧសភា។ នេះ​បើ​យោងតាម​ហ្វេសប៊ុក​ក្រសួង​កសិកម្ម។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​នា​ថ្ងៃទី​២៦ ខែ​ឧសភា ថា លោក​រដ្ឋមន្ត្រី​កសិកម្ម​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​កសិករ​ដែល​ដាំ​បន្លែ​គ្រប់មុខ​ក្នុង​ផ្ទះ​សំណាញ់​ត្រូវ​សហការ​ជាមួយ​មន្ទីរកសិកម្ម និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​សិក្សា​ពី​បច្ចេកទេស ពូជ និង​ពិនិត្យ​ព័ត៌មាន​កសិកម្ម​ឱ្យ​ទាន់​ពេលវេលា ដោយ​ភ្ជាប់​ជាមួយ​ផែនការ​ច្បាស់លាស់ ដើម្បី​ផលិត​បាន​គុណភាព​ល្អ ស្រប​តាម​តម្រូវ​ការ​ទីផ្សារ ទទួល​បាន​តម្លៃខ្ពស់។


ហ្វេសប៊ុក​ក្រសួង​បន្តថា៖ «ចំពោះ​ការ​ប្រើប្រាស់​ទឹក ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ទៅ​ប្រជាកសិករ គួរ​កុំ​ធ្វើ​កសិកម្ម​ពឹង​ផ្អែក​តែ​លើ​ប្រភពទឹក​អណ្តូង​តែ​មួយ​មុខ គឺ​ត្រូវ​ប្រើ​ធុង​ស្តុក​ទឹក​ឱ្យ​បាន​ច្រើន ស្របតាម​តម្រូវ​ការ​ស្រោចស្រព​ដំណាំ​នៅ​ទីតាំង​នោះ»។

លោក ឌិត ទីណា ថែមទាំង​បាន​ណែនាំ​ដល់​ម្ចាស់​កសិដ្ឋាន និង​ប្រជាសហគមន៍​នៃ​បណ្តុំ​អាជីវកម្ម​បន្លែ នៅ​ស្រុក​ សូត្រនិគម ខេត្ត​សៀមរាប ត្រូវ​សហការ​គ្នា​ខិតខំ​បន្ថែម​ទៀត ផលិត​បន្លែ​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ កុំ​លើស​ពី​ផែនការ​ផលិត នាំ​ឱ្យ​ខាតបង់​ពេលវេលា ថវិកា និងធ្លាក់ថ្លៃ៕