ភ្នំពេញៈ ​អង្គការ​មនុស្ស​ចាស់​ក​ម្ពុ​ជានិង​សាកលវិ​ទ្យាល័យ​ជាតិ​បាត់​ដំប​ង កាលពី​ថ្ងៃទី ​៥ ​ខែមិថុនា​ បាន​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​មួយ ​ដើម្បី​ផ្ដល់ឱកាស​ដល់​និស្សិត​បញ្ញវន្ត​បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​ងារ​សង្គម​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​អន្តរ​ជំនាន់​ជា​មួយ​មនុស្ស​វ័យ​ចាស់​។​


​លោក ទុំ វី​រា់ នាយក​ប្រតិ​បត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជាបាន​ឱ្យដឹង​ថា កន្លង​មក​អង្គការ​មនុស្ស​ចាស់ ​បាន​ធ្វើការ​មួយ​ចំនួន​ជា​មួយ​សាកល​វិទ្យាល័យ​ជាតិ​បាត់​ដំបង ប៉ុន្តែ​ការងារ​ទាំង​នោះ​មិន​ទាន់​ជា​ផ្លូវការ​ទេ​ ដោយ​មិន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ឬ​ចុះ​អនុ​ស្សរណៈ​យោគ​យល់​គ្នា​ណា​មួយ​។​

​លោក​បាន​ប្រាប់ថា៖«​យើង​បាន​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​នាពេល​នេះ ក្នុង​គោល​បំណង​ចង់​ឱ្យមាន​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​មនុស្ស​ជំនាន់​ក្រោយ​ជាមួយ​មនុស្ស​វ័យចា​ស់ ដើម្បីឱ្យ​ពួក​គាត់​អាច​រៀន​សូត្រ​ពីគ្នា​ទៅ​វិញ​ទៅ​មក ហើយ​មួយ​វិញ​ទៀត ក៏មាន​គោល​បំណង​ចង់ឱ្យ​និស្សិត​-​បញ្ញ​វន្ត បាន​ចូលរួម​ធ្វើ​ការងារ​សង្គម ​ដើម្បី​ជួយ​ទៅ​ដល់​មនុស្ស​វ័យ​ចាស់​ផង​ដែរ​»​។

​លោក ទុំ វី​រ៉ា បាន​បន្ត​ថា ក្នុង​ខ្លឹមសារ​ចុះ​អនុស្សរណៈ​មិន​បាន​កំណត់​ពេល​​ទេ ​ប៉ុន្តែ​វា​ជា​ឯកសារ​មួយ​ក្នុងការ​បើក​ផ្លូវ​ឱ្យ​ស្ថា​ប័ន​ទាំង២​នេះ​បាន​ធ្វើការ​ជាមួ​យគ្នា​ជា​លក្ខណៈ​ផ្លូវការ ហើយ​ក្នុងនាម​ជា​អង្គការ​មនុស្ស​ចាស់ ​លោក​បាន​ផ្ដល់​ឱកាស​ដ​ល់​និស្សិត​អាចធ្វើ​ការស្ម័គ្រ​ចិត្ត ស្រាវជ្រាវ​ជាមួយ​ក្រុម​ការងារ​អង្គការ​លោក​បាន​។​


​លោក​បាន​បន្តថា៖ «​យើង​ក៏បាន​គាំទ្រ និង​ផ្ដល់​គ្រូ​បណ្ដុះ​បណ្ដាល​ទៅដល់​សា​កល​វិទ្យា​ជាតិ​បាត់​ដំបង ​ទៅលើ​ជំនាញ​ការងារ​សង្គម​។​អ៊ីចឹង​!ខាង​យើង​ត្រូវ​ផ្ដល់​ចំណុច​ទាំង​អស់​ទៅ​ដល់​សា​លា​និង​ចូលរួម​ក្នុង​កិច្ច​ការងារ​សំខាន់​ក្នុង​កម្ម​វិ​ធីសិក្សា​របស់​សាលា​ផងដែរ​»​។​


​ទាក់​ទង​នឹង​រឿង​នេះ លោ​ក តូច ចាន់នី អ្នក​នាំ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន ​និង​យុវនីតិ​សម្ប​ទា បាន​​ឱ្យ​ដឹង​ថា ការចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​រវាង​អង្គការ​មនុស្ស​ចាស់​ និង​សា​កល​វិទ្យា​ជាតិ​បាត់​ដំបង ​ជា​រឿង​ល្អ ​ព្រោះនេះ​​ជាការ​ជំរុញ​ឱ្យ​យុវជន​ សិស្ស​-​និស្សិត ឬ​មនុស្ស​ជំនាន់​ក្រោយបាន​ចូលរួម​ស្រាវ​ជ្រាវ និង​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​របស់​មនុស្ស​វ័យ​ចាស់​។​

​លោក​បានបន្ត​ថា លោក​ក៏​ចង់​ឱ្យ​អង្គ​ការ​មនុស្ស​ចាស់ និង​សា​កល​វិទ្យាល័យ​ផ្សេង​ទៀត មិន​ថា​នៅ​ខេត្ត​បាត់​ដំបង ឬ​រាជ​ធានី​ភ្នំពេញ​ទេ ត្រូវ​ស​ហការគ្នា​ដើម្បី​ឱ្យ​សិស្ស​-​និស្សិតនិង​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​ពី​សារៈ​សំខាន់​មនុស្ស​វ័យ​ចាស់ និង​តម្រូវ​ការ​របស់​មនុស្ស​វ័យ​ចាស់​ផង​ដែរ​។​

​លោក​តូច ​ចាន់នី​បានថ្លែង​ថា​៖ «​អ​នុស្សរណៈ​យោគយ​ល់​គ្នា​នេះ​ល្អ ដោយ​សារ​វា​បាន​ជំរុញ​ឱ្យ​សិស្ស​និស្សិត ​និង​យុវជន​ជំនាន់​ក្រោយ ​បាន​ចូល​រួម​យល់​ដឹង​ពី​តម្រូវ​ការ បញ្ហា​ប្រឈម​របស់​មនុស្ស​វ័យ​ចាស់​ ដែល​ការ​ចូល​រួម​ទាំង​នេះ វា​នឹង​ផ្ដល់​ប្រយោជ​ន៍​ទាំង​មនុស្ស​ចាស់ និង​សង្គម​ជាតិ​ទាំង​មូល​»​។​

​សូម​បញ្ជា​ក់ថា តាម​របាយកា​រណ៍​ជំរឿន​ឆ្នាំ​២០១៩ ​កម្ពុ​ជាមាន​ប្រជា​ជន​វ័យ​ចំណាស់​ចំនួន១,៣៨​លាននាក់ ឬ​ប្រហែល៨,៩​ភាគរយនៃ​ចំនួន​ប្រជា​ជន​សរុប​។ ចំនួន​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​ត្រូវបាន​ព្យាករ​ថា ​នឹង​អាច​កើនឡើង​ដល់១​៣ភា​គរយ​នៅ​ឆ្នាំ​២០៣០ដល់​១៦​ភាគ​រយ​នៅ​ឆ្នាំ​២០៤០​និង​រហូត​ដល់​២៣​ភាគ​រយ​នៅ​ឆ្នាំ​២០៥០​៕