​ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ការសម្រេចបាន​របស់​ក​ម្ពុ​ជា​ដែល ​៩៩​ ភាគរយ ​ស្ត្រី​មាន​ផ្ទៃពោះ​បានទទួល​ការពិនិត្យ​លើក​ទី​១ និង​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ ហើយ​ ៩៧​ ភាគរយ ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​។​


​លោក​ថ្លែង​ឡើង​ដូច្នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​លើក​ទី​២២ របស់​សមាគម​សម្ភព និង​រោគ​ស្ត្រី​វិទ្យា​កម្ពុជា ក្រោម​ប្រធានបទ « រួមគ្នា​ដើម្បី​លើកកម្ពស់​សុខភាព​ស្ត្រី​» នា​ថ្ងៃទី​២ ខែមិថុនា នៅ​សណ្ឋាគារ​ភ្នំពេញ រាជធានី​ភ្នំពេញ​។​

​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​បញ្ជាក់​នា​ថ្ងៃទី​២ ខែមិថុនា ថា​៖ «​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​វឌ្ឍនភាព ដែល​កម្ពុជា​ទទួលបាន ជាក់ស្តែង ៩៩​ភាគរយ ស្ត្រី​មាន​ផ្ទៃពោះ​បានទទួល​ការពិនិត្យ​លើកទីមួយ ៩៩​ភាគរយ​ការ​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ និង​៩៧​ភាគរយ ការ​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​»​។


​ក្រសួងសុខាភិបាល​បានឱ្យដឹងថា អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី​១៧០ ក្នុង​១​លាន​កំណើត​រស់ ឆ្នាំ​២០១៤ មក​នៅ ១៥៤ ក្នុង​កំណើត​រស់ ១​សែន​នាក់ ឆ្នាំ​២០២១​។ អត្រា​មរណភាព​កុមារ​ក្រោម ៥​ឆ្នាំ បាន​ថយចុះ​ពី ៣៥​ក្នុង​កំណើត​រស់ ១ ០០០​នាក់ ឆ្នាំ​២០១៤ មក​នៅ​១៦ ក្នុង​កំណើត​រស់ ១ ០០០​នាក់​។

​ក្រសួង​បន្តថា អត្រា​កុមារ​អាយុ​ក្រោម ១​ឆ្នាំ បាន​កាត់បន្ថយ​ពី ២៨ ក្នុង​កំណើត​រស់ ១ ០០០​នាក់ ឆ្នាំ​២០១៤ មក​នៅ ១២ ក្នុង​កំណើត​រស់ ១ ០០០​នាក់ ឆ្នាំ​២០២១ ដោយ​យោងតាម​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ និង​សុខា​ភាព​នៅ​កម្ពុជា ឆ្នាំ​២០២១-២០២២៕