​ក្រសួងសុខាភិបាល និង​ធនាគារពិភពលោក (World Bank-WB) បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល​ជាពិសេស គម្រោង​លើកកម្ពស់​គុណភាព​និង​សមធម៌​សុខាភិបាល ក្នុង​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ទាំង ២។​


​ការឯកភាព​គ្នា​នេះ បានធ្វើ​ឡើង​រវាង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក Young Park នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក (World Bank-WB) ក្នុងជំនួប​ពិភាក្សា​ការងារ នាឱកាស​ដែល​លោកនាយក​ប្រតិបត្តិ និង​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​២​ខែមិថុនា​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ធនាគារពិភពលោក បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ច្រើនណាស់ ចាប់តាំងពី​ឆ្នាំ​១៩៩៧ តាមរយៈ​គម្រោង​មួយចំនួន​។​


​លោក​បាន​បន្ថែមថា គម្រោង​ទាំងនោះ​មានដូចជា គម្រោង​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ការអភិវឌ្ឍ​សុខាភិបាល ១៩៩៧-២០០២, គម្រោង​គាំទ្រ​វិស័យ​សុខាភិបាល ២០០៣-២០១១, គម្រោង​គាំទ្រ​វិស័យ​សុខាភិបាល​ជំ​ហ៊ាន​ទី​២ ២០០៨-២០១៦, គម្រោង​លើកកម្ពស់​គុណភាព​និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី​១ ២០១៦-២០២២,​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា ២០១៩-២០២៤, គម្រោង​ឆ្លើយតប​បន្ទាន់​ជំងឺ​កូ​វីដ​១៩ ឆ្នាំ​២០២០-២០២២, គម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុន​សេវា​សម្រាប់​វិជ្ជាជីវៈ​សុខាភិបាល ២០២០-២០២៦, គម្រោង​លើកកម្ពស់​គុណភាព​និង​សមធម៌​សុខាភិបាល ដំណាក់កាល​ទី​២ ឆ្នាំ​២០២២-២០២៧​។​

​ជាមួយគ្នានេះដែរ លោក Young Park នាយក​ប្រតិបត្តិ​របស់​ធនាគារពិភពលោក (World Bank-WB) ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកនេះ បានទទួល​ជោគជ័យ​។​


​លោកនាយក​ប្រតិបត្តិ WB បាន​បន្តទៀតថា កន្លងទៅ ក្រសួងសុខាភិបាល បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ ដែល​អាចឱ្យ​ធនាគារពិភពលោក អាចបំពេញ​បេសកកម្ម របស់ខ្លួន​ដោយ​ជោគជ័យ ។ ដូចនេះ WB ស្នើសុំ​ការគាំទ្រ​ពី​លោក​រដ្ឋមន្ត្រី បន្ថែមទៀត ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ទៅតាម​គោលដៅ​ដែល​បាន​គ្រោងទុក​៕​