កំពតៈ ក្រុមការងារនៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ប្រទះឃើញសត្វផ្សោតឃ្លាច សត្វផ្សោតក្បាលត្រឡោកចំនួនជាង ២០ ក្បាល នៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត ក្រោយពីបានធ្វើការទម្លាក់ប្រអប់ និងសិក្សាស្រាវជ្រាវថនិកសត្វសមុទ្ររយៈពេលជាង ១ សប្តាហ៍។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត និងក្រុមការងារគម្រោងអភិរក្សថនិកសត្វសមុទ្រកម្ពុជា នៃអង្គការអភិរក្សសមុទ្រកម្ពុជា បានធ្វើការទម្លាក់ប្រអប់ និងសិក្សាស្រាវជ្រាវថនិកសត្វសមុទ្រ ដែលមានទីតាំងនៅសហគមន៍នេសាទព្រែកត្នោតនេះ។
ក្រសួងបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី៣ ខែមិថុនា ថា៖ «ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល ២០ ក្បាល និងសត្វផ្សោតក្បាលត្រឡោក (Irrawaddy Dolphin) ចំនួន ៤ ក្បាល»។
ហ្វេសប៊ុក អង្គការ MCC បញ្ជាក់កាលពីថ្ងៃទី១ ខែមិថុនា ថា កាលពីប្រមាណជាង ១ សប្តាហ៍មុន អង្គការ MCC បានសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ក្នុងការទម្លាក់នូវប្រអប់បេតុងបង្កើតជម្រកសិប្បនិម្មិត និងប្រឆាំងទូកអួនអូសចំនួន ៨ ដុំ នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោតនេះ ដោយមានការគាំទ្រពីខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអាជ្ញាធរក្នុងតំបន់។
សហគមន៍នេសាទព្រែកត្នោតបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែឧសភា ថា ក្រោយពីការទម្លាក់ប្រអប់សិប្បនិម្មិតកន្លងមក សង្កេតឃើញថាធនធានជីវៈចម្រុះ និងប្រជានេសាទទទួលបានផលពីការនេសាទប្រសើរជាងមុន៕