ប្រធាន​កាកបាទ​ក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បាន​លើកឡើង​ថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា គឺជា​អាទិភាព​មួយ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​គិតគូរ យកចិត្ត​ទុកដាក់ ខណៈ​លោកស្រី​ក៏បាន​ជំរុញ​ឱ្យ​គ្រប់​បណ្តា​មជ្ឈដ្ឋាន​ទាំងអស់​បន្ត​ឧបត្ថម្ភ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ធានា​និរន្តរភាព​នូវការ​គាំពារ​សុខភាព​កុមារ​កម្ពុជា។


ការជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ លោកស្រី អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក កាកបាទ​ក្រហម​កម្ពុជា ក្នុង​ពិធី​ប្រគល់​ទទួល​ថវិកា ១ លានដុល្លារ​អាមេរិក ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា កាលពី​ថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ២០២៣ នាឱកាស​ខួប​លើកទី ៧៤ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា។

នាឱកាស​នោះ លោកស្រី អ៊ុក ម៉ាលី អគ្គ​ហេរញ្ញិក កាកបាទ​ក្រហមកម្ពុជា បាន​ឱ្យដឹង​ថា បើ​គិត​ចាប់តាំង​ពី​ឆ្នាំ ២០១២ មក នេះ​ជា​លើកទី ៦ ហើយ ដែល​ត្រូវជា​លើកទី ១២ (​ឆ្នាំទី ១២) ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​នាំយក​ថវិកា​ឧបត្ថម្ភ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សម្រាប់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា។


លោកស្រី​បន្តថា ថវិកា​ចំនួន ១ លាន​ដុល្លារ​នេះ ក៏​ត្រូវបាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដែល​តំណាង​ដោយ លោក​វេជ្ជ​. Denis Laurent អគ្គនាយក និង​ជា​តំណាង​មូលនិធិ​គន្ធបុប្ផា​ស្វីស និង​លោក​សាស្ត្រាចារ្យ គី សន់ទី ប្រធាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ភ្នំពេញ។

លោកស្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​ដល់​កាកបាទ​ក្រហម​កម្ពុជា ដែល​គិត​មក​ត្រឹម​ខែ​ឧសភា ឆ្នាំ ២០២៣ ទទួល​បាន​មូលនិធិ​សរុប ចំនួន ១៣.៩៧០.១៩០ ដុល្លារ​អាមេរិក។​


ជាមួយគ្នានេះ លោកស្រី អ៊ុក ម៉ាលី ក៏បាន​ពាំនាំ​ប្រសាសន៍​របស់លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែរ​ថា កាក​ក្របាទ​ក្រហម​កម្ពុជា តែងតែ​ខិតខំ​ប្រឹងប្រែង​កៀរគរ​រក​មូលនិធិ ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវាកម្ម​សុខភាព ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា​រាប់ម៉ឺន រាប់សែន​នាក់​នៅ​ទូទាំង​ប្រទេស។

ទន្ទឹមនឹងនេះ លោកស្រី អ៊ុក ម៉ាលី បាន​លើកឡើងថា​៖ «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​គន្ធបុប្ផា​ស្វីស ដែល​នៅតែ​បន្ត​ឧបត្ថម្ភ​គាំទ្រ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​និរន្តរភាព​ទ្រទ្រង់​ដល់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា»។

ជាងនេះទៀត លោកស្រី អ៊ុក ម៉ាលី បាន​គូសបញ្ជាក់​ប្រសាសន៍​លោកស្រី ប៊ុន រ៉ានី ដូច្នេះ​ទៀតថា៖ « សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់ទុក​ថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា គឺជា​អាទិភាព​មួយ​ដែល​កាកបាទ​ក្រហម​កម្ពុជា បាន​គិតគូរ យកចិត្ត​ទុកដាក់ និង​ចូលរួមចំណែក​រែកពន់​ជាមួយ​រាជរដ្ឋាភិបាល និង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា។ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថែមទាំង​ជំរុញ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បន្ត​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា អាច​បន្ត​បេសកកម្ម​ផ្តល់​សេវា​សុខភាព​ជូនដល់​កុមារ​កម្ពុជា​រាប់ម៉ឺន​សែននាក់​បន្ត​ទៅទៀត»។

ជា​កិច្ច​ឆ្លើយតប លោក រស់ សីល​វ៉ា នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ថ្លែងអំណរគុណ ចំពោះ​កាកបាទ​ក្រហម​កម្ពុជា ដែល​បាន​បន្ត​ចូលរួម​ចំណែក​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​នេះ​បាន​បង្ហាញ​ពីការ​គិតគូរ​ក្នុងការ​លើកកម្ពស់​សុខុមាលភាព​កុមារ ដែលជា​មូលធន​មនុស្ស​នៅ​កម្ពុជា និង​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ។ លើស​ពីនេះ លោក​ថា​៖ «​វិភាគទាន​ដ៏​ថ្លៃថ្លា​របស់​កាកបាទ​ក្រហម​កម្ពុជា នឹងចូលរួម​ចំណែក​ធានា​នូវ​ចីរភាព​នៃ​កិច្ចដំណើរការ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ព្រមទាំង​ធានាថា​កុមារ​កម្ពុជា នឹង​បន្ដ​ទទួល​បាន​ការធានា​នូវការ​គាំពារ​ផ្នែក​សុខភាព»។​

ទន្ទឹមនឹង​នេះដែរ លោក រស់ សីល​វ៉ា ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​របស់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដូចជា ស្ត្រី​សម្រាលកូន​នៅ​ពុំទាន់​មាន​គ្រែ​សម្រាក​គ្រប់គ្រាន់​, អត្រា​មរណភាព​ទារក​ទើប​កើត​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ភ្នំពេញ នៅ​មាន​កម្រិត​មួយ​ដែល​គួរត្រូវ​យកចិត្ត​ទុកដាក់​បន្ថែម។ លោក​បន្តថា មន្ទីរពេទ្យ​ក៏​កំពុង​សាងសង់​អគារ​សម្ភព​ថ្មីមួយ ដែលមាន​គ្រែ​សម្រាក​ចំនួន ១២០ គ្រែ (​ក្នុងនោះ​មាន​គ្រែ​សម្រាក​ព្យាបាល សង្គ្រោះ​ទារក​ចំនួន ២០ គ្រែ) នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី ៧ សៀមរាប និង​បាន​ពង្រីក​បន្ថែម​លើ​ការព្យាបាល​ជំងឺ​មហារីក​ផ្សេងៗ​លើ​កុមារ តាម​វិធី​ព្យាបាល​ដោយ​ថ្មាំគីមី​ផងដែរ។

យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ក្នុង​រយៈពេល ៥ ខែ ឆ្នាំ ២០២៣ នេះ កុមារ​មាន​ជំងឺ​ចំនួន ៣២០.៩២១ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ពោល​ចំនួន​នេះ គឺមាន​ការ​កើន ៥២% ច្រើន​ជាង​ឆ្នាំ ២០២២៕​