​ភ្នំពេញៈ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សាធារណរដ្ឋ​ឥណ្ឌា​ជា​ផ្លូវការ​រយៈពេល​ ៣ ​ថ្ងៃ គឺ​ពី​ថ្ងៃទី​ ២៩​ ដល់​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​ ២០២៣​។ ព្រះរាជទស្សនកិច្ច​នេះ ​គឺធ្វើឡើង​តប​តាម​ការ​សូម​យាង​របស់លោក​ស្រី​ប្រ​ធានា​ធិបតី​ឥណ្ឌា ស្របពេល​ប្រទេស​ទាំង ​២ ​កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។​


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​​អន្តរជាតិ ឱ្យដឹងថា អំឡុងពេល​នៃ​ព្រះរាជ​​ទស្សនកិច្ច​នេះ លោកស្រី ដ្រាផា​ឌី មួរ​មូ ប្រធានាធិបតី និង​លោក ណារិនដ្រា ម៉ូ​ឌី នាយករដ្ឋមន្ដ្រី​នៃ​សាធារណរដ្ឋ​ឥណ្ឌា នឹង​ទទួល​រៀបចំ​ព្រះ​រាជពិធី​សវនាការ​ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ផងដែរ រួម​នឹង​កម្មវិធី​មួយចំនួនទៀត​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា កត់សម្គាល់ថា ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​នៅ​សាធារណរដ្ឋ​ឥណ្ឌា​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ ក្នុង​ទំនាក់ទំនង​ដ៏​យូរ​​អង្វែង រវាង​ប្រទេស​ទាំង​​ ២ ​​ព្រមទាំង​រួមចំណែក​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដ៏​ប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ដែល​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​បេតិកភណ្ឌ​​វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ​រួម ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង ​២​។​


​ជុំវិញ​ការយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា របស់​ព្រះមហាក្សត្រ​នាពេលនេះ លោក​ គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​​ជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ព្រះរាជទស្សនកិច្ច​នេះ​នឹង​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ឥណ្ឌា ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ខណៈ​ឥណ្ឌា​ក៏​ជា​ប្រទេស​មហាអំណាច​មួយ ដែលមាន​ឧស្សាហកម្ម​រីកចម្រើន មាន​ប្រជាជន​ច្រើន និង​មាន​កងទ័ព​ច្រើន​ទៀតផង​។​

​លោក​បន្តថា​៖ «​ការ​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា​-​ឥណ្ឌា នឹង​ធ្វើឱ្យ​រីកចម្រើន​លើ​វិស័យ​ការទូត វិស័យ​ពាណិជ្ជកម្ម ការរីក​ចម្រើន​ឥទ្ធិពល​លើ​ភូមិសាស្ត្រ​នយោបាយ ដែល​យើង​ដឹងថា កន្លងមក​ឥណ្ឌា​បាន​ផលិត​នូវ​ផលិតផល​ឧស្សាហកម្ម​ជាច្រើន​ហើយ​ត្រូវបាន​នាំមក​ប្រទេស​កម្ពុជា​»​។ លោក​ថា​៖ «​ក្នុងនោះ​មានដូចជា ម៉ូតូ​កង់​ ៣ ​ឥណ្ឌា ថ្នាំ​​ពេទ្យ និង​បច្ចេកវិទ្យា និង​សេវាកម្ម​ផ្សេងៗ ខណៈ​កម្ពុជា​ក៏បាន​នាំចូល​ផលិតផល​សាច់​សត្វ​មួយចំនួន ដូចជា សាច់គោ និង​សាច់​ក្របី​ជាដើម​។ អ៊ីចឹង​ទាំងនេះ​គឺជា​ការបំពេញ​តម្រូវកា​រ​រវាង​គ្នា​ទៅវិញទៅមក និង​រួម​ចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រជាជន​ស្ទុះ​ឡើង​»​។​


​លើសពីនេះ លោក​ក៏បាន​អះអាង​ដែរ​ថា ខណៈ​កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​ជា​ច្រើន​ទៅកាន់​ប្រទេស​ឥណ្ឌា ដូចជា ឧស្សា​ហ​កម្ម​កាត់ដេរ កង់ និង​ឧស្សាហកម្ម​គ្រឿង​អេឡិចត្រូនិក​មួយចំនួន ហេតុនេះ កម្ពុជា នឹង​អាច​ក្លាយជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ឥណ្ឌា​នាពេល​អនាគត ព្រោះ​ឥណ្ឌា​មាន​ប្រជាជន​ច្រើន​រហូត​ជាង ១ ២០០​ លាន​នាក់​។​

​សូមបញ្ជាក់ថា ឥណ្ឌាជា​ប្រទេសមួយដែលមាន​វប្បធម៌​អរិយធម៌​ប្រពៃណី ផ្សព្វផ្សាយ​ស្ទើរ​គ្រប់ទិសទី​ទូទាំង​ពិភពលោក​។ ក្នុងនោះ​កម្ពុជា និង​ឥណ្ឌា​មាន​វប្បធម៌​ជាប់​ពាក់ព័ន្ធ​ជាមួយគ្នា ដែលមាន​ប្រវត្តិ​ដ៏​យូរលង់​មកហើយ ហើយ​បច្ចុប្បន្ននេះ​ឥណ្ឌា ជា​មហា​ប្រទេស​នៅ​អាស៊ី​ខាងត្បូង មានការ​រីកចម្រើន​លឿន​ឆាប់រហ័ស​ទាំង​សេដ្ឋកិច្ច បច្ចេកវិទ្យា និង​យោធា​ផងដែរ​។​

​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២៣​ ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​បាន​កើន​ឡើងដល់​ជិត ៣០០ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ២០២២ ​ក្នុងនោះ ការ​នាំចូល​ផលិតផល​ពី​ឥណ្ឌា​មក​កម្ពុជា មាន​រហូតដល់​ទៅជា​ង​ ១៩០​ លាន​ដុល្លារ​អាមេរិក​។​

​ស្ថានទូត​ឥណ្ឌា​បញ្ជាក់ថា ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា និង​ឥណ្ឌា​នៅ​ឆ្នាំ ​២០២២ មានតម្លៃ​ចំនួន ​២៨៩ ​លាន​ដុល្លារ​អាមេរិក មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​តម្លៃ​ចំនួន ២៤០​ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ស្ថានទូត​ឥណ្ឌា ក៏បាន​បង្ហាញ​ក្តី​សង្ឃឹម​ដែរ​ថា ក្នុង​ឆ្នាំ ​២០២៣ ​នេះ ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា និង​ឥណ្ឌា នឹង​បន្ត​កើន​​ឡើងជា​បន្តបន្ទាប់​ទៀត ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឥណ្ឌា ​៥០​ កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោតទៅលើ​វិស័យ​អចលនទ្រព្យ ឱសថ ព័ត៌មានវិទ្យា ម៉ូតូ​កង់​ ៣ ​ឥណ្ឌា និង​ការជីក​រក​រ៉ែ​មាស ជាដើម​៕