រូបសំណាកដើមឈើផ្គុំពីរណារយន្ដកម្ពស់ ១០ ម៉ែត្ររបស់សិស្សឡៃហ្គឺ ឧទ្ទិសដល់ការអភិរក្សបរិស្ថាន
ភ្នំពេញ:នៅភាគឦសានខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា គម្រោងចក្ខុវិស័យប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមបរិស្ថានដែលកើតឡើងពីការកាប់ឈើខុសច្បាប់ រូបសំណាកដើមឈើផ្គុំពីរណារយន្ដកម្ពស់ ១០ ម៉ែត្រ ហាក់បានក្លាយជាឧបករណ៍ឧទ្ទិសដល់បុព្វហេតុនៃការអភិរក្សបរិស្ថាន។
ដឹកនាំដោយកញ្ញា ម៉ង់ រតនៈមាលា ជាសិស្សពីសាលាភាពជាអ្នកដឹកនាំឡៃហ្គឺ Liger Leadership Academy (LLA) និងជាប្រធានគម្រោងនៃ«សកម្មភាព និងក្ដីសង្ឃឹម» គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើតការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើ និងអបអរសាទរលទ្ធផលវិជ្ជមានដែលសម្រេចបានដោយថ្នាក់ Liger ឆ្នាំ ២០២៣។
កញ្ញា រតនៈមាលា បានថ្លែងថា៖ «ដោយមានការគាំទ្រពីសំណាក់រដ្ឋាភិបាល គំនិតចង់សាងសង់រូបសំណាកដើមរណារយន្ដផ្គុំពីម៉ាស៊ីនរណារដែលរឹបអូសខុសច្បាប់នៅខេត្តមណ្ឌលគិរីក៏បានផុសឡើង»។
ទោះបីជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមនៃជំងឺរាតត្បាតជំងឺកូវីដ ១៩ សិស្សានុសិស្ស ឡៃហ្គឺ បានបង្វែរគម្រោងនេះត្រឹមមកកសាងរូបសំណាក់ដើមឈើផ្គុំពីរណារយន្ដកម្ពស់ ៣ ម៉ែត្រនៅក្នុងបរិវេណសាលាវិញ ក្នុងឆ្នាំ ២០២០។
កញ្ញា រតនៈមាលា បានសម្រេចចិត្តបន្តគម្រោងនេះហើយកំណត់គោលដៅថ្មីមួយគឺការដំឡើងរូបសំណាកដើមឈើ កម្ពស់១០ម៉ែត្រផ្គុំពីរណារយន្ដ ដែលត្រូវបានរឹបអូសពីអ្នកកាប់ឈើខុសច្បាប់ចំនួន ៣០០ គ្រឿងនៅខេត្តមណ្ឌលគិរី។
កិច្ចការសម្រាប់សិស្សានុសិស្សដែលសម្រេចបានក្នុងខែសីហា ឆ្នាំ ២០២២ ក៏បានដើរតួយ៉ាងសំខាន់សម្រាប់គម្រោងមួយដែលមានឈ្មោះថា «សកម្មភាពនិងក្តីសង្ឃឹម»។
គម្រោងនេះឆ្លុះបញ្ចាំងពីឥទ្ធិពលវិជ្ជមានដែលសិស្សានុសិស្សជំនាន់ទី២ របស់សាលាភាពជាអ្នកដឹកនាំឡៃហ្គឺបានផ្ដល់មកលើខ្លួនឯង សង្គមប្រទេសជាតិក៏ដូចជាពិភពលោកទាំងមូល។
លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានប្រៀបធៀបគម្រោង «សកម្មភាព និងក្តីសង្ឃឹម» ទៅនឹងការបណ្ដុះគ្រាប់ពូជនៃការផ្លាស់ប្ដូរចំពោះបញ្ហាអប់រំ និងបរិស្ថាននៅកម្ពុជា។
លោកបានថ្លែងថា វាហាក់បីដូចជារដូវប្រាំង ដែលវាលស្រែត្រូវបានដុតឆេះខ្លោច ក្រោយប្រជាពលរដ្ឋប្រមូលផលច្រូតកាត់រួច។ ប៉ុន្ដែនៅពេលតំណក់ទឹកភ្លៀងដំបូងធ្លាក់លើវាលស្រែពណ៌ប្រផេះទាំងនោះ ស្អែកឡើង ពន្លកនៃរុក្ខជាតិថ្មីក៏ចាប់ដុះលូតឡើង។
លោក វឌ្ឍនា បានថ្លែងក្នុងឱកាសនោះថា៖ «ផ្ដើមពីបំណងប្រាថ្នានិងចាប់ផ្ដើមធ្វើសកម្មភាពអ្វីតូចមួយប្រកបដោយក្ដីសង្ឃឹម ពេលនោះ បំណងប្រាថ្នាមួយនេះនឹងកើតមានឡើង។ នៅពេលប្អូនៗជួបឧបសគ្គអ្វីក៏ដោយ រឿងអស់សង្ឃឹមអ្វីក៏ដោយឬបរាជ័យអ្វីក៏ដោយ ក៏ត្រូវហ៊ានក្រោកឈរឡើងវិញ ដោយដួលកន្លែងណា ក្រោកកន្លែងនោះ។ ពេលនោះ បំណងរបស់ប្អូនៗនឹងបានសម្រេចជាក់ជាមិនខាន»។
យុវតី រតនៈមាលា ទទួលស្គាល់ការគាំទ្រដ៏មានតម្លៃរបស់ក្រសួងអប់រំនិងក្រសួងបរិស្ថានដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ពួកគេក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះអាចធ្វើទៅបាន។ដោយមានកិច្ចសហការនិងជំនឿមិនងាករេលើសក្តានុពលរបស់គម្រោង មន្ត្រីរដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តជាក់ស្តែង។
ដើម្បីដឹងគុណចំពោះសារៈសំខាន់នៃស្នាដៃនេះ ការស្វែងយល់អំពីដំណើរដែលនាំទៅដល់ឱកាសនេះគឺជារឿងដ៏សំខាន់។ការចាប់ផ្តើមគម្រោងនេះមានតាំងពី៤ឆ្នាំមុននៅពេលដែល រតនៈមាលា បានដឹកនាំគម្រោងបង្កើតរូបសំណាកដើមឈើផ្គុំពីរណារយន្ដនេះឡើង។
កញ្ញាបាននិយាយថា៖ «គម្រោងនេះត្រូវបានផ្តួចផ្តើមដោយអ្នកណែនាំសាលារបស់ខ្ញុំគឺលោក Dominic Sharpe និងសិស្សច្បងគឺលោក ម៉េង ហួតលីម ប្រហែល ៤ ឆ្នាំមុន»។
រូបសំណាកដើមឈើផ្គុំពីរណារយន្ដកម្ពស់ ១០ ម៉ែត្រគួរឱ្យចាប់អារម្មណ៍ ត្រូវបានសាងសង់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី។ ជានិមិត្តសញ្ញាដ៏គួរឱ្យភ័យខ្លាច រូបសំណាកនេះដើរតួជាគ្រឿងរំឭកដ៏មានអានុភាពសម្រាប់មនុស្សគ្រប់រូបដើម្បីការប្រកាសអាសន្នពីបញ្ហាកាប់បំផ្លាញព្រៃឈើជាសកលនិងចាត់វិធានការជាបន្ទាន់។
រតនៈមាលា ក៏បានថ្លែងអំណរគុណដល់ក្រុមវិស្វករដែលបានខិតខំប្រឹងប្រែងក្នុងការកែច្នៃរូបសំណាកនេះឱ្យមានរូបរាងឡើងទាន់ពេលរៀបចំកម្មវិធីអបអរបញ្ចប់ឆ្នាំសិក្សានេះ។
លើសពីនេះទៀតរូបសំណាកដើមឈើផ្គុំពីរណារយន្ដនេះក៏បង្ហាញពីលទ្ធផលប៉ះពាល់ដ៏អាក្រក់នៃការកាប់ឈើខុសច្បាប់ ខណៈពេលដែលវាក៏ជានិមិត្តរូបនៃក្តីសង្ឃឹម និងភាពធន់ក្នុងការប្រឈមមុខនឹងភាពមិនអនុគ្រោះដល់បរិស្ថាន។
កញ្ញា រតនៈមាលា បានបន្ដថា៖ «វាឈរខ្ពស់ជាសក្ខីភាពនៃឥទ្ធិពលសកម្មភាពរួម និងបម្រើជាការរំឭកពីតម្រូវការបន្ទាន់ក្នុងការថែរក្សាបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា»។
គម្រោង «សកម្មភាព និងក្ដីសង្ឃឹម» មិនត្រឹមតែបង្ហាញពីស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សិស្សានុសិស្សឡៃហ្គឺដែលមានការប្តេជ្ញាខ្ពស់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
កញ្ញា មាលា បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងបំផុសគំនិតឱ្យភ្ញៀវកិត្តិយសទាំងអស់ធ្វើសកម្មភាពដែលនឹងជួយផ្លាស់ប្តូរ មិនថាតិច ឬច្រើនក្ដីពីព្រោះពេលខ្លះយើងមិនអាចឃើញលទ្ធផលនៃការផ្លាស់ប្ដូរភ្លាមៗទេ ប៉ុន្តែការផ្លាស់ប្ដូរទាំងនោះនឹងអាចក្លាយទៅជារលកមួយដែលរសាត់ឆ្ងាយទូទាំងពិភពលោក»។
តាមរយៈការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងស្មារតីបរិស្ថាន អ្នកតស៊ូមតិវ័យក្មេងទាំងនេះកំពុងបណ្តុះអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនពួកគេ សហគមន៍របស់ពួកគេ និងពិភពលោក។
នៅក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថាន រូបសំណាកដើមឈើផ្គុំរណារយន្ដដើរតួនាទីជាពន្លឺនៃក្តីសង្ឃឹមដោយរំឭកមនុស្សគ្រប់រូបថា រាល់សកម្មភាពមិនថាតូចប៉ុនណាក៏ដោយ អាចរួមចំណែកដល់អនាគតដ៏បៃតងនិងមាននិរន្តរភាពជាងនេះ៕