ក្រសួងវប្បធម៌ កំពុងពិភាក្សាជាមួយកម្លាំងនៃទីបញ្ជាការលម្ហសមុទ្រ ពីកុលាលភាជន៍ក្នុងសំពៅដែលបានលិចកាលពីជាង ៣០០ ឆ្នាំមុន

ព្រះសីហនុៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងពិភាក្សាជាមួយកម្លាំងនៃទីបញ្ជាការលម្ហសមុទ្រ ដើម្បីនាំយកកុលាលភាជន៍ដែលបានស្រង់ពីសំពៅលិចកាលពីជាង ៣០០ ឆ្នាំមុន មករក្សាទុកនៅក្រសួងវប្បធម៌។
លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ មិថុនាថា ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ កំពុងពិភាក្សាជាមួយលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការសន្តិសុខលម្ហសមុទ្រ ដើម្បីស្នើសុំកុលាលភាជន៍យកមកតម្កល់ទុកនៅក្រសួងវប្បធម៌។
លោកថ្លែងថា៖ «យើងស្នើសុំឱ្យទី១ ដាក់សញ្ញាសម្គាល់ និងទី២ សុំឱ្យប្រគល់ ហើយយើងកំពុងពិភាក្សាគ្នាបន្តទៀតទៅលើនីតិវិធីក្នុងការអនុវត្តការងារ»។
កុលាលភាជន៍មានដូចជា ពាងត្រចៀក ៤ ក្អម ឆ្នាំង ចាន ជើងក្រាន ក្រឡា និងកុលាលភាជន៍មួយចំនួនទៀត ដែលធ្វើពីដីដុតត្រូវបានកម្លាំងសមត្ថកិច្ចនៃទីបញ្ជាការលម្ហសមុទ្រស្រង់បានពីសំពៅដែលការសន្និដ្ឋានបឋមថា អាចលិចតាំងពីចន្លោះពី ៣០០ ឆ្នាំ ទៅ៥០០ ឆ្នាំមុនមកម៉្លេះ។
លោកសំណាង បញ្ជាក់ថា ទាក់ទងនឹងការរកឃើញសំពៅលិចនេះ តាមពិតទៅ ក្រសួងវប្បធម៌ បានដឹងជាយូរឆ្នាំមកហើយដែរ ដែលទីតាំងសំពៅលិច គឺស្ថិតនៅចន្លោះកោះតាគាវ និងកោះឫស្សី ក្នុងជម្រៅប្រហែលជាជាង ១០ម៉ែត្រក្នុងសមុទ្រខេត្តព្រះសីហនុ។
កាលពីអំឡុងឆ្នាំ២០២០ មានក្រុមជនទុច្ចរិត បានលួចទៅមុជទឹកសមុទ្រដើម្បីរាវរកកុលាភាជន៍ ហើយសមត្ថកិច្ចចាប់ជនសង្ស័យនោះបានម្តងហើយដែរ។
បើតាមលោក សំណាង កុលាលភាជន៍ដែលរក្សាទុកនៅទីបញ្ជាការជួរមុខបានប្រមូលស្រង់ពីសំពៅលិចអាចក្នុងចន្លោះឆ្នាំ២០១៨ មកឆ្នាំ២០២០ តែលោកមិនដឹងច្បាស់១០០ភាគរយទេ។
ប៉ុន្តែថ្មីៗកន្លងមកនេះ ក្រសួងវប្បធម៌ ទទួលបានសេចក្តីរាយការណ៍ ពីទីបញ្ជាការលម្ហសមុទ្រ ហើយក្រុមការងាររបស់ក្រសួងវប្បធម៌ ដឹកនាំដោយលោកអ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌបានចុះត្រួតពិនិត្យ និងវាយតម្លៃទៅលើរបស់របរដែលត្រូវបានស្រង់យកមករក្សាទុកនោះ។
ពាក់ព័ន្ធនឹងវត្ថុបុរាណកុលាលភាជន៍ថា ជាវត្ថុបុរាណខ្មែរឬយ៉ាងណានោះ ត្រូវបានលោក ហួត សំណាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើនិយាយអំពីប្រវត្តិសាស្រ្ត ហើយជាការសន្និដ្ឋាន តំបន់មួយចំនួនកាលពីសម័យបុរាណ កាលនោះប្រហែលជានៅប្រទាញប្រទង់គ្នា។
ប៉ុន្តែបើផ្អែកតាមការសិក្សាបណ្តោះអាសន្ន តាមរយៈការទៅពិនិត្យមើលត្រួសៗរបស់ក្រុមមន្រ្តីជំនាញ បានធ្វើការសិក្សាប្រៀបធៀបទៅលើទម្រង់រូបរាង ទម្រង់កុលាលភាជន៍ដែលទើបរកឃើញនោះ គឺវាស្រដៀងគ្នាទៅនឹងកុលាលភាជន៍មួយចំនួនធំ ដែលគេផលិតនៅក្នុងតំបន់មួយចំនួនដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីប្រទេសថៃ។
បើឱ្យកំណត់ថា កុលាលភាជន៍ទាំងនោះជារបស់ខ្មែរ ឬជារបស់ថៃឱ្យច្បាស់លាស់តែម្តងនោះ គឺក្រុមការងារជំនាញក៏មិនហ៊ានកំណត់ដែរ ពីព្រោះរឿងនេះ ត្រូវទាមទារការសិក្សាស្រាវជ្រាវែងឆ្ងាយបន្តទៀត»។
បើតាមលោកសំណាង កុលាលភាជន៍ទាំងនោះ ជាប្រភេទដីដុត ហើយដែលត្រូវគេដុតនៅក្នុងសីតុណ្ហភាពមួយខ្ពស់ តែខ្លះត្រូវគេដុតនៅក្នុងសីតុណ្ហភាពទាបធម្មតា ដូចជា កុលាលភាជន៍ជាក្អមឆ្នាំងមួយចំនួនដូចដែលមាននៅក្នុងស្រុកខ្មែរដែរ។
ជាទូទៅកុលាលភាជន៍ដែលស្រង់បាននេះច្រើនតែដុតនៅក្នុងសីតុណ្ហភាពមួយខ្ពស់ ដែលមានស្រទាប់រលោងពណ៌ត្នោត និងមានពណ៌បៃតងខ្ចី(ពាងក្រឡមានត្រចៀក៤)និងមានកុលាលភាជន៍ជាខួចជាឆ្នាំងរហូតដល់ជើងក្រាន និងមានសម្ភារស្រដៀងជាកំសៀវទឹកផង។
លោកបន្តថា ជាការសន្និដ្ឋាន ក្រុមការងារជំនាញយល់ថា សំពៅដែលលិចនោះប្រហែលជាសំពៅជំនួញ ដែលដឹកទំនិញចេញពីខាងដីកោះ នៅក្នុងតំបន់ណាមួយ តាមផ្លូវសមុទ្រ ហើយកាត់មកប្រទេសកម្ពុជា និងអាចបន្តទៅដល់ប្រទេសណាមួយទៀត។
តែទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ ព្រោះនៅសិក្សាវែងឆ្ងាយបន្តទៀតលើបញ្ហានេះ។ ម៉្យាងទាល់តែមានការចុះទៅសិក្សាលម្អិតនៅទីតាំងសំពៅលិចនោះថា តើសំពៅនោះចេញ ដំណើរឆ្លងកាត់កម្ពុជា ឬក៏ចេញដំណើរពីកម្ពុជា ទៅវិញដែលផ្អែកទៅលើក្បាលសំពៅបែរទៅទិសណា?
លោកសង្កត់ធ្ងន់ថា ក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែធ្វើការជាមួយទីបញ្ជាការលម្ហសមុទ្រ ដើម្បីរកលទ្ធភាពសហការគ្នា។
ក្រសួងក៏បានស្នើដែរថា សុំឱ្យខាងលម្ហសមុទ្រ ដាក់ពោងបណ្តែត និងលើកជាស្លាកសញ្ញាសម្គាល់ទីអភិរក្សកន្លែងសំពៅលិចនោះ ជាបេតិកភណ្ឌនៅក្រោមទឹក។ ការស្នើបែបនេះដើម្បីហាមឃាត់កុំឱ្យមានការនេសាទក្បែរៗតំបន់នោះ។ មួយវិញទៀត ក្រសួងបានស្នើសុំកុលាលភាជន៍ ដែលរកឃើញទាំងប៉ុន្មានមកជូនក្រសួងវប្បធម៌ ដើម្បីធ្វើការសិក្សាស្រាវជ្រាវអភិរក្សជា សម្បត្តិវប្បធម៌ជាតិ។
លោកលើកឡើងដោយយោងលើការសន្និដ្ឋានថា ក្នុងសម័យខ្មែរបុរាណ មានទំនាក់ទំនងពីតំបន់មួយ ទៅតំបន់មួយ ហើយប្រហែលជាផ្នែកមួយនៃជំនួញផ្លូវសូត្រ ក្នុងសម័យបុរាណ ដែលភ្ជាប់ពីប្រទេសចិន និងក្នុងតំបន់ផ្សេងៗរហូតដល់អយុធ្យាប្រទេសថៃ។ ដោយឡែកបើនិយាយពីវត្ថុដែលបានរកឃើញ បន្សល់ពីរាប់រយឆ្នាំនៅស្រុកខ្មែរគឺថា វាបញ្ជាក់ពីទំនាក់ទំនងខ្មែរ នៅតំបន់ប្រទេសជិតខាង។
ករណីវត្ថុនៅលើដី ក្រោមដី បានរកឃើញជាហូរហែ និងមានច្រើនតែរឿងការស្រាវជ្រាវ នៅក្នុងទឹកគឺនៅមិនទាន់ មានការសិក្សាជ្រាវជ្រាវអីឱ្យបានវែងឆ្ងាយនៅឡើយទេ។ ដូចជានៅកោះស្តេចក៏ក្រសួងបានរកឃើញសំពៅលិច អ៊ីចឹងដែរ ហើយនេះជាលើកទី២ ដែលយើងរកឃើញនៅខេត្តព្រះសីហនុ។
បើតាមលោក សំណាង ជុំវិញបញ្ហានេះអាចជួយលើកតម្លៃឱ្យគេស្គាល់កម្ពុជាកាន់តែច្រើនទាក់ទងនឹងវិស័យជំនួញក្នុងសម័យបុរាណ។
មិនតែប៉ុណ្ណោះ ការងារនេះអាចនឹងផ្តល់នូវចំណេះដឹងបន្ថែម ទៅដល់ប្រជាពលរដ្ឋ អំពីតម្លៃនៃមរតកវប្បធម៌ដែលអត់មាននៅទីផ្សេង ជាពិសេសគឺវត្ថុបុរាណនៅក្នុងទឹក។ អ៊ីចឹងក្រៅពីសិក្សាស្រាវជ្រាវ ផ្តល់នូវចំណេះដឹងដល់ការងារស្រាវជ្រាវហើយនោះ វាអាចនឹងជួយទាក់ទាញភ្ញៀវទេសចរ ដើម្បីបង្កើនដល់សេដ្ឋកិច្ចជាតិដែលយើងអាចរៀបចំជាសារមន្ទីរមួយដែលបង្ហាញពីទីតាំងសំពៅលិច និងជំនួញផ្លូវសមុទ្រសម័យបុរាណ៕