បាត់ដំបងៈ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​ខេត្ត​បាត់ដំបង និងបណ្តាញគ្រិស្ថ​បរិស័ទ​កម្ពុជា​បានសហការគ្នា​រៀបចំ​បណ្តុះបណ្តាល​ពីបញ្ហា​គ្រឿងញៀន​និង​ច្បាប់​ស្តីពីការត្រួតពិនិត្យ​គ្រឿងញៀន​ដល់​គ្រូ​គង្វាល និងជំនុំ​បណ្តាញ​គ្រិស្ដ​បរិស័ទ​កម្ពុជា​សាខា​ខេត្តបាត់ដំបង​ចំនួន ១៦០ នាក់​នាថ្ងៃ​ទី២៦ ខែឧសភា​នេះ។


លោក ទូច សុខា ប្រធាន​ក្រុមប្រឹក្សា​បណ្តាញ​ព្រះវិហារ​គ្រិស្ដ​បរិស័ទ​កម្ពុជា​សាខា​បាត់ដំបងបានថ្លែង​ថា ការបណ្តុះបណ្តាល​នេះ​ពិតជា​បានផ្តល់​ចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន និងច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ពីមន្រ្តី​ជំនាញ​របស់​អគ្គ​លេខាធិការដ្ឋាន​អាជ្ញាធរប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​រាល់មក ចម្ងល់​ត្រូវបាន​បកស្រាយ និងប្តេជ្ញា​យក​ចំណេះដឹងដែល​ទទួលបាន​ទៅផ្សព្វផ្សាយ​ក្នុងសហគមន៍​ឱ្យបាន​ផុលផុស ដើម្បី​ជួយ​ក្រុមគ្រួ​សារ និងសហគមន៍​ឱ្យ​​ចៀស​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន។

លោក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និងស្តារនីតិសម្បទា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានលើកឡើង​ថា ការប្តេជ្ញា​ចិត្តពោរពេញ​ដោយឆន្ទៈ​របស់​គ្រូ​គង្វាល និងជំនុំ​ចូលរួម​ចំណែក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិតជា​អាច​កាត់បន្ថយ​និងកសាង​បាននូវ​សហគមន៍​មួយ​ដែលមាន​សណ្តាប់​ធ្នាប់ និងសុវត្ថិភាព ពោរពេញ​ដោយភាព​សុខសាន្ត​និងការអភិវឌ្ឍ។

លោកបានបន្ត​ថា ភាព​សុខដុមនីយកម្ម​ក្នុងវិស័យ​សាសនា​នាំមក​នូវ​សុខសន្តិភាព​និងការអភិវឌ្ឍ ហើយការចូលរួម​គ្រប់​សមាសភាព​ក្នុង​សហគមន៍​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺពិតជា​កាត់បន្ថយ​និងដោះស្រាយ​បាននូវ​បញ្ហា​គ្រឿងញៀន"ទូកទៅ​មុខ​ពឹងច្រវា អនាគត​ស្រស់ថ្លា​មិនពឹង​គ្រឿងញៀន"។


នាពេលថ្មីៗ​នេះ​ផងដែរ យុវសិស្ស​ចំនួន ៥០០ នាក់ នៅសាលារៀន​អន្តរទ្វីប​អាមេរិកាំងសាខា​ម៉ៅសេទុង​ក៏ទទួល​បានចំណេះដឹង​ពី​បញ្ហា​គ្រឿងញៀន​និងបារី​អេឡិចត្រូនិក​ផងដែរ​តាមរយៈ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃគ្រឿងញៀន​និងបារី​អេឡិចត្រូនិក។


លោក​លឹម តុងហួត បានមានប្រសាសន៍​ក្នុងឱកាសនោះ​ថា ការផ្សព្វផ្សាយ​នេះ​រៀបចំ​ក្នុងគោលបំណង​សំខាន់​បំផុត​គឺពង្រឹង​ការយល់ដឹង​បង្ការ ទប់ស្កាត់​ការរីករាលដាល​បញ្ហា​គ្រឿងញៀន​និងបារី​អេឡិចត្រូនិក​ទាំង​ក្នុង​សាលារៀន និងសហគមន៍​របស់​ពួកគាត់​តាមរយ:​ការចែករំលែក​ចំណេះដឹង​ដល់​ពួកគាត់​ដើម្បី​ផ្សព្វផ្សាយ​បន្តដល់​ក្រុម​គ្រួសារ​និង​មនុស្ស​ជាទីស្រឡាញ់ កុំឱ្យ​ទៅ​ពាក់ព័ន្ធ​បញ្ហា​ទាំងនេះ ដែលនាំទុក្ខ​គ្រោះភ័យ​ដល់​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ។

លោកបានបន្ថែម​ទៀតថា យុវជន យុវតី នៅក្នុងវ័យ ១៤ ឆ្នាំ ដល់ ១៨ ឆ្នាំ​នេះ គឺជាវ័យ​មួយដែល​កំពុងតែ​រីកលូតលាស់​ទាំងរាង​កាយ ប្រាជ្ញា​ស្មារតី ហើយក៏ជា​វ័យមួយ​ដែល​ចង់សាក ចង់ដឹង ចង់ស្គាល់ នូវអ្វីៗ​ដែល​ថ្មីៗ។ នេះ​តម្រូវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ចូលរួម​ជួយពួកគាត់​ឱ្យមាន​ការយល់ដឹង​ច្បាស់លាស់​ពីបញ្ហា​នានា​ពិសេស​បញ្ហា​គ្រឿងញៀន ដែល​អាចនឹង​នាំឱ្យ​ប៉ះពាល់​ដល់សុខភាព​និងការលូតលាស់​ប្រកបដោយ​សក្តានុពល​របស់​ពួកគេ៕