កាលពី​ថ្ងៃទី​​ ១ ខែមិថុនា ឆ្នាំ ​២០២៣ នាយករដ្ឋមន្ត្រី​ជប៉ុន បានធ្វើ​ការបង្ហាញ​ផែនការ​ចំណាយ​ថវិកាជាតិ​រហូតដល់​ទៅ ២៥ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ពង្រីក​ការគាំទ្រ​ដល់​យុវជន និង​ក្រុមគ្រួសារ ក្នុង​ការបង្កើន​អត្រាកំណើត​ឡើងវិញ បន្ទាប់ពី​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

​ផែនការ​ជំរុញ​អត្រាកំណើត​ទាំងអស់នោះ​រួមមាន ការបង្កើន​ឧបត្ថម្ភ​ធន​ដោយផ្ទាល់​ទៅដល់​គ្រួសារ​ដែលមាន​កូន​ស្រាប់ ដូចជា​ការផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការអប់រំ ការថែទាំ​មុនពេល​សម្រាល ការលើកកម្ពស់​ឱ្យមាន​ការងារ​ដែល​អាច​បត់បែន​បាន និង​ការឈប់​សម្រាក​ពេល​ត្រូវ​សម្រាលកូន​ជាដើម​។

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ូមី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​លើកឡើងថា លោក​កំពុង​ស្នើ​ឱ្យមាន​គោលនយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ការធ្លាក់ចុះ​ខ្លាំង​នៃ​អត្រាកំណើត​ដែល​មិន​ធ្លាប់មាន​ពីមុន ក៏ដូចជា​ការបង្កើន​ប្រាក់ចំណូល​ដល់​បុគ្គលិក​វ័យក្មេង ជាពិសេស​វ័យ​ដែល​ត្រូវ​មានកូន​។


​លោក​បាន​ប្រាប់​ទៅកាន់​រដ្ឋមន្ត្រី អ្នកជំនាញ និង​ម្ចាស់​ធុរកិច្ច​ដែល​បាន​ប្រជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​ថា «​យើង​នឹង​ដើរ​ឆ្ពោះទៅមុខ​ជាមួយនឹង​វិធានការ​ទាំងអស់នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​នៃ​អត្រាកំណើត ដោយ​មិនចាំបាច់​ស្នើ​សុំឱ្យ​សាធារណជន​ត្រូវ​ទទួលបន្ទុក​បន្ថែមទៀត​នោះទេ​»​។

​ខណៈដែល​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ជួប​បញ្ហា​អត្រាកំណើត​ទាប ប្រទេស​ជប៉ុន​ឯណោះ​វិញ ក៏​ជួប​បញ្ហា​នេះ​ដូចគ្នា ប៉ុន្តែ​ហាក់​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រទេស​ដទៃ​។ ជប៉ុន​ជា​ប្រទេស​ដែលមាន​ប្រជាជន​ចំណាស់​ជាងគេ​ទី​ពីរ​នៅ​ពិភពលោក បន្ទាប់ពី​ប្រទេស​ម៉ូ​ណា​កូ ហើយ​ច្បាប់​អន្តោប្រវេសន៍​ក៏មាន​ភាព​តឹងរ៉ឹង​ផងដែរ នេះ​មានន័យថា ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយទៀត​គឺ​កង្វះ​កម្លាំង​ពលកម្ម​។


​គួរ​ដឹង​ដែរ​ថា ជប៉ុន​ជា​ប្រទេស​ដែលមាន​ប្រជាជន​សរុប​ចំនួន​ប្រមាណ ១២៥ លាន​នាក់ ហើយ​អត្រាកំណើត​កាលពី​ឆ្នាំមុន មាន​ចំនួន​តិចជាង ៨ សែន​នាក់​ប៉ុណ្ណោះ​។ តួលេខ​នេះ​ជា​ចំនួន​មួយ​ដែល​ទាប​បំផុត ខណៈដែល​ការចំណាយ​លើ​ការថែទាំ​មនុស្ស​ចាស់​បាន​កើនឡើង​កាន់តែច្រើន​។ នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក គី​ស៊ី​ដា បាន​និយាយថា លោក​ចង់​ចំណាយ​ថវិកា​ប្រមាណ​ជា ២៥ ប៊ី​លាន​ដុល្លារ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ សម្រាប់​ការអនុវត្ត​គោលនយោបាយ​ទាំងនេះ​។

​យ៉ាងណាក៏ដោយ គោលនយោបាយ​ជំរុញ​អត្រាកំណើត​នេះ​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ផងដែរ ចំពោះ​ការដែល​លោក​មិនបាន​បញ្ជាក់​ពី​ប្រភព​ថវិកា​ណាមួយ​ឱ្យបាន​ច្បាស់លាស់ ក្រៅតែពី​ការកាត់បន្ថយ​ការចំណាយ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត និង​ពឹង​ផ្អែកលើ​ការកែលម្អ​សេដ្ឋកិច្ច​៕