
ព្រះវិហារ/ស្ទឹងត្រែងៈ ក្រុមការងារអង្គការសន្សំម្លប់ព្រៃបាននិងកំពុងតែធ្វើការយ៉ាងស្វិតស្វាញក្នុងចែកគ្រាប់ពូជស្រូវទៅដល់ក្រុមគ្រួសារកសិករ ដែលបានស្នើសុំគ្រាប់ពូជតាមចំនួនតម្រូវការរបស់ពួកគាត់ ដើម្បីយកទៅដាំដុះ ក៏ដូចជា រួមចំណែកក្នុងការការពារសត្វព្រៃក្នុងតំបន់ការពារបរិស្ថានធម្មជាតិនៅកម្ពុជា។
ក្រុមការងារនៅតាមតំបន់គោលដៅបាន និងកំពុងធ្វើការផ្តល់ជូនគ្រាប់ស្រូវពូជផ្ការំដួលចំនួន ៨០តោន និងផ្កាម្លិះក្រហមចំនួន ៨តោន ទៅកាន់ប្រជាកសិករ IBIS Rice នៅទីតាំងគម្រោងដូចជា នៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ក្រុមការងារបានចែកជូនក្រុមគ្រួសារ ដែលស្នើសុំបានប្រហែល ៨០% ហើយ។ ពួកគេគ្រោងនឹងបញ្ចប់ការចែកក្នុងខែឧសភានេះផងដែរ ដើម្បីឱ្យប្រជាកសិករទទួលបានគ្រាប់ពូជទាន់ពេលវេលាក្នុងការដាំដុះ។ នេះបើយោងតាមអង្គការសន្សំម្លប់ព្រៃ។
អង្គការសន្សំម្លប់ព្រៃក៏បាននិងកំពុងតែប្រកាសទៅដល់ប្រជាកសិករនៅខេត្ត កំពង់ធំ សៀមរាប និងខេត្តពោធិ៍សាត់ ផងដែរពីការចូលរួមកម្មវិធីស្តង់ដាផលិតកម្មស្រូវនិរន្តរភាពរហូតដល់ត្រឹមខែមិថុនា ២០២៣នេះ។ ប្រជាកសិករនឹងទទួលបានចំណេះដឹងកសិកម្មផលិតស្រូវឱ្យត្រឹមត្រូវតាមស្តង់ដា មិនចំណាយធនធានលើសលប់ តែប្រើបច្ចេកទេសត្រឹមត្រូវ ហើយទទួលបានទិន្នផលស្រូវខ្ពស់។
កម្មវិធីនេះអនុវត្តនៅតាមទីតាំងគោលដៅមួយចំនួនក្នុងខេត្តកំពង់ធំ មានស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ខេត្តសៀមរាប ក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមប្រភពដដែលនេះ៕