ភ្នំពេញៈ អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​តំបន់ (WHO) បានសម្រេច​ផ្តល់​ពានរង្វាន់​ប្រចាំឆ្នាំ ២០២៣ «​ពានរង្វាន់​ទិវា​ពិភព​លោក​គ្មាន​ថ្នាំជក់​» ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងនាម​ជា​ស្ថាប័ន​ដែលមាន​ភាព​សកម្ម​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់​ថ្នាំជក់​។​


​លោក ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ថ្លែងថា ពានរង្វាន់​នេះ គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ក្រសួង​អប់រំ​ដែល​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​ការលើក​​កម្ពស់​ការហាមឃាត់​ការប្រើប្រាស់​ការផលិត​ផលិតផល​ថ្នាំជក់​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុងប្រទេស​កម្ពុជា​នាពេល​កន្លងមក​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​បន្តថា​៖ «​មុននឹង​ក្រសួង​បានទទួល​នូវ​ពានរង្វាន់​នេះ ក្រសួង​អប់រំ បាន​យកចិត្តទុកដាក់ និង​សកម្ម​លើ​បញ្ហា​ទាំងអស់នោះ ដោយ​បានចេញ​សេចក្ដីណែនាំជាច្រើន​។ ក្រសួង​សូម​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​លើកទឹកចិត្ត និង​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​សុខភាព​រប​ស់​អ្នក​​សិក្សា និង​ភាគី​ពាក់ព័ន្ធ​តាមរយ​:​គ្រប់​រូបភាព​»​។


​ក្រសួង​អប់រំបានចេញ​នូវ​សេចក្តីណែនាំ​ដោយ​មិនឱ្យ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ ​និង​ឯក​ជន ចាប់​ដៃគូ​សហការ​ជាមួយ​ឧស្សាហករ​ថ្នាំជក់ ទទួល​ការឧបត្ថម្ភ​គាំទ្រ ឬ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ឧស្សាហករ​ថ្នាំជក់ ផ្ដល់​ទីកន្លែង ឬ​ទីធ្លា​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ​និង​ឯក​ជន សម្រាប់​រៀបចំ​កម្មវិធី​ផ្សព្វ​​ផ្សាយ ឬ​ពិព័រណ៍​ដែលជា​កម្មវិធី​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ត្រូវ​ចូលរួម​លុបបំបាត់​សកម្មភាព​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​តាម​គ្រប់​រូបភាព​។

​លោក ​រស់ សុ​វាចា បញ្ជាក់ថា​៖ «​ក្រសួង​ក៏​កំពុង​បន្ត​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង ដោយបាន​សហការ​ជា​មួយ​ដៃគូ​ការងារ​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់ និង​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​-​កាត់បន្ថយ​គ្រោះថ្នាក់​បណ្ដាលមកពី​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​គ្រឿង​ស្រវឹង​»​។​


​ជុំវិញ​រឿងនេះ លោក មុំ គង់ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ក្រសួង​អប់រំ​ពិតជា​ស័ក្តិសម​ក្នុងការ​ទទួលបាន​ពានរង្វាន់​ពី​អង្គការ​សុខភាព​ពិភពលោក​ខ្លាំងណាស់ ពីព្រោះ​កន្លងមក​ក្រសួង​នេះ​បានធ្វើ​កិច្ចការងារ​ជាច្រើន ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​បង្ការ ចំពោះ​កុមារ និង​យុវជន កុំឱ្យ​ចាប់ផ្ដើម​ជក់បារី​។ លោក មុំ គង់ ថ្លែងថា​៖«​យើង​ដឹង​ហើយ​ថា នៅពេល​ក្រុមហ៊ុន​ថ្នាំជក់​គាត់​មាន​សកម្មភាព​អ្វីមួយ​ជាមួយ​សា​លា​រៀន គឺ​គាត់​មាន​គោលបំណង​តែមួយគត់ គឺ​ធ្វើយ៉ាងណា​ឱ្យ​ម៉ាក​បារី​របស់គាត់ ត្រូវបាន​ស្គាល់​ដោយ​សិស្សសាលា ហើយ​បន្ទាប់មក​សិស្សសាលា​ទាំងអស់នោះ នឹង​ក្លាយជា​អតិថិជន​របស់គាត់​»​។​

​នៅក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ២០២៣ នា​ថ្ងៃទី​ ២៩ ខែឧសភា​ក្រោម​ប្រធានបទ​ «​យើង​ត្រូវការ​អាហារ មិនមែន​ថ្នាំជក់​» លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ថ្លែងថា ការទទួលបាន​នូវ​ពានរង្វាន់​នេះ ពិតជាបាន​ឆ្លុះបញ្ចាំង និង​ឈរលើ​មូលដ្ឋាន​នៃ​សមិទ្ធផល​សំខាន់ៗ ដែល​ក្រសួង​អប់រំ បាន​ចូលរួម​ចំណែក​ជា​បន្តបន្ទាប់​ក្នុង​ការបង្ការ​ទប់ស្កាត់​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ក្នុង​វិស័យ​អប់រំ​។ កិច្ចការ​សំខាន់​មួយ​នៃ​កិច្ច​ការសំខាន់ៗ​ជាច្រើន​ដែល​ក្រសួង​បាន​ចូល​​រួមចំណែក​ទប់ស្កាត់​ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​គឺ​នៅ​ឆ្នាំ​ ២០២៣​ នេះ​ក្រសួង​បានអនុម័ត​ការបពុម្ព​សៀវភៅ​សិក្សា​គោល​មុខវិជ្ជា​អប់រំ​សុខភាព​សម្រាប់​គ្រូ​និង​សិស្ស​ថ្នាក់​ទី​១ ទី​៤ ទី​៧ និង​ទី​១០ ព្រមទាំង​ចែក​ផ្សាយ​ជា​ជំហាន​ដំបូង​នៅ​ទូទាំងប្រទេស​។​

​លោក ហង់​ជួន ណា​រ៉ុ​ន ថ្លែងថា​៖ «​ពានរង្វាន់​ដែល​ក្រសួង​បានទទួល​នាពេលនេះ​ពិតជា​កម្លាំង​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់ថ្នាក់ បុគ្គលិក​អប់រំ​និង​អ្នកសិក្សា​ទូទាំងប្រទេស ឱ្យ​ខិតខំ​បំពេញបេសកកម្ម​បន្ថែមទៀត ក្នុងការ​ចូលរួម​ថែរក្សា​និង​ពង្រឹង​សមិទ្ធផល​នាពេល​កន្លងមក​ប្រកបដោយ​ភាពស្វាហាប់​»​។​

​ថ្នាំជក់​ជា​ហានិភ័យ​នៃ​ជំងឺមិនឆ្លង​នានា​ដូចជា ជំងឺមហារីក​ជំងឺ​សរសៃឈាម និង​បេះដូង ជំងឺ​សួត ប៉ះពាល់​ដល់​សរីរាង្គ​ទាំងអស់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច បរិ​ស្ថាន និង​សង្គម​។ ការស្រាវជ្រាវ របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា កសិករ​ថ្នាំជក់​ដែល​ដាំ​ដុះ និង​ប្រមូល​ផល​ថ្នាំជក់​អាច​ស្រូប​យកជាតិ នីកូទីន​ស្មើនឹង ៥០​ បារី​ជា​រៀងរាល់ថ្ងៃ​។

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ការអង្កេត​ថ្នាក់ជាតិ​លើ​មនុស្សពេញវ័យ​ស្ដីពី​ថ្នាំជក់ ឆ្នាំ​២០២១ បាន​បង្ហាញថា ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា មានការ​ថយចុះ​។ អត្រា​ប្រេ​វ៉ាឡង់​ការជក់​ថ្នាំជក់​ក្នុងចំណោម មនុស្សពេញវ័យ​អាយុ ១៥ ​ឆ្នាំ​ឡើង មានការ​ថយចុះ​ពី ១៧% ក្នុង​ឆ្នាំ​ ២០១៤ មក​ត្រឹម ១៥%​ ក្នុង​ឆ្នាំ ​២០២១​ និង​អត្រា ប្រេ​វ៉ាឡង់​ការជក់បារី​ក៏មាន​ការថយចុះ​ពី ១៧% ក្នុង​ឆ្នាំ​ ២០១៤ មក​ត្រឹម ១៣% ក្នុង​ឆ្នាំ​ ២០២១​។

​អត្រា​ប្រេ​វ៉ាឡង់​ការប្រើប្រាស់​ថ្នាំជក់​ក្នុងចំណោម​យុវវ័យ​អាយុ ១៣-១៥ ​ឆ្នាំ​ឡើង មានការ​ថយ​ចុះ​ពី ៦,៣% ក្នុង​ឆ្នាំ​ ២០១០ មក​ត្រឹម​ ២,៤%​ ក្នុង​ឆ្នាំ ២០១៦៕