សមាជិកសហគមន៍ និងឧទ្យានុរក្ស ២២ នាក់ ទទួលបានការបណ្តុះបណ្តាលពីការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិ

ភ្នំពេញៈ សមាជិកសហគមន៍មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សចំនួន ២២ នាក់ ទទួលបានការបណ្តុះបណ្តាលអំពីរបៀបរៀបចំ ការដាក់ពង្រាយ និងការសាយករូបភាពពីកាមេរ៉ាស្វ័យប្រវត្តិសម្រាប់តាមដានសត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយក្រុមអ្នកវិទ្យាសាស្ត្រ និងជីវចម្រុះរបស់អង្គការអភិរក្សអន្តរជាតិ ក្រោមការគាំទ្រពី USAID មរតកបៃតង ដែលជាផ្នែកមួយនៃការសិក្សាពីកាមេរ៉ាស្វ័យប្រវត្តិជាប្រព័ន្ធ ហើយនឹងគាំទ្រដល់កម្មវិធីតាមដានជីវៈចម្រុះរយៈពេលវែងនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។ នេះបើយោងតាម USAID មរតកបៃតង នាថ្ងៃទី ២៦ ខែឧសភា។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់ការពារដែលមានទំហំ ៤០០ ០០០ ហិកតា ដែលលាតសន្ធឹងលើខេត្តចំនួនបី គឺខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ។ កាមេរ៉ាស្វ័យប្រវត្តិសាកល្បង ដែលបានដាក់ពង្រាយបានថតជាប់ប្រភេទសត្វព្រៃកម្រ និងជិតផុតពូជជាច្រើនពីទីតាំងចំនួន ៣០។ ប្រភេទសត្វព្រៃដ៏កម្រជាច្រើននឹងត្រូវបានថតជាប់ ដោយកាមេរ៉ាស្វ័យប្រវត្តិនាពេលអនាគត៕