ការចងក្រងការដាំដុះជាសហគមន៍ជំរុញឱ្យ «សហគមន៍កសិ កម្មតាសីសាមគ្គី» មានការរីកចម្រើន និងផលិតមិនខ្វះទីផ្សារ
បាត់ដំបងៈ នៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង គឺមានទីតាំង១កន្លែងដែលមានប្រជាជនប្រមាណចំនួន ១៧២ គ្រួសារ បានពួតដៃគ្នាចងក្រងជាសហគមន៍ដាំដុះដោយបានឱ្យឈ្មោះថា សហគមន៍កសិកម្មតាសីសាមគ្គី។
សហគមន៍កសិកម្មតាសីសាមគ្គីជាសហគមន៍១ដែលមានជំនាញក្នុងការដាំដុះបន្លែសុវត្ថិភាពនិងផ្តល់សេវាកម្មសាងសង់ផ្ទះសំណាញ់។ បច្ចុប្បន្នសហគមន៍មួយនេះបាននិងកំពុងពង្រីកការដាំដុះបន្លែសុវត្ថិភាព ការសាងសង់ផ្ទះសំណាញ់ និងបណ្តុះបណ្តាលកសិករដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅដល់រាជធានីភ្នំពេញ និងខេត្តធំៗចំនួន ៣។
លោក ណុប នុន ជាប្រធានសហគមន៍កសិកម្មតាសីសាមគ្គីបានឱ្យដឹងថា សហគមន៍នេះបានបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ និងបានចុះបញ្ជីនៅក្នុងឆ្នាំនោះតែម្ដង ដោយមានគោលបំណងធំ១គឺចង់រួបរួមកម្លាំងគ្នាផលិតឱ្យបានកាន់តែធំ ពោលគឺធំជាងលក្ខណៈគ្រួសារ។ លោកថា ការបង្កើតនេះដំបូងមានដើមទុនប្រមាណ៨លានរៀលប៉ុណ្ណោះ តែរហូតទល់បច្ចុប្បន្នសហគមន៍មានទុនប្រមាណជាង៣០០លានរៀល និងមានសមាជិកកើនដល់១៧២គ្រួសារ ក្នុងនោះស្រី៨៩នាក់។ ។
លោកណុប នុន បន្តថា៖ «បច្ចុប្បន្នយើងមានមុខរបរសំខាន់ៗដូចជា សាងសង់ផ្ទះសំណាញ់ ដឹកជញ្ជូនបន្លែសុវត្ថិភាពមានក្រុមបច្ចេកទេសបង្រៀនដាំដុះតាមកសិដ្ឋាន គម្រោងផលិតជីកំប៉ុស ទឹកខ្មេះ ធ្យូងអង្កាមទៅលើការដាំដុះបន្លែ ដែលផ្តោតសំខាន់ទៅលើការជំរុញឱ្យមានស្តង់ដា១ ដែលបងប្អូនយើងទទួលស្គាល់ស្តង់ដាសុវត្ថិភាព»។
ប្រធានសហគមន៍កសិកម្មតាសីសាមគ្គីបានបន្តថា សហគមន៍បានដើរតាមគោលនយោបាយជំរុញការដាំដុះបន្លែសុវត្ថិភាពច្បាស់លាស់សម្រាប់ទីផ្សារធំៗ ទើបសហគមន៍ចាប់ផ្ដើមអនុវត្តតាមបច្ចេកទេសរាប់តាំងពីការជ្រើសរើសពូជរហូតដល់ប្រមូលផលដែលត្រូវទៅតាមមាត្រដ្ឋានស្តង់ដារបស់ក្រសួងកសិកម្ម។
ទាក់ទិនទៅនឹងកត្តាតម្រូវការនិងទីផ្សារលោក ណុប នុន ឱ្យដឹងថា បច្ចុប្បន្នទីផ្សារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់ ខណៈសហគមន៍ផ្គត់ផ្គង់បានត្រឹមដៃគូនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗដូចជាបាត់ដំបង បន្ទាយមានជ័យ និងសៀមរាបជាដើម។
លោកបានបញ្ជាក់ថា៖«សម្រាប់បន្លែយើងខ្វះខាតច្រើនព្រោះតម្រូវការ២តោនយើងអាចផលិតឱ្យបានត្រឹម៣០០-៥០០គីឡូក្រាមប៉ុណ្ណោះតែយើងសង្ឃឹមថា វានឹងឡើងមកវិញតាមរដូវកាលវិញ ដោយសារឆ្នាំនេះយើងទទួលរងនូវឥទ្ធិពលកម្ដៅខ្ពស់ធ្វើឱ្យទិន្នផលធ្លាក់ចុះ»។
ដោយឡែក សម្រាប់ចំណូលដែលបានមកពីទិន្នផលបន្លែ លោកប្រធានសហគមន៍បានឱ្យដឹងថា សហគមន៍អាចទទួលបានចំណូលពីបន្លែជាមធ្យមចន្លោះ៥ ០០០ទៅ៧ ០០០ដុល្លារក្នុង១ខែ។
ក្រៅពីការដាំដុះបន្លែសុវត្ថិភាពសហគមន៍ក៏មានសេវាកម្មផ្សេងទៀតដូចជា ការកំពុងសាងសង់ផ្ទះសំណាញ់ជូនដល់កសិដ្ឋានផ្សេងៗនៅតាមបណ្តាខេត្តមួយចំនួន ដោយក្នុង១ខែ សហគមន៍ទទួលបានអតិថិជនសម្រាប់សាងសង់ចន្លោះពី៨០-១០០ខ្នង។
លោកណុប នុន បានបន្ថែមថា៖ «ការសាងសង់ផ្ទះសំណាញ់យើងប្រើកម្លាំងពីខាងសហគមន៍ ហើយសម្រាប់ទំហំ១០គុណ២៥មានតម្លៃពី ២៣០០-២៥០០ដុល្លារ វាអាស្រ័យទៅតាមចម្ងាយ ហើយផលដែលទទួលបានយើងបែងចែកជា២គឺសម្រាប់ប្រតិបត្តិការហើយនៅសល់យើងចែកទៅតាមគោលការណ៍ និងលក្ខខណ្ឌរបស់សហគមន៍។
បើក្រឡេកទៅកាន់ជីវភាពប្រជាសហគមន៍ទាំង១៧២គ្រួសារវិញឃើញថា មានភាពល្អប្រសើរ។ បើតាមលោកណុប នុន «សម្រាប់សមាជិករបស់យើងមានទាំងក្រុមសន្សំប្រាក់ អ្នកប្រមូលផលបន្លែ អ្នកដាំលក្ខណៈគ្រួសារ ហើយយើងជាផ្នែកមួយដែលជួយសម្របសម្រួល ដឹកនាំ និងបង្ហាញផលិតផលដល់ទីផ្សារ ក្រៅពីនេះគ្រួសារនីមួយៗគឺពួកគាត់មានរបរ មានដីស្រែបន្ទាប់បន្សំផ្សេងទៀតផងដែរ»។
សម្រាប់គម្រោងទៅថ្ងៃខាងមុខ លោក ណុប នុន ក៏បានបង្ហើបថា លោកចង់ពង្រីកផលិតកម្មឱ្យកាន់តែធំពិសេសតាមបណ្ដាខេត្តផ្សេងទៀតពោលគឺដាំឱ្យត្រូវតាមសណ្ឋានដីតាមតំបន់នីមួយៗ តែក៏ត្រូវគោរពតាមកសិករដែលជាម្ចាស់ដីផ្ទាល់ផងដែរ៕