ស្ទឹងត្រែងៈ កម្ពុជា ថៃ ឡាវ វៀតណាម និង​អង្គការ​សហ​ប្រជាជាតិ ​(UN) បាន​បំពេញ​ទស្សនកិច្ច​រួមគ្នា​រយៈពេល​ ៥ ​ថ្ងៃ​នៅតាម​តំបន់​ព្រំដែន​ថៃ ឡាវ កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់ និង​វាយតម្លៃ​អំពី​ស្ថានភាព​នៃ​ការ​ចរាចរ និង​ជួញដូរ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ពី​តំបន់​ត្រី​កោណ​មាស​ឆ្លងកាត់​ព្រំដែន​ចូលទៅ​កាន់​ប្រទេស​ក្នុង​តំបន់​។​


​តំបន់ត្រីកោណមាស ជា​តំបន់​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ ឡាវ និង​មី​យ៉ាន់​ម៉ា​។ ដំណើរ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី​ ២២-២៦ ខែឧសភា​តាម​តំបន់​ព្រំដែន​នៃ ​៣ ​ប្រទេស​នេះ​បានចាប់ផ្តើម​ពី​ខេត្ត​អ៊ូ​ប៊ុន​រាជធានី ប្រទេស​ថៃ​ បន្តទៅ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ និង​បញ្ចប់​នៅ​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា​។ គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក Jeremy Douglas ប្រធាន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ (UNODC) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក មាន​សមាសភាព​ចូលរួម​ពី​តំណាង​ស្ថាប័ន​ត្រួត​ពិនិត្យ​គ្រឿងញៀន​នៃ​ប្រទេស ចំនួន ​៤ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និង​ក្រុមការងារ​របស់ UNODC សរុប​ចំនួន​ ២៣ ​នាក់​។​

​លោក​ នាក់ យុ​ទ្ធា អគ្គលេខា​ធិ​ការរង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កម្ពុជា ​(NACD) បាន​ដឹក​នាំ​ក្រុមការងារ​ចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ​។​


​របាយការណ៍ NACD បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ គណៈប្រតិភូ​បាន​ជួបប្រជុំ​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​គ្រឿង​ញៀន​តំបន់​ ៣​ របស់​ប្រទេស​ថៃ ដែលមាន​ទីស្នាក់ការ​នៅ​ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ថា​នី ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​នៃ​ការ​ចរាចរ ជួញដូរ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​។​

​របាយការណ៍​លើកឡើងថា​៖ «​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ថៃ ឡាវ និង​កម្ពុជា គណៈប្រតិភូ​បាន​បន្ត​ជួបប្រជុំ​ជាមួយ​អង្គភាព​គយ​ច្រក​ទ្វារ​ព្រំដែន Chong Mak ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ថា​នី ប្រទេស​ថៃ និង​អង្គភាព​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំ​ដែន​នៃ​ប្រទេស​ឡាវ និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ត្រពាំង​ក្រៀល ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ភារកិច្ច​របស់​អង្គភាព​បម្រើ​​ការ​នៅតាម​បន្ទាត់​ព្រំដែន ក្នុង​ការចូល​រួមសហកា​រ​ត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាប​ការ​ចរាចរ​ជួញ​​ដូរ​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​»​។​


​របាយការណ៍​បន្តថា​៖ «​គណៈ​​ប្រតិភូ​ក៏បាន​បន្តដំណើរ​ទស្សន​កិច្ច​តាម​បណ្តា​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​អន្តរជាតិ (BLO) ថៃ​-​កម្ពុជា ថៃ​-​ឡាវ កម្ពុជា​-​ឡាវ និង​តំបន់​ព្រំដែន​ដែលមាន​បញ្ហា​ប្រឈម​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​លួចលាក់​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​»​។​

​របាយការណ៍​បញ្ជាក់ថា គណៈ​ប្រតិភូ​បាន​ជួបប្រជុំ​ជាមួយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង និង​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​នៃ​ការ​ចរាចរ ជួញ​ដូរ​គ្រឿងញៀន សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ឡាវ និង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្ទឹង​ត្រែង​ទាំងមូល​។​

​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួបប្រជុំគ្នា​ដើម្បី​បូកសរុប និង​វាយតម្លៃ​អំពី​លទ្ធ​​ផល​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ថ្ងៃទី​ ២៦ ខែឧសភា​នៅ​សណ្ឋាគារ Sunway រាជធានី​ភ្នំពេញ​។​

​លោក មាស វិ​រិ​ទ្ធ អគ្គលេខា​ធិ​ការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ នា​ថ្ងៃទី ​២៨ ខែឧសភា​។​

​លោក Jeremy Douglas បាន​សរសេរ​នៅលើ​បណ្តាញ Twitter នា​ថ្ងៃទី ​២៥ ខែឧសភា ថា ដំណើរ​ទស្សនកិច្ច​នេះ​ចាប់​ផ្តើម​នៅ​ប្រទេស​ឡាវ និង​បញ្ចប់​នៅ​កម្ពុជា​។ ការ​ល្បាត​ជាប្រចាំ​ដោយ​បុគ្គលិក BLO កំពុង​ទប់​ស្កាត់​អ្នកជួញដូរ និង​អ្នករត់ពន្ធ​គ្រឿងញៀន និង​សត្វព្រៃ​។​

​លោក​បានសរសេរថា​៖ «​សូម​អរគុណ​ដល់​អាជ្ញាធរ​ទាំង ​២ សម្រាប់​ការ​ផ្តល់ព័ត៌មាន​»៕