តាកែវៈ ជារឿយៗ យើងតែងឃើញដើមឫស្សីត្រូវបានប្រជាពលរដ្ឋដាំធ្វើជាព្រំដី ឬ ដុះតាមភូមិឋានដែលភាគច្រើនការទាញយកផលឃើញមានត្រឹមតែយកទំពាំងមកធ្វើម្ហូមអាហារឬយកដើមចាស់មកកែច្នៃធ្វើជាឧបករណីប្រើប្រាស់តាមបែបប្រពៃណីទៅតាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នឫស្សីត្រូវបានកែច្នៃឱ្យរឹតតែមានប្រយោជន៍ថែមទៀតដោយអាចយកមកធ្វើជាបំពង់បឺតជំនួសឱ្យបំពង់បឺតប្លាស្ទិក និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតហើយអាចលក់ចេញទៅក្រៅប្រទេសទៀតផង។
ក្នុងកាយវិការដៃម្ខាងកាន់កាំបិតបន្ទោះនិងភ្នែកកំពុងសម្លឹងទៅរកកំណាត់ឫស្សី ដែលត្រូវកំណត់យកតាមខ្នាតបំពង់បឺត នោះគឺជា សកម្មភាពរបស់ស្ត្រីឈ្មោះសុខ ណៃ អាយុ ៣៩ឆ្នាំ រស់នៅភូមិស្រែតាសុខ ឃុំជំរៈពេន ស្រុកសំរោងខេត្តតាកែវ ដែលបច្ចុប្បន្នជាសមាជិកសមាគមឈ្មោះសិប្បកម្មស្ត្រីខ្មែរដែលបាននិងកំពុងកែច្នៃឫស្សីជាបំពង់បឺតនេះ។
អ្នកស្រី សុខ ណៃ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលពីមិនទាន់ចូលជាសមាជិកសមាគម គឺអ្នកស្រីជាកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញតែក្រោយពីដឹងថានៅក្នុងភូមិ-ឃុំមានសមាគមសិប្បកម្មដែលអាចជួយបណ្តុះបណ្តាលជំនាញនិងផ្តល់ការងារដល់ស្ត្រីៗទើបអ្នកស្រីឈប់ធ្វើការនៅរោងចក្រកាត់ដេរហើយវិលមកភូមិវិញ។
អ្នកស្រី សុខ ណៃ បានឱ្យដឹងថាចំពោះជំនាញដែលអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីសមាគម គឺជាជំនាញដេរមួកស្លឹកត្នោត ជំនាញកាច់ស្មុគកែច្នៃស្លឹកត្នោតជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ រួមទាំងជំនាញកែច្នៃឫស្សីជាបំពង់បឺតផងដែរ។ការចេះជំនាញនេះបានផ្លាស់ប្តូរជីវិតរបស់អ្នកស្រីដែលពីមុនគ្មានជំនាញអ្វីសោះដែលធ្លាប់តែធ្វើអ្វីៗតាមទម្លាប់ពីដូនតាមកជាអ្នកមានជំនាញចេះច្នៃប្រឌិតស្របតាមតម្រូវការរបស់មនុស្សបច្ចុប្បន្ន។
អ្នកស្រី ណៃ បានថ្លែងទៀតថា៖ «មិនថាតែខ្ញុំទេស្ត្រីក្នុងភូមិស្រែតាសុខនិងស្ត្រីរស់នៅក្បែរៗភូមិខ្ញុំ ក៏ត្រូវបានបណ្តុះបណ្តាលជំនាញនេះដែរ។ ពេលនេះ ខ្ញុំបានប្រែក្លាយពីអ្នកគ្មានជំនាញមកជាអ្នកមានជំនាញហើយដោយសារតែអាជីពដេរមួកចាក់ស្មុគនេះហើយទើបបានកែប្រែជីវភាពគ្រួសារខ្ញុំប្រសើរជាងមុន»។
ពាក់ព័ន្ធនឹងការកែច្នៃឫស្សីជាបំពង់បឺត និង ការរចនាស្លឹកត្នោតជាសម្ភារប្រើប្រាស់នេះ អ្នកស្រីមាស សាវរីយ៍ វ័យ ៦៨ឆ្នាំ ប្រធានសមាគមសិប្បកម្មស្ត្រីខ្មែរដែលមានទីតាំង នៅក្នុងភូមិ ស្រែតាសុខ ឃុំ ជំរៈពេន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា
សមាគមសិប្បកម្មស្ត្រីខ្មែរ បានបង្កើតឡើង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០០៦ ដែលបច្ចុបន្នមានសមាជិកចូលរួមចំនួន ១២០ គ្រួសារ ដែលភាគច្រើនជាស្ត្រី។
ចំពោះការបង្កើតជាសមាគមនេះឡើង គឺដោយសារតែអ្នកស្រីគិតឃើញថា នៅក្នុងភូមិឃុំរបស់អ្នកស្រីមានដើមត្នោតដើមឫស្សីដុះច្រើនតែគ្មានអ្នកកែច្នៃជាវត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃឡើយក្រៅតែពីមានចំណេះចេះបន្តពីដូនតាតែមិនមានការច្នៃប្រឌិតបន្ថែម។
អ្នកស្រីបន្តថា គោលបំណងមួយទៀតគឺអ្នកស្រីមើលឃើញថា មានស្ត្រីៗជាច្រើនបានទៅធ្វើជាកម្មកររោងចក្រកាត់ដេរចោលផ្ទះសំបែងចោលកូនចៅហើយបើអ្នកស្រីបង្ហាត់បង្រៀនដល់ពួកគេអាចនឹងប្រសើរដែលមិនទៅឆ្ងាយពីផ្ទះ។បន្ទាប់មកអ្នកស្រីបានបើកកន្លែងបណ្តុះបណ្តាលដល់ស្ត្រីៗនៅក្នុងភូមិស្រែតាសុខ ក៏ដូចជា នៅភូមិក្បែរៗនោះ មករៀនជំនាញហើយក៏បានចេះជំនាញរហូតមក។
អ្នកស្រី មាស សាវរីយ៍ បន្ថែមថា ក្រៅពីនោះ សមាគមសិប្បកម្មស្ត្រីខ្មែរក៏មានបង្កើតជាសហគមន៍សន្សំប្រាក់ផងដែរដែលបច្ចុប្បន្នមានសមាជិក ១២០ នាក់។ ការសន្សំប្រាក់នេះគឺអ្នកស្រីមានគោលបំណងជួយដល់ស្ត្រីក្រីក្រខ្វះខាតដើមទុនប្រកបរបរផ្សេងៗដើម្បីឱ្យគាត់អាចខ្ចីនិងយកការប្រាក់ទាប ហើយរហូតមកទល់ពេលប្រាក់សន្សំមានជាង ១០០ លានរៀលហើយ។
បើតាម អ្នកស្រី មាស សាវរីយ៍ ចំពោះផលិតផលដែលត្រូវធ្វើមានឫស្សីកែច្នៃជាបំពង់បឺត កែច្នៃឫស្សីជាកាបូបដៃ ប្រដាប់ដាក់ក្រដាសជូតមាត់ មានការច្នៃស្លឹកត្នោតជាស្មុគ ជាមួករួមរាប់សិបប្រភេទទៀត។ ចំពោះដើមឫស្សីដែលអ្នកស្រីយកមកកែច្នៃជាបំពង់បឺតមានឈ្មោះថា [ដកម៉ៃ] មានទំហំប៉ុនៗកដៃក្មេងប៉ុនមេជើងប៉ុនមេដៃដែលដើមឫស្សីនេះដុះ នៅក្នុងភូមិស្រុកហើយពីមុនៗមកក៏គ្មាននរណាចាប់អារម្មណ៍យកវាមកកែច្នៃដែរក្រៅតែពីកាប់ធ្វើរបងដើម្បីស្រាស់ដំណាំកុំឱ្យសត្វចូលស៊ីជាដើម។
អ្នកស្រី មាស សាវរីយ៍ បានពោលថា៖«តាមការពិតទៅគោលបំណងរបស់ខ្ញុំដើម្បីជួយដល់ស្ត្រីក្រីក្រនិងគ្មានដើមទុនហើយគ្មានមុខរបរពិតប្រាកដហើយបើគ្មានមុខរបរទេគ្នាក៏គ្មានប្រាក់ចំណូលដែរ។ដល់ពេលអ៊ីចឹងទៅខ្ញុំនឹកឃើញថាការងារនេះស្រួលហើយយើងនៅផ្ទះទោះបីបានតិចបានច្រើនអីក៏យើងបានជួយមួយផ្នែកក្នុងជីវភាពគ្រួសារយើងដែរ។អ៊ីចឹងបានជាខ្ញុំបង្រៀនជំនាញនេះដល់ស្ត្រីៗក្នុងភូមិ»។
អ្នកស្រីសាវរីយ៍ បានបញ្ជាក់ថាជំនាញនេះអ្នកស្រីចេះបន្តគ្នាតាំងពីដូនតាមកម្ល៉េះគ្រាន់តែថាជំនាញខ្លះថ្មីត្រូវទាមទារឱ្យមានការសិក្សាស្រាវជ្រាវកែច្នៃទៅតាមសង្គមស៊ីវិល័យ។ម្យ៉ាងវិញទៀតអ្នកស្រីក៏ទទួលការបណ្តុះបណ្តាលបន្ថែមពីអង្គការមួយចំនួនផងដែរ ហើយបានយកចំណេះជំនាញនេះមកបង្ហាត់បង្រៀនបន្តគ្នាបាន ៤ ភូមិមាន ភូមិធ្លកដំណាក់ហ្លួង ភូមិដំណាក់ត្រយឹង និង ភូមិស្រែតាសុខ នៅក្នុងឃុំជំរៈពេន និងភូមិថ្មីក្នុងឃុំរវៀង ។
ចំពោះការធ្វើបំពង់បឺតនេះ អ្នកស្រី សាវរីយ៍ បានប្រាប់ថា មុនដំបូងយើងកាប់ឫស្សីជាកង់ៗ តាមការកំណត់ប្រវែងហើយយកឫស្សីទៅហាលថ្ងៃឱ្យស្ងួតល្អបន្ទាប់មកយកវាមកលាងជម្រះខាងក្នុងបំពង់ឫស្សី ហើយយកវាទៅហាលថ្ងៃម្តងទៀតប្រមាណជា ៣ ទៅ ៤ ថ្ងៃ។ ការហាលបែបនេះដើម្បីកុំឱ្យឫស្សីដុះផ្សិត ហើយដើមឫស្សីដកម៉ៃមិនងាយមានខ្មូតស៊ីមិនដូចឫស្សីស្រុកធម្មតាទេ។
យ៉ាងណាក្ដី អ្នកស្រីសម្តែងការព្រួយបារម្ភថា ដោយសារដើមឫស្សីបច្ចុប្បន្នមានដុះ នៅក្នុងភូមិហើយមានការកាប់យកទៅប្រើប្រាស់ផ្សេងៗ ដូចជា ធ្វើផ្ទះផងនោះអ្នកស្រីខ្លាចថាទៅថ្ងៃមុខអាចនឹងអស់ដើមឫស្សីប្រភេទ [ដកម៉ៃ] នេះ។ ចំពោះផលិតផលកែច្នៃជាបំពង់បឺតនេះមានម៉ូយពីរាជធានីភ្នំពេញមកទិញពីសមាគមរបស់អ្នកស្រីម្តងចំនួន ៥០០ បំពង់ឬជាង ១ ពាន់បំពង់ដែលគេយកទៅលក់បន្តនៅបរទេសតែអ្នកស្រីមិនដឹងថា ទៅប្រទេសណាទេ។ តែបើផ្លិតស្លឹកត្នោតគេទិញយកទៅប្រទេសបារាំងម្តងប្រមាណជាង១ពាន់ផ្លិតឬទៅតាមការបញ្ជាទិញពីម៉ូយហើយក៏មាននៅក្នុងប្រទេសដែរ។
បើតាម អ្នកស្រី សាវរីយ៍ បច្ចុប្បន្នសមាគមរបស់អ្នកស្រីមានស្ត្រីតែ ១៥នាក់ ប៉ុណ្ណោះ ដែលកំពុងកែច្នៃសម្ភារទាំងនេះ និង ស្ត្រីមួយចំនួនធំក៏ត្រឡប់ទៅធ្វើជាកម្មករកាត់ដេររោងចក្រវិញដែរ។ ប៉ុន្តែ បច្ចុប្បន្នមានទីផ្សារប្រសើរជាងមុនព្រោះអតិថិជនដែលទិញយកទៅប្រើប្រាស់ដឹងថាផលិតផលរបស់សមាគមរចនាម៉ូដបែបបុរាណនិងមានភាពជាប់ធន់ទាំងមួកស្លឹកត្នោត ទាំងបំពង់បឺតរួមនឹងសម្ភារអនុស្សាវរីយ៍ផ្សេងៗទៀត។
ជុំវិញការកែច្នៃផលិតផលបំពង់បឺត និងផលិតផលពីស្លឹកត្នោតនេះ លោក យិត ស៊ីវ មេឃុំជំរៈពេន ឱ្យភ្នំពេញប៉ុស្តិ៍ដឹងដែរថា ការងារកែច្នៃបំពង់បឺតក៏ដូចជាការកែច្នៃស្លឹកត្នោតនេះគឺ ប្រជាពលរដ្ឋមួយចំនួនជាពិសេសស្ត្រីត្រូវបានសមាគមជួយបណ្តុះបណ្តាលជំនាញ និងជួយផ្តល់ការងារឱ្យមានធ្វើហើយសមាគមជួយរកកន្លែងលក់ផលិតផលឱ្យទៀត។ ដោយសារតែបញ្ហានេះហើយបានធ្វើឱ្យជីវភាពរបស់បងប្អូនក្នុងភូមិស្រែតាសុខរួមនឹងភូមិមួយចំនួនទៀតមានការប្រែប្រួលពីខ្សត់ខ្សោយទៅមានជីវភាពមធ្យមសមរម្យ។
លោកថ្លែងថា៖«យើងពិនិត្យទៅឃើញថាស្ត្រីៗក្នុងសមាគមទទួលបានទាំងជំនាញហើយមិនភ័យព្រួយនៅពេលផលិតបានគឺមានម៉ួយចាំទិញអស់ៗតែម្តង។ខ្ញុំឃើញបែបនេះខ្ញុំសប្បាយចិត្តជំនួសពួកគាត់»។
លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ពាក់ព័ន្ធការកែច្នៃឫស្សីជាទុយោបឺតរបស់សមាគមសិប្បកម្មស្ត្រីខ្មែរ នៅស្រុកសំរោងមានសារៈសំខាន់ណាស់។ បញ្ហានេះ ក៏ជាគោលការណ៍របស់ក្រសួងបរិស្ថានដែលជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់អ្វីដែលជាធម្មជាតិមិនបំពុលដល់បរិស្ថាន។ ក្រសួងបរិស្ថានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋឬក៏អាជីវកម្ម សិប្បកម្មដែលគាត់ស្ម័គ្រចិត្តផលិតកែច្នៃអំពីចំបើងឬពីកាកអំពៅជំនួសកែវជ័របំពង់បឺតជ័រផងដែលធ្វើយ៉ាងម៉េចកុំឱ្យបំពុលដល់បរិស្ថាន។
លោកថ្លែងថា៖«ទុយោបឺតប្រើប្រាស់បំពង់ឫស្សីនេះមានសារៈសំខាន់ណាស់ព្រោះកន្លងមកយើងប្រើប្រាស់បំពង់ជ័រ។អ៊ីចឹងបំពង់បឺតជ័រនេះនៅពេលយើងបោះចោលគឺវាមិនរលួយទេ។ តែបើយើងប្រើបំពង់ឫស្សីបោះចោលក្នុងបរិស្ថានគឺវារលាយក្លាយជាជីកំប៉ុស»៕