ភ្នំពេញៈ ក្រុមអង្គការ និងសមាគម ដែលធ្វើការលើបញ្ហាធនធានធម្មជាតិ ចំនួន ១០ ស្ថាប័ន បានរៀបចំប្រារព្ធទិវាបរិស្ថាន ពិភពលោកដោយអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ មានឆន្ទៈក្នុងការការពារធនធានធម្មជាតិ ខណៈដែលក្រសួងបរិស្ថាន ក៏គ្រោងរៀបចំទិវានេះ ហើយក៏ស្នើឱ្យសមាគមទាំងនោះ មិនត្រូវឆ្លៀតយកឱកាសនេះ ដើម្បីបម្រើរបៀបវារៈ នយោបាយនោះទេ។
ក្រុមអង្គការ សមាគម និងសហគមន៍ ចំនួន ១០ ស្ថាប័ន បានចូលរួមរៀបចំទិវាបរិស្ថានក្រោមប្រធានបទ ៖ «រួមគ្នាការពារបរិស្ថាន និងធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា» ក្នុងរយៈពេល៩ថ្ងៃ ដោយចាប់ពីផ្តើមធ្វើពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
ក្រុមអង្គការ សមាគម និងសហគមន៍ទាំងនោះ រួមមានដូចជា សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ, អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន, បណ្ដាញយុវជនកម្ពុជា និងរួមទាំងសហគមន៍ខេត្តកំពង់ធំ និងខេត្តព្រះវិហារជាដើម។
ក្រុមអង្គការ សមាគម និងសហគមន៍ បានបញ្ជាក់ថា ៖ «ការប្រារព្ធទិវាបរិស្ថានឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ៤ គឺដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោកឆ្នាំ២០២៣, ជំរុញលើកទឹកចិត្ដដល់សាធារណជនចូលរួមការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ, ស្នើដល់ក្រសួងពាក់ព័ន្ធបង្កើនប្រសិទ្ធភាព និងពង្រឹងការដកហូតធនធានធម្មជាតិ និងជំរុញឱ្យរដ្ឋាភិបាលទទួលស្គាល់សំឡេងរបស់សហគមន៍លើបញ្ហាធនធានធម្មជាតិ បរិស្ថាន»។
ជាមួយគ្នានេះ លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលជិត១ទស្សវត្សរ៍នេះ បញ្ហាការប្រែប្រួលអាកាសធាតុទូទាំងពិភពលោក មានសភាពកាន់តែអាក្រក់ទៅៗ ពិសេសនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា ក្រុមអង្គការ សមាគម និងសហគមន៍មូលដ្ឋាន បានព្យាយាមប្រារព្ធទិវាបរិស្ថាននេះ ក្នុងគោលដៅស្នើសុំ និងអំពាវនាវឱ្យអាជ្ញាធររដ្ឋ មានឆន្ទៈឡើងវិញ និងធ្វើការសហការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬតំបន់ដែលរងផលប៉ះពាល់ទាំងម្ដងក្នុងការការពារធនធានធម្មជាតិដែលនៅសេសសល់។
លោក កើត សារ៉ាយ បានថ្លែងថា៖ «យើងមើលឃើញថា អាជ្ញាធររដ្ឋ មិនមានការប្ដេជ្ញាខ្ពស់ក្នុងការការពារព្រៃឈើទេ តែមានតែការកាប់បំផ្លាញ។ ដូច្នេះបានជាយើងប្រារព្ធទិវាបរិស្ថាននេះឡើង ដើម្បីអំពាវនាវឱ្យអាជ្ញាធររដ្ឋមានឆន្ទៈឡើងវិញ និងសហការជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារធនធានធម្មជាតិរបស់យើង»។
ជុំវិញរឿងនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក នាថ្ងៃទី៥ ខែមិថុនា ជាទិវាសម្រាប់មនុស្សទាំងអស់គ្នា ក្នុងពិភពលោក ដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះភពផែនដី និងការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថានភពផែនដី។
លោកបញ្ជាក់ថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំទិវានេះជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះ ក្រសួងនឹងប្រារព្ធទិវានេះឡើងក្រោមប្រធានបទ «ការស្តារឡើងវិញ នៃប្រព័ន្ធអេកូឡូស៊ី និងសន្សំសំចៃក្នុងការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានសូមស្វាគមន៍រាល់សកម្មភាពនៃការចូលរួមប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិដោយភាពស្មោះត្រង់ និងមិនឆ្លៀតយកឱកាសនេះ ដើម្បីបម្រើរបៀបវារៈនយោបាយជ្រកក្រោមស្លាកបរិស្ថាននោះទេ»។
អ្នកនាំពាក្យក្រសួងបរិស្ថានបន្តថា កន្លងមក សមាគម និងអង្គការសង្គមស៊ីវិល និងចលនាខ្លះមិនបានចុះបញ្ជីស្របតាមនីតិវិធីច្បាប់ និងគ្មាននីតិសម្បទាគ្រប់គ្រាន់ ជាអង្គការសង្គមស៊ីវិល ហើយធ្វើការងារតាមការកំណត់របៀបវារៈនយោបាយដែលដាក់ចុះដោយជនបរទេស និងអ្នកនយោបាយប្រឆាំង។
សកម្មភាពទាំងនេះ លោក នេត្រ ភក្ត្រា ថា ជាសកម្មភាពនៃការស្រឡាញ់បរិស្ថានក្លែងក្លាយ និងបានប្រើឆត្របរិស្ថានជាលេស ដើម្បីបង្កើតចលាចលសង្គម ញុះញង់និងធ្វើវិទ្ធង្សនាប្រឆាំងនឹងការអភិវឌ្ឍកម្ពុជាពីព្រោះសកម្មភាពទាំងនេះ សង្គមមិនស្វាគមន៍នោះទេ ហើយក៏ត្រូវប្រឈមនឹងមុខច្បាប់ផងដែរ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «មានភ័ស្តុតាងបញ្ជាក់ហើយថា ការធ្វើសកម្មភាពជ្រកក្រោមបរិស្ថាន និងធនធានធម្មជាតិ សកម្មភាពជាមួយកសិករ គឺស្ថិតក្រោមការចង្អុលបង្ហាញដោយជនបរទេស និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់ បង្កចលាចលធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្តុំមនុស្សក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល»៕