កំពង់ធំៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ដោះមីន​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​បេសកកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈ​ការងារ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​។​


​លោក​លើកឡើង​ដូចនេះ​នា​ថ្ងៃទី ​៣១​ ឧសភា តាងនាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​បាន​ចុះ​ពិនិត្យ​សកម្មភាព​បោស​​សម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់ និង​ជួប​សំណេះសំណាល​ជាមួយ​ជនពិការ និង​អ្នកទទួលផល នៅ​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​ក្រោម​ការគាំទ្រ​ពី​មូលនិធិ​​កម្ពុជា​គ្មាន​មីន​ឆ្នាំ ​២០២៥​។​

​តាមរយៈ​អាជ្ញាធរ​មីន លោក លី ធុជ ថ្លែងថា រាជរដ្ឋាភិបាល បានដាក់​ចេញ​គោលដៅ​បញ្ចប់​ការងារ​បោសសម្អាត​មីន​ឱ្យអស់​ក្នុង​ឆ្នាំ​ ២០២៥ និង​បន្ត​ដោះស្រាយ​រយៈពេល​វែង​នូវ​ហានិភ័យ​សេស​សល់​ពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បន្ទាប់​ឆ្នាំ​ ២០២៥ ​ដែល​ត្រូវការ​ជា​ចាំបាច់​នូវ​បទពិសោធន៍ ជំនាញ និង​ការលះបង់​ខ្ពស់​របស់​ប្រតិបត្តិ​ករ​ដោះមីន​។ «​ក្នុងនាម​ប្រជា​ជនកម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការ​ដឹងគុណ​មិនអាច​បំភ្លេចបាន ជូន​ចំពោះ​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​សុខក្សេមក្សាន្ត​ដល់​ជាតិ​មាតុភូមិ​កម្ពុជា ព្រមទាំង​បាន​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​ការងារ​បោសសម្អាត​មីន និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការភ័យខ្លាច និង​ទទួល​​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​»​។


​ជាមួយគ្នានេះ​លោក​ទេសរដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​សម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង​ក្នុង​កិច្ច​គាំពារ​សន្តិ​​ភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់តាំងពី​ឆ្នាំ ១៩៩២ ​មក​។ លោក​ថា ចាប់ពី​ឆ្នាំ ​២០២២ មក​លោក ហ៊ុន សែន បានផ្តល់​ថវិកា​ដល់​អ​ង្គ​ភាព​ស៊ីម៉ាក់​សម្រាប់​ការងារ​បោសសម្អាត​មីន​នៅ​ខេត្ត​កំពង់ធំ ដើម្បី​បញ្ចប់​វត្តមាន​គ្រាប់​​មីន​ដែល​បានដឹង​ក្នុង​ខេត្ត​នេះ​៕