ភ្នំពេញៈ​ ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្បទា​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​ការ​ដាក់​ជា​សំឡេង​កណ្ដឹង​នៅ​តាម​ស្តុ​ប​ចរា​ចរណ៍​នានា ​ដើម្បី​ជំនួយ​ដល់​ជន​មាន​ពិការ​ភាព​ភ្នែក​នៅពេល​ឆ្លងកាត់​ផ្លូវ​ថ្នល់ ខណៈ​បច្ចុប្បន្ន​​នៅ​តាម​ស្តុ​ប​ចរា​ចរណ៍​នីមួយៗ​ ពុំទាន់​មាន​សំឡេង​សម្រាប់​ជំនួយ​ជន​ពិកា​រភ្នែក​នៅ​ឡើយ​។​


​តាម​រយៈក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជ​ន និង​យុវនីតិ​សម្បទា លោក ឯម ច័ន្ទ​មករា ​រដ្ឋ​លេខាធិកា​រ​ក្រសួង​បាន​លើក​ឡើងនៅ​ថ្ងៃទី​៣០​ ខែឧសភា ថា លោក​ចង់​ឱ្យមាន​សំឡេង​កណ្ដឹង​ជំនួយ​នៅ​តាម​ស្តុ​ប​ចរាច​រណ៍​នានាដើម្បី​ងាយ​ស្រួល​ដល់​ជន​មាន​ពិការ​ភាព​ភ្នែក​នៅ​ពេល​ឆ្លងកា​ត់​ផ្លូវ​ថ្នល់​។​

​លោក​ថ្លែង​បែប​នេះ​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាលស្តីពី​«​អនុ​សញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការ​ភាព​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង​បទដ្ឋាន​ច្បាប់​ជាតិ​ក្នុង​កិច្ច​គាំពារ​ជន​មាន​ពិការ​ភាព​»នៅ​ខេត្ត​ព្រះ​សីហនុ​។​


​លោក​ឯម ច័ន្ទ​មករា បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​នៅ​តាម​ផ្លូវ​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញនិង​ខេត្ត​សំខាន់ៗ​មួយ​ចំនួន​បាន​រៀប​ចំ​ផ្លូវ​សម្រាប់​ជន​មាន​ពិកា​រភាព​ប្រើប្រាស់ ​ខណៈ​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ជន​មាន​ពិកា​រភាព​នៅ​តាម​ទីតាំង​សា​ធារណៈ​ក៏ត្រូវ​បាន​រៀបចំ​​ជា​បន្តប​ន្ទាប់​ផង​ដែរ​»​។​

​លោក​បាន​បន្ត​ថា៖«​ប៉ុន្តែ​នៅតាម​ភ្លើង​ចរា​ចរណ៍​នីមួយៗ​ពុំទាន់​មាន​សំឡេង​សម្រាប់​ជន​មាន​ពិការភា​ព​ភ្នែក​នៅ​ពេល​ឆ្លង​កាត់​ផ្លូវថ្នល់​នៅឡើយ​ទេខ​ណៈដែល​ពួកគាត់​មិនអាច​​មើល​ឃើញ​ភ្លើង​ចរាចរណ៍​គឺ​ត្រូវការ​សំឡេង​ដែល​អាច​ប្រាប់​ថា​ អាច​ឆ្លង​បាន​ឬ​មិន​ទាន់​ឆ្លង​បាន​»​។


​យោ​ងតាម​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្ប​ទា វគ្គ​បណ្តុះ​បណ្តាល​នេះនឹង​ផ្តល់​ចំណេះ​បន្ថែម​ថ្មី​មួយ​ទៀត​សម្រាប់​សមា​ជិក សមា​ជិកានៃ​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​ខេត្ត​ព្រះ​សីហនុដែល​ជា​តួអង្គ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​សម្រេច​បាន​នូវ​ស័ក្តិ​សិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការ​ភាព បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិនិង​បទ​ដ្ឋាន​ច្បាប់​ជាតិ​នានា​ក្នុង​កិច្ច​គាំពារ​ដល់​ជន​មាន​ពិការ​ភាព​។​

​បន្ថែម​ពីនេះ​ទៀត​លោក​ ឯក ច័ន្ទ​មករា ក៏​បាន​បញ្ជាក់​ដែរ​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ចាត់​ទុក​វិស័យ​ពិការ​ភាព​ជា​ការ​ងារ​អា​ទិ​ភាព​នៅក្នុង​វិស័យ​អាទិ​ភាព​សំខាន់ៗ​ដទៃ​ទៀតជា​ពិសេស​កម្ពុជា​បាន​ដាក់​ចេញ​ច្បាប់លិខិត​បទ​ដ្ឋាន និង​គោល​នយោ​បាយ​សំខាន់ៗ​មួយ​ចំនួន​ ក្នុងការ​ធានា​នូវ​ការមិន​រើស​អើងការផ្តល់​ឱកាស​ស្មើ​ភាព​គ្នា ​និង​ការ​ចូល​រួម​ពេញ​លេញ​របស់​បង​ប្អូន​ជន​មាន​ពិការ​ភាព​នៅ​ក្នុង​សង្គម​។​

​ជុំវិញ​រឿង​នេះ ​លោក វិ​ន វិចិត្រ ប្រធាន​ក្រុម​យុវ​ជន​ពិការ​ភ្នែក​ជំនាន់​ថ្មី (Blind New Generation) បាន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​គំនិត​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​នេះ​។​

​ក្នុង​នាម​លោក​ក៏​ជា​ជន​ពិការ​ភ្នែក​មួយរូ​ប​លោក​បាន​ប្រាប់​ថា វា​ពិតជា​ល្អ​មែនទែ​ន ដែល​រាជរដ្ឋាភិ​បាល និ​ង​ស្ថា​ប័ន​ពាក់​ព័ន្ធមាន​ការ​គិត​គូរ​និង​រៀបចំ​ឱ្យមាន​ការដាក់​សំឡេង​ក​ណ្ដឹ​ង​នៅ​តាម​ស្ដុ​ប​ចរាចរណ៍​នានា​សម្រាប់​ជំនួយ​ដល់​ជន​មាន​ពិការ​ភាព​ភ្នែក​នៅ​ពេល​ធ្វើដំ​ណើរ​ឆ្លង​កាត់​។

​ប៉ុន្តែ​រាល់​ការស្នើ​ឱ្យ​មាន​ការរៀ​បចំ​ការដាក់​កណ្ដឹង​សម្រាប់​ជំនួយ​ដល់​ជន​ពិការ​ភ្នែកលោ​កវិន វិ​ចិត្រ ក៏​ស្នើឱ្យ​រដ្ឋាភិបា​លនិង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ផងដែ​រពីព្រោះ​ជា​បទពិសោ​ធន៍​កន្លង​មក​តាមរ​យៈ​ការ​បង្កើតជា​ផ្លូ​វ​​សម្រាប់​ជនពិ​កា​រភ្នែក​បច្ចុប្បន្ននេះ​​ជនពិការ​ភ្នែក​នៅ​មិន​អាច​ប្រើប្រា​ស់​ផ្លូវ​ទាំង​នោះបា​ន​ដោយ​ពេញ​លេញ និង​មាន​ប្រសិទ្ធ​ភាព​​ឡើយ​។

​លោ​ក​បានបន្ត​ថា៖«​នេះ​ដោយ​សារតែ​ការ​យល់​ដឹង​របស់​អ្នក​ពិការ​ភ្នែកបាន​យល់​ដឹង​និង​ទទួល​បាន​ព័ត៌មាន​ពី​ផ្លូវ​ទាំង​នោះមាន​កម្រិត​ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន​ក៏​មិន​ទាន់​យល់​ច្បាស់​ដែរ​ខណៈ​ដែល​សព្វថ្ងៃ​ពលរ​ដ្ឋ​ទូទៅ​បាន​ចត​ម៉ូតូ ឬក៏​លក់​ដូរ​នៅ​លើ​ផ្លូវ​ទាំង​នោះ​ជា​ដើម​»​។​

​បន្ថែម​ពីនេះ​លោក​សង្ឃឹម​ថា​ រាជរ​ដ្ឋាភិបា​លនិង​ស្ថាប័​ន​ពាក់​ព័ន្ធ​នឹង​រួមគ្នា​ដើម្បី​គិតគូ​រ​រៀបចំ​ដាក់​កណ្ដឹង​ជំនួយ​ដល់​ជ​នពិកា​រភ្នែក​នៅតា​ម​ស្ដុ​ប​ចរាចរណ៍​ឱ្យបាន​ស៊ីជ​ម្រៅដើម្បី​ចៀស​វាង​កុំ​ឱ្យធ្វើ​ឱ្យតែបា​ន ប៉ុន្តែ​ជន​មាន​ពិការ​ភាព មិន​អាច​ប្រើ​ប្រាស់​បាន ដូ​ចជា ការ​រៀប​ចំ​ផ្លូវ​សម្រាប់​ជន​មាន​ពិការ​ភាព ​នាពេ​ល​កន្ល​ងមក​ដែរ​៕