កម្ពុជា បាន​ជំរុញ​ឱ្យ​ភាគី​កូរ៉េខាងត្បូង ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​ទ្វេភាគី រួម​ទាំង​ការ​វិនិយោគ​ឯកជន ក្នុង​វិស័យ​គ្រប់គ្រង និង​ការ​កែច្នៃ​សំណល់ គម្រោង​ឥណទានកាបូន ហិរញ្ញប្បទាន​បៃតង និង ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ល។


ការជំរុញនេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​គណៈប្រតិភូ​កម្ពុជា​ដឹក​នាំ​ដោយ​លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដោយ​មាន​ការ​អមដំណើរ​ពី​លោក លន់ សាបឿន ទីប្រឹក្សា​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋកូរ៉េ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​បណ្តាញ​បៃតង​សកល​កូរ៉េ ២០២៣ ចាប់​ពីថ្ងៃ​ទី​២៥ ដល់​ ២៦ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​ទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ។

កិច្ច​ប្រជុំ​នោះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋកូរ៉េ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​បណ្ដាប្រទេស​ក្នុង​តំបន់ ស្ថាប័ន​រដ្ឋាភិបាល​កូរ៉េ វិស័យ​ឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ សរុប​ប្រមាណ ៤០០នាក់។


ប្រភពពី​ក្រសួង​បរិស្ថាន បាន​ឱ្យ​ដឹង​ថា ក្នុង​ឱកាស​នោះ​លោក ទិន ពន្លក បាន​ថ្លែង​សុន្ទរកថា ពាក់ព័ន្ធ​នឹង​ទស្សន​វិស័យ​អភិវឌ្ឍន៍​បៃតង​របស់កម្ពុជា។ លោក​បាន​គូស​បញ្ជាក់​នៅ​ក្នុង​វេទិកា​អន្តរជាតិ​នោះ​ថា​ សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ បាន​ផ្តល់​ឱកាស​ដល់​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​យ៉ាង​ឆាប់​រហ័ស ហើយ​រាជរដ្ឋាភិបាល​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ជំរុញ​ការ​វិវឌ្ឍ​បៃតង ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ប្រកប​ដោយ​បរិយាប័ន្ន។

បន្ថែមពីនេះ​លោក ទិន ពន្លក ក៏​បាន​ជំរុញ​ឱ្យ​ភាគី​កូរ៉េ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា រួម​ទាំង​ការ​វិនិយោគ​ឯកជន ក្នុង​វិស័យ​គ្រប់គ្រង និង​ការ​កែច្នៃ​សំណល់ ថាមពល​និរន្តរភាព គម្រោង​ឥណទាន​កាបូន ហិរញ្ញប្បទាន​បៃតង ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ល។


ក្នុង​ឱកាស​នោះដែរ គណៈប្រតិភូ​កម្ពុជា​បាន​ជួប​ប្រជុំ​ការងារ​ជាមួយ​លោក ហឿង យីនឆយ ប្រធាន​វិទ្យាស្ថាន​ឧស្យាហកម្ម និង​បច្ចេក​វិទ្យា​បរិស្ថានកូរ៉េ (KEITI) ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ ក្នុង​វិស័យ​គាំពារ​បរិស្ថាន​ផងដែរ។ គណៈប្រតិភូ​កម្ពុជា ក៏​បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ឯកជន​កូរ៉េ​មួយ​ចំនួន អំពី​ឱកាស​វិនិយោគ​លើ​គម្រោង​គ្រប់គ្រង និង​កែច្នៃ​សំណល់​នៅ​កម្ពុជា៕