ពលរដ្ឋក្នុងសង្កាត់ ៣ នៅខណ្ឌទួលគោក នឹងទទួលការព្យាបាលភ្នែកដោយឥតគិតថ្លៃ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមកិច្ចសហការជាមួយនឹងរដ្ឋបាលខណ្ឌទួលគោក និងក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យព្រះអង្គឌួងគ្រោងនឹងពិនិត្យ ព្យាបាលភ្នែក និងផ្តល់ជូនវ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងសង្កាត់ចំនួន ៣ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ACU។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នឹងមានការពិនិត្យ និងព្យាបាលភ្នែក ព្រមទាំងផ្តល់ជូនវ៉ែនតា តាមវេជ្ជបញ្ជាពេទ្យ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ៣ សង្កាត់ គឺសង្កាត់ផ្សារដេប៉ូទី១ ផ្សារដេប៉ូទី២ ផ្សារដេប៉ូទី៣ នៅសាលាបឋមសិក្សាសន្ធរម៉ុក ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១៧:០០នាទី។
ACU បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកទាំងអស់ ទៅទទួលការពិនិត្យ និងព្យាបាលឱ្យបានរួសរាន់ ហើយដើម្បីសម្រួលដល់ការផ្តល់សេវាពិនិត្យសុខភាព សូមប្រជាពលរដ្ឋភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណផងដែរ៕