ភ្នំពេញៈ​ ថវិកា​សរុប​ជាង​ ១៣​ លាន​ដុល្លារ​អាមេរិក ​ត្រូវ​បាន​សប្បុរស​ជន​រួមទាំង​ព្រះ​មហា​ក្សត្រ​ខ្មែរ និង​ព្រះ​មហា​ក្សត្រី​ព្រះ​មាតា​ជាតិ​ខ្មែរ ​ចូល​រួម​បរិច្ចាគ​​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ក្នុងឱកាស​ខួប​លើក​ទី​១៦០​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​និង​អឌ្ឍ​ចន្ទ​ក្រហម​ ៨ ​ឧសភា ឆ្នាំ​ ២០២៣​។​


​យោង​តាម​លិខិត​ថ្លែងអំ​ណរគុ​ណ​របស់លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជាចុះ​ថ្ងៃទី​២៩ ខែ​ឧសភា ​បាន​ឱ្យដឹង​ថា ឱកាស​ខួប​លើក​ទី​១៦០ ទិវា​ពិភពលោ​ក​កាក​បាទ​ក្រហម ​និង​អឌ្ឍច​ន្ទ​ក្រហម៨ ឧសភា​ ២០២៣​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានប​ទ​«​រួមគ្នា​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា​ ដើម្បី​បរិ​យាប័ន្ន​សង្គម​»​។​

​លោក​ស្រី​ បាន​បញ្ជាក់​​ថា៖ «​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ សូម​ក្រា​បបង្គំ​ថ្វាយ​អំណ​រព្រះរាជ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះ​ព្រះ​ករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរមនា​ថ នរោត្តម ​សីហមុនី និង​សម្តេច​ព្រះ​មហា​ក្សត្រី ​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ រួម​នឹង​សប្បុ​រស​ជន​គ្រប់​មជ្ឈ​ដ្ឋាន ​ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​ដល់​កាក​បាទ​ក្រហ​មកម្ពុជា ​ក្នុង​ឱកាស​ខួប​លើក​ទី​១៦០​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម៨ ​ឧសភា ​២០២៣»​។​


​លោក​ស្រី ប៊ុ​ន រ៉ានី ហ៊ុនសែ​ន បាន​បន្តថា​ ៖ «​គិត​មក​ថ្ងៃនេះ ​មាន​ស​ប្បុរសជន​សរុប​ចំនួន ៩៩៧​អង្គ​/​នាក់ បាន​ធ្វើ​ការ​បរិច្ចាគ​ថវិកា​សរុប​ចំនួន ​១៣ ​៨១៨​ ៥៩២​ដុល្លារ​អា​មេរិក​មក​កាក​បាទ​ក្រហម​កម្ពុជា​»​។​

​ក្នុង​នោះ​ដែរ កា​ក​បាទ​ក្រហម​កម្ពុជាក៏​ទទួល​បាន​រថយន្ត ​Pick Up ម៉ាក Ford Ranger XLS ឆ្នាំ​២០២២ ពណ៌​ស១​គ្រឿង​, រថយន្ត​ម៉ាក HYUNDAI VIP ៧​កៅអី ​ឆ្នាំ​២០២៣ ​ចំនួន១​គ្រឿង​, រថយន្ត​ដឹកជ​ញ្ជូន​ចំណុះ ២,៥​តោន​ ម៉ាក ISUZU ឆ្នាំ​២០២៣ ចំនួន​​១​គ្រឿង​,ម៉ូតូ​អគ្គិ​សនី១០​គ្រឿង និង​មួក​សុវត្ថិភាព​ចំនួន​៥០០ ថែម​ទៀត​។​


​ជា​មួយ​នឹង​ថវិកា​ទាំង​នេះ ​លោកស្រី ប៊ុន រ៉ានី បាន​បញ្ជាក់​ថា ​កាក​បាទក្រហ​មកម្ពុ​ជា​នឹង​ចាត់​ចែង​ប្រើ​ប្រាស់​មូល​និធិ និង​សម្ភារ​ដែល​ទទួល​បាន​ពី​សប្បុ​រស​ជននេះជួយដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ​បំផុត​ ប្រកប​ដោយ​តម្លា​ភាព​។​

​លោក​ស្រី​បញ្ជាក់​ថា​៖ «​កាក​បាទ​ក្រហម​កម្ពុជា ​នឹង​ចាត់​ចែង​ប្រើប្រាស់​មូល​និធិ ​និង​សម្ភារ​ដែល​ទទួល​បាន​ពី​សប្បុ​រស​ជន ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ដល់​ប្រជា​ពលរដ្ឋ​រងគ្រោះ ​និង​ងាយ​រងគ្រោះ​បំផុត​ ប្រកប​ដោយ​តម្លា​ភាព​និង​គណ​នេយ្យ​ភាព​»​។​

​កាក​បាទ​ក្រហម​កម្ពុជា​ក៏បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុះ​មុត​ក្នុងការ​រួម​ចំណែកលើក​កម្ពស់​បរិ​យាប័​ន្ន​សង្គម​ដែល​មនុស្ស​គ្រប់ៗ​រូប ត្រូវ​បាន​ទទួល​ការ​គោរព កា​រទទួល​ស្គាល់​ពី​សង្គម ​ការផ្តល់​អំណាច​ និង​ផ្តល់​ឱកាស​ចូល​រួម​ការ​ងារ​សង្គម ​និង​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ទុក​ចោល​ទ្បើយ​។​

​ជុំវិញ​រឿង​នេះ ​លោក ឌី រ៉ា​ដូ អភិ​បាល​រង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ បាន​​ឱ្យដឹង​ថា ​ទីណា​ដែល​មាន​ការ​លំបាកមាន​ទុក្ខ គឺ​កាក​បាទ​ក្រហម​កម្ពុជា​តែង​តែ​ចុះ​ទៅ​ជួយដោយ​មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​ឬក៏​រើស​អើង​​ឡើយ​។

​លោក​បាន​ថ្លែង​ថា​៖ «​កាក​បាទ​ក្រហម​ ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយសា​រតែ​បាន​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ធម្ម​ជាតិ ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​។ អ៊ីចឹង​! វា​ជា​ចំណែក​មួយ​ក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិ​បាល ក៏ដូច​ជា​អាជ្ញា​ធរ​នៅក្នុង​មូល​ដ្ឋានក្នុង​ជួយ​សម្រាក​បន្ទុក​របស់​ប្រជាព​លរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​»​។​

​ជា​មួយ​គ្នា​នោះ ​លោក ​ឌី រ៉ា​ដូ ក៏បាន​អំពាវ​នាវ​ឱ្យ​សប្បុរ​ស​ជន​ដែល​មាន​លទ្ធ​ភាព​គួរ​ចូលរួម​បរិច្ចាគ​ទៅ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ជា​បន្ត​ទៅទៀ​ត ដើម្បី​ឱ្យ​ក្រុម​ការងារ​ចុះជួយ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​កាន់តែ​ទូលាយ ​និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​ផង​ដែរ​។​

​ចំណែក ​លោក ​យង់ គិ​ម​អេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​អភិវ​ឌ្ឍន៍ និង​សន្តិភា​ព បានឱ្យ​ដឹង​ដែរ​ថា នៅ​គ្រប់​ប្រទេស​ទាំង​អស់ មិន​ថា​ប្រទេស​ណា​​ទេ កា​កបាទ​ក្រហមបាន​ដើរតួ​នាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋដោយ​គ្មាន​ការ​រើស​អើង គ្មាន​ការ​ប្រកាន់​ទិន្នា​ការ​នយោ​បាយ​ឡើយ។

​លោក​បាន​បន្ត​ថា៖ «​សម្រាប់​ប្រទេស​កម្ពុជា កាក​បាទ​ក្រហម បាន​ចូល​រួមចំណែក​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​ផង​ដែរ​ ជាពិ​សេស​ក៏បាន​រួម​ចំណែក​ជួយ​ផ្សព្វ​ផ្សាយ​​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យមាន​ការ​យល់ដឹង​ពី​សុវត្ថិ

ភាព​ចរា​ចរណ៍ និង​ការជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ពេល​មាន​ទឹក​ជំនន់ និង​បញ្ហា​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ​ ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា​ក៏​នៅ​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ថា​ការចុះ​ជួយ​មានការ​រើស​អើង ​ប្រកាន់​បក្ខ​ពួក​ជាដើម​ តែ​ជារួម​យើង​មើល​ឃើញ​សកម្ម​ភាព​របស់​កាក​បាទ​ក្រហម​ បានធ្វើ​កិច្ច​ការងារ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​»៕