កម្ពុជា ចូលរួមសមាជអេកូឡូស៊ីអន្តរជាតិនៅរុស្ស៊ី

ភ្នំពេញៈ កម្ពុជាចូលរួមសមាជអេកូឡូស៊ីអន្តរជាតិលើកទី១០ (X Nevsky International Ecological Congress) នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែឧសភា ដោយពិភាក្សាពីការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលសម្រាប់វិស័យអេកូឡូស៊ី និងធនធានទឹកសម្រាប់អនាគត។
ហ្វេសប៊ុកក្រសួងបរិស្ថានបញ្ជាក់នាថ្ងៃទី២៦ ខែឧសភា ថា មន្ត្រីក្រសួងបរិស្ថានកម្ពុជា និងអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសរុស្ស៊ី បានចូលរួមសមាជនេះ។
សមាជមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានដូចជា កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម តំណាងប្រទេសមកពីទ្វីបអាស៊ីកណ្តាល អាហ្វ្រិក ចិន អង្គការជាតិ-អន្តរជាតិ និងអង្គការសហប្រជាជាតិ (UNEP)។
អង្គសមាជក៏បានពិនិត្យ និងពិភាក្សាពីអេកូ-ទេសចរណ៍ ទំនាក់ទំនងមនុស្ស និងផែនដី ការកំណត់យុទ្ធសាស្រ្ត និងជម្រើសវិធានការនៃកិច្ចគាំពារបរិស្ថាន សេដ្ឋកិច្ចចក្រា ការអភិរក្សបរិស្ថាននៅតំបន់អាក់ទិច និងអង់តាក់ទិក ផលិតផលសរីរាង្គ (ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ) និងតួនាទីព្រៃឈើក្នុងដំណើរការធម្មជាតិ។
ហ្វេសប៊ុកក្រសួងបានឱ្យដឹងថា រុស្ស៊ីក៏បានស្នើសុំសមាជិកនៃអង្គសមាជពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នាលើវិធានការឆ្លើយតបការប្រែប្រួលអាកាសធាតុ កិច្ចគាំពារ និងអភិរក្សបរិស្ថានក្នុងតំបន់ និងសកល៕