ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ បានប្រកាស​ប​ដិ​សេធ​ទាំងស្រុង​ចំពោះ​ការ​អត្ថា​ធិ​ប្បាយ​របស់​អ្នករាយការណ៍​ពិសេស​មួយចំនួន​ថា បង្កឱ្យមាន​ការយល់ច្រឡំ ដែល​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​និង​ជ្រើសរើស​តែ​ ១​ ជ្រុង ពាក់ព័ន្ធ​នឹង​បរិយាកាស​បោះឆ្នោត​នៅមុន ការបោះឆ្នោត​សកល​ដែល​នឹង​មកដល់​នា​ខែកក្កដា ខាងមុខនេះ​។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ថ្ងៃទី​ ២៩ ខែឧសភា បាន​បំភ្លឺថា ការ​ចោទ​ប្រកាន់​ថា គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​សង្កត់ធ្ងន់​លើ​ទម្រង់​បែប​បទ​ដែល​ហាក់ដូចជា​មានការ​រើសអើង​ចំពោះ​គណបក្ស​ន​យោ​បាយ​សំខាន់​មួយ ឬ​ច្រើន​ក្នុងប្រទេស​កម្ពុជា ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម គឺជា​ការ​ចោទប្រកាន់​មិន​សម​ហេតុផល​នោះឡើយ​។

​ប្រភព​ដដែល​នេះ​បន្តថា ដើម្បី​រៀបចំ​ការបោះឆ្នោត​មួយ​ប្រកបដោយ​សេរី ត្រឹមត្រូវ​យុត្តិធម៌ និង​តម្លាភាព គ​.​ជ​.​ប បាននិងកំពុង​ប្រើ​​ប្រាស់​ស្ដង់ដា​តែមួយ​សម្រាប់​គ្រប់​គណបក្ស​ទាំង​អស់​។ ការអនុវត្ត​ផ្សេង​ពីនេះ​ត្រូវបាន​ចាត់ទុកថា ជាការ​អនុវត្ត​ស្តង់ដា ​២​។ សេចក្តីប្រកាស​ព័ត៌មាន លើកឡើងថា ៖ «​គណបក្ស​ភ្លើងទៀន មិនមែនជា​គណបក្ស​តែមួយ​ទេ ដែល​បាន​ខកខាន​ក្នុងការ​ចុះបញ្ជី ដោយសារ​កំហុស​របស់​ខ្លួន ហើយ​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ជា​គណបក្សនយោបាយ​មួយទៀត ដែល​ពុំបាន​បំពេញ​កាតព្វកិច្ច​ដាក់​ឯកសារ​ដូចគ្នា ប៉ុន្តែ​គណបក្ស​នេះ​បានប្រកាស​ទទួលយក​ដោយ​សុ​ឆន្ទៈ​នូវ​សេចក្តីសម្រេច​របស់​អា​​ជ្ញា​ធរ​ពាក់ព័ន្ធ​»​។


​ស្ថាន​បេសកកម្ម​បញ្ជាក់ទៀតថា ការប្ដេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ចំពោះ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​តែ​ឥត​ងាករេ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​បន្តថា​៖ «​អវត្តមាន​នៃ​គណ បក្សនយោបាយ ២ ពី​ដំណើរការ​បោះឆ្នោត ដោយសារតែ​ការមិន​គោរព​ច្បាប់​មិន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សេរីនិយម ពហុ​និយម និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ក​ម្ពុ​ជា​ឡើយ​»​។

​ដោយឡែក ការអំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​ «​បុគ្គល​ល្មើសច្បាប់​»​ ដទៃទៀត​ជាបន្ទាន់​ត្រូវបាន​ស្ថាន​បេសកកម្ម​កម្ពុជា​លើកឡើង​ដែរ​ថា ជាស​កម្ម​ភាពមិន​ត្រឹមត្រូវ​ទាល់តែសោះ​។ បទល្មើស​គឺជា​បទ​​ល្មើស​ហើយ​វា​មិនអាច​ត្រូវបាន​ប្រើ​ជា​ទឡ្ហី​ករ​ណ៍​សម្រាប់​គោលបំណង​ណាមួយ​ឡើយ​។


​សេចក្តីប្រកាស​ព័ត៌មាន​បាន​សង្កត់ធ្ងន់​ថា​៖ «​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស គឺ​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​មិនមែន​ដើម្បី​ជំរុញ​ការប្រព្រឹត្ត​ខុស​របស់​មនុស្ស​នោះទេ​។ វា​ជាការ​ចាំបាច់​ណាស់ដែ​លអ្ន​ក​​រាយការណ៍​ពិសេស​ត្រូវអនុវត្ត​មុខងារ​របស់ខ្លួន ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ក្រម​សីល​ធម៌​នៃ​នីតិវិធី​ពិសេស ដែល​គូសបញ្ជាក់​ពីសារ​:​សំខាន់​នៃ​ការ​សំអាង​ទៅលើ​អង្គហេតុ​​ការសង្កេត​ច្បាប់​ជាតិ និង​ធម្មនុញ្ញ​អង្គការសហ ប្រជាជាតិ​ព្រមទាំង​ការចៀសវាង​ការ​​ធ្វើ​ន​យោ​បា​យូ​ប​នី​កម្ម និង​ការជ្រើសរើស​តែ ​១ ​ជ្រុង​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ការបោះឆ្នោត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែឧសភា ថា ការលើកឡើង​របស់លោក​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា​ឡើយ​។ លោក​ថា អ្នករាយការណ៍​ពិសេស គួរ​តែ​លើកទឹកចិត្ត និង​កោតសរសើរ ដល់ គជប ដែល​បាន​អនុវត្ត​ច្បាប់​បាន​យ៉ាង​ត្រឹមត្រូវ​។

​លោក​ថា​៖ «​ការសម្រេច​បដិសេធ​មិន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ធ្វើឡើង​ទៅតាម​ច្បាប់បោះឆ្នោត​ហើយ​មកដល់​ដំណាក់កាល​នេះ គណបក្ស​នេះ​មិនអាច​មានលទ្ធភាព​ក្នុងការ​ចូលរួម​បោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខនេះ​ទេ ដែល​នេះ ជា​កំហុស​របស់​គណបក្ស​ខ្លួនឯង​តែប៉ុណ្ណោះ​»​។

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​ ៣០ ខែឧសភា គណបក្ស​ភ្លើងទៀន បានចេញ​សេចក្តី​ប្រកាសថា គណបក្ស​បាន​ខិតខំ​ប្រឹងប្រែង​តាម​គ្រប់​មធ្យោបាយ និង​អស់ពី​លទ្ធភាព ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ដែល​ផ្ទុយ​ពី​ការចោទប្រកាន់ថា គណបក្ស​ពុំមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការចូល​​រួមការ​បោះឆ្នោត ហើយ​មាន​ឧបាយកល​ធ្វើឱ្យ​បរទេស​ដាក់​ការគាបសង្កត់​លើ​រាជរដ្ឋាភិបាល ឬ​បង្កចលាចល​ក្នុងប្រទេស​កម្ពុជា​។

​គណបក្ស​ភ្លើងទៀន​ថា​៖ «​គណបក្ស​នៅតែ​រក្សា​ជំហរ និង​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​ចូលរួម​ការបោះ​​ឆ្នោត​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ត្រៀមខ្លួន ក្នុង​ការចូល​រួមការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខ​ដើម្បី​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​តំណាង​ស្របតាម​ឆន្ទៈ​របស់ខ្លួន​ព្រមទាំង​ជំរុញ និង​លើកស្ទួយ​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៥ ឧសភា ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀន ដោយ​លើក​ហេតុផល​ថា ខុស​នឹង​គតិ​ច្បាប់ និង​បានសម្រេច​មិនឱ្យ​គណបក្ស​នេះ ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣ ឡើយ​។​

​កាលពី​ថ្ងៃទី ​២៦ ខែឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ករណី​គណបក្ស​ភ្លើងទៀន ដោយ​លោក​បាន​លើក​ជា​ចម្ងល់​ថា លោក​មិន​ជឿថា មានការ​បាត់​នូវ​សំបុត្រកំណើត ​១ ​សន្លឹក​នោះទេ ប៉ុន្តែ​នេះ​ជា​គោលដៅ​ដែល​ធ្វើឱ្យ​បរទេស​គាបសង្កត់​កម្ពុ​ជា​។

លោក​ថា​៖ «​សំបុត្រកំណើត​អាច​នៅ​ជាមួយ​នរណាម្នាក់​ដែលជា​មេដឹកនាំ​។ គោល​ដៅ​របស់គេ​ដែល​ខ្ញុំ​វិភាគ​នៅ​កន្លែង​នេះ​គេ​មិន​ចង់ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ទេ ដោយ​​សារ​គេ​ដឹងថា វា​នឹង​ចាញ់ តែ​អ្វីដែល​គេ​ចង់បាន​គឺ​គេ​យក​បរទេស​មក​គាប​កម្ពុជា​»៕