​ភ្នំពេញៈ កម្ពុជា អូស្ត្រាលី និង​ហុងកុង បញ្ជាក់​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ​យ និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត និង​ការផ្លាស់ប្តូរ​ការចែករំលែក​ព័ត៌មាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​


​លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទៅ​ចូលរួម​សន្និសីទ​អគ្គនាយក​គយ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​អង្គការ​គយ​ពិភពលោក​លើក​ទី​២៤ នៅ​ទីក្រុង​ភើ​ត (Perth) ប្រទេស​អូស្ត្រាលី ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែឧសភា​។​

​ការបញ្ជាក់​ពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ​យ​នេះ​គឺធ្វើឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាមួយ​គណៈប្រតិភូ​នៃ​កងកម្លាំង​ព្រំដែន​អូស្ត្រាលី (ABF) និង​គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​ហុងកុង ក្នុងឱកាស​នៃ​ស​និ្ន​សីទ​នេះ​។​


​ហ្វេ​ស​ប៊ុ​កអគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​២ ខែមិថុនា ថា​៖ «​ឆ្លៀត​ក្នុងឱកាស​នៃ​ស​និ្ន​សីទ​នេះ គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​កម្ពុជា​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​គណៈប្រតិភូ​នៃ​កងកម្លាំង​ព្រំដែន​អូស្ត្រាលី (ABF) និង​គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​ហុងកុង​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា​៖ «​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នេះ​មានការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ​យ និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុង​ការកសាង​សមត្ថភាព​ជាដើម​»​។​


​ហ្វេ​ស​ប៊ុ​ក​ដដែល​បានឱ្យដឹងថា សន្និសីទ​នេះ​មានការ​ចូលរួម​ផ្ទា​ល់ពី​គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​ចំនួន ២៣ ប្រទេស ការិយាល័យ​កសាង​សមត្ថភាព​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (ROCB/AP) និង​ការិយាល័យ​មន្ត្រី​ទំនាក់ទំនង ព័ត៌មាន​សម្ងាត់​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (RILO/AP)៕

​​