ភ្នំពេញៈ​ បារាំងបានផ្ដល់​​វគ្គ​សិក្សា ​និង​ហ្វឹក​ហ្វឺន​ដល់​កងរាជ​អាវុ​ធហត្ថ​នៃ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​មួក​ខៀវ​កម្ពុជា ​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាពក្នុងការ​ឆ្លើយ​តប​នឹង​កម្លាំង​ប្តូរ​វេន​កម្ពុជា ​ក្រោម​ជំនួយ​របស់​ក្រុម​ការងារ​នៃ​បេសក​កម្ម​សហ​ប្រតិ​បត្តិការ និង​ការពារ​បារាំង ​(MCD)​។​


​ការ​ផ្តល់​ជូន​វគ្គ​សិក្សា​របស់​ភាគី​បារាំង​នេះ ​ធ្វើ​ឡើង​ក្នុង​ជំនួប​សម្តែង​ការគួរ​សម​របស់​លោក ​Christophe ROUSSEL មន្ត្រី​បណ្តុះ​បណ្តាល​ផ្នែក​នគរ​បាល​យុត្តិ​ធម៌​របស់​បារាំង​ជា​មួយ​លោក ​សែម សុវណ្ណនី អគ្គនា​យក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព កាល​ពី​ថ្ងៃទី​៥ ខែមិថុនា ​ឆ្នាំ​ ២០២៣​។​

​មជ្ឈ​មណ្ឌល​រក្សា​សន្តិភាព ​បាន​ឱ្យដឹង​ថា ការផ្តល់​វគ្គ​សិក្សា​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​លើកា​រគាំទ្រ​ចំពោះ​កម្លាំង​ប្តូរ​វេន​របស់​កម្ពុជា​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​នឹង​ផ្តល់​ចំណេះ​ដឹង​បន្ថែម​ដល់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​។​


​វគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្ត​ទៅចាប់​​ពីថ្ងៃ​ទី​៦​ ដល់​ថ្ងៃទី​៣០​ ខែមិថុនា នៅ​វិទ្យា​ស្ថាន​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ឧ​ដុង្គ ក្រោម​ការ​បណ្តុះ​បណ្តាល​ពី​ក្រុម​ការងារ​នៃ​បេសក​កម្ម​សហប្រតិ​បត្តិ​ការនិង​ការ​ពារ​បារាំង ​(MCD)​។​

​លោក​សែម ​សុវណ្ណនី បាន​សម្តែង​អំណរ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ភាគី​បារាំង​ក្នុង​ការ​ជួយ​ជ្រោមជ្រែ​ង និង​ផ្តល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ​ល់​កម្ពុជា​ ពិសេស​សម្រាប់​ជំនួយ​វគ្គ​បណ្តុះ​បណ្តាល​នេះ ហើយ​លោក​ក៏បាន​ស្នើសុំ​បារាំង​ផ្តល់​វគ្គ​សិក្សា​ខ្លី​តែ​ខ្លឹម​ដល់​កម្ពុជា​បន្ត​ទៀត ដើម្បី​ពង្រឹង​ការ​បំពេញ​បេសក​កម្មរ​ក្សា​សន្តិភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​


​ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក យង់ ពៅ អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានថ្លែងថា​ជំនួយ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ជា​រឿង​ល្អ​ប្រសើរ​ក្នុងការ​ពង្រឹង​សមត្ថភាព​កង​ទ័ព​មួក​ខៀវ​កម្ពុជា​សម្រាប់​បម្រើ​ដល់​បេសក​កម្ម​ថែរក្សា​សន្តិភាព ​ព្រោះ​ជា​បេសក​កម្ម​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ក្នុង​តំបន់​កំពុង​មាន​បញ្ហាដែល​ទាម​ទារ​បច្ចេក​ទេស​និង​សមត្ថ​ភាព​ខ្ពស់​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ច្បាស់​លាស់​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ចូល​រួម​ថែរក្សា​សន្តិភាព​របស់​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​ដែល​ជួប​វិបត្តិ​រ៉ាំរ៉ៃ ជា​សកម្ម​ភាព​អន្តរ​ជាតិ​ដែល​កម្ពុជា​ចូលរួម​ថែរក្សា​សន្តិ​ភាព​សកល​ ខណៈ​កម្ពុជា​ធ្លាប់មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ ដែល​ស្តែង​ឡើង​ក្នុង​សម័យ​អ៊ុន​តាក់​ (UNTAC) ទទួល​បាន​ជំនួយ​ទ័ព​ពី​ប្រទេស​នានា​ក្នុង​គ្រា​កន្លង​ទៅ​»​។​

​លោក​បាន​បន្ថែម​ថា ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក​ការពារ​សន្តិ​ភាព និង​ចូលរួម​បេសក​កម្ម​រក្សា​សន្តិភាព​សកល ​មាន​ភាពចាំ​បាច់​ណាស់ ដែ​ល​កម្ពុជា​ត្រូវការ​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទាំង​ផ្នែក​ច្បាប់​អន្តរ​ជាតិ​ ច្បាប់​សង្គ្រាម​ សមត្ថ​ភាព​ប្រយុទ្ធ​និង​ការ​ពារ​ខ្លួន ក៏ដូចជា​ការ​សង្គ្រោះ​បឋម​ជា​ដើម​។​

​ចំណែក​លោក ​សេង ​វណ្ណ​លី សាស្ត្រា​ចារ្យ​ទំនាក់​ទំនង​អន្តរ​ជាតិ​និង​ជា​អ្នក​តាម​ដាន​បញ្ហា​នយោ​បាយ​តំបន់ បាន​លើក​ឡើង​ដែរ​ថា បា​រាំងជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​តែង​ផ្តល់​ជំនួយ​ផ្នែក​សម្ភារ បច្ចេក​ទេសនិង​ចំណេះ​ដឹងដល់​មន្ត្រី​មួក​ខៀវ​កម្ពុជា​ក្នុងការ​បំពេញ​ចំណេះ​ដឹង​បន្ថែម​លើ​ការងារ​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​តិ​។​

​លោក​បាន​បន្ថែម​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បារាំង​មាន​ភាព​សកម្ម​ខ្លាំង​ក្នុងការ​ផ្តល់​ជំនួយ​ក្នុង​បេសក​កម្ម​រក្សា​សន្តិ​ភាព​ ​ក្រៅពី​ជប៉ុន ដា​ណឺ​ម៉ាក ​ហ្វាង​ឡង់ ន័រ​វែស​ និង​បែ​ល​ហ្ស៊ិក​ ជាដើម​។​

​សូម​ជម្រាប​ថា ​បញ្ហា​បេសកក​ម្ម​រក្សា​សន្តិភាព​និង​មនុស្ស​ធម៌​អន្តរ​ជាតិ​នេះដែ​រ លោក ​ទៀ បាញ់​ រដ្ឋមន្ត្រី​ការ​ពារជាតិ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃទី​៤ ខែមិថុនា ថា កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ ព្រម​ទាំង​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​ក្នុងការ​ចូល​រួម​ប្រតិ​បត្តិ​ការ​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​ជួយ​ស្រោច​ស្រង់​ជីវិត​មនុស្ស ​និង​កសាង​ភាព​សុខ​ដុម​សម្រាប់​ប្រជា​ជាតិ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ តួយ៉ាង​ជម្លោះផ្ទៃ​ក្នុង សង្គ្រាម​ស៊ីវិលបន្ត​កើត​មាន​ ជាពិសេស​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​។​

​លោក ទៀ​ បាញ់ លើក​ឡើង​ដូច​នេះក្នុងជំនួប​សន្ទនា​សាំង​ហ្គ្រី​ឡា​នៅ​ប្រទេសសិង្ហ​បុរី ស្តីពី​សន្តិ​សុខ​អាស៊ី ​ដោយ​លោក​បាន​បន្ថែម​ថា ​នៅ​ឆ្នាំ​២០២២ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​កម្ពុជា​បាន​ផ្តួច​ផ្តើម​តាម​រយៈ​ឯកសារ​ទស្សន​ទានដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ជាច្រើន​ថែម​ទៀត​របស់​បណ្តា​សមាជិក​អាស៊ាន​ក្នុង​បេសក​កម្ម​រក្សា​សន្តិភាព​៕