ភ្នំពេញៈ វេទិកាជំនាន់នៃភាពច្នៃប្រឌិតបានប្រកាសអនុវត្តគម្រោង «នៅក្រោមម្លប់ដំណាក់កាលទី២» ដោយបន្តគាំទ្រដល់ការច្នៃប្រឌិតរបស់យុវជនខ្មែរ និងផ្តល់ឱកាសឱ្យពួកគេបានសិក្សា និងអភិវឌ្ឍជំនាញនៅក្នុងវិស័យឌីហ្សាញ និងសិល្បៈដោយដំណាក់កាលទី២ នេះ នឹងប្រកាសអ្នកឈ្នះជយលាភីនៅពាក់កណ្តាលខែមិថុនាខាងមុខ។
នៅក្រោមម្លប់គឺជាគម្រោងដ៏រំភើបមួយរបស់ជំនាន់នៃភាពច្នៃប្រឌិតដែលបង្ហាញការឌីហ្សាញចីរភាព ដែលដំណាក់កាលទី១ បានបង្ហាញស្នាដៃស្ថាបត្យករវ័យក្មេងនួនសង់ទីក្រោមការដឹកនាំរបស់ដេវីដខូលដោយបានរ៉ាប់រងក្នុងការឌីហ្សាញនិងដំឡើងស្ថាបត្យកម្មនេះនៅក្នុងទីធ្លារបស់ F3 (Friends Futures Factory) រាជធានីភ្នំពេញកាលពីឆ្នាំ២០២២កន្លងទៅ។
លោកស្រី Dana Langlois សហស្ថាបនិកនិងជានាយិកាវេទិកាជំនាន់នៃភាពច្នៃប្រឌិតបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៦មិថុនាថានៅក្រោមម្លប់គឺជាផ្នែក១នៃវេទិកាជំនាន់នៃភាពច្នៃប្រឌិតដើម្បីគាំទ្រដល់ការច្នៃប្រឌិតរបស់យុវជនខ្មែរនិងផ្តល់ឱកាសឱ្យពួកគេបានសិក្សានិងអភិវឌ្ឍជំនាញនៅក្នុងវិស័យឌីហ្សាញនិងសិល្បៈ។
បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងដំណាក់កាលទី១លោកស្រីថ្លែងថាគម្រោងនៅក្រោមម្លប់ដំណាក់កាលទី២ចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៣នេះហើយនៅថ្ងៃទី២៤ខែមិថុនាខាងមុខនឹងមានការប្រកាសអ្នកទទួលជយលាភីដើម្បីយកស្នាដៃរបស់ពួកគេទៅដាក់តាំងបង្ហាញនិងសាងសង់ជាថ្មីនៅក្នុងបរិវេណ F3 ជំនួសឱ្យស្នាដៃចាស់ដែលត្រូវបានរុះរើចេញ។
លោកស្រីបានបញ្ជាក់ថា៖«ជំនាន់នៃភាពច្នៃប្រឌិតសូមអញ្ជើញបេក្ខជនជាប់ជម្រើសមិត្តភក្តិដៃគូចូលរួមដោយផ្ទាល់ជាមួយពួកយើងក្នុងកម្មវិធីប្រកាសឌីហ្សាញជាប់ជយលាភីនៃគម្រោងនៅក្រោមម្លប់២។បេក្ខជនជាប់ជម្រើស៣ក្រុមនឹងធ្វើបទបង្ហាញអំពីប្លង់សម្រេចដែលពួកគេបានផ្ញើមកចូលរួមប្រកួតប្រជែង។មានតែក្រុម១ប៉ុណ្ណោះដែលនឹងត្រូវជ្រើសរើសជារង្វាន់ជយលាភីហើយគម្រោងឌីហ្សាញរបស់ពួកគេនឹងត្រូវសាងសង់ចេញជារូបរាងនៅក្នុងទីតាំង F3 នៅរដូវប្រាំងខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ»។
តាមសេចក្តីប្រកាសព័ត៌មានរបស់វេទិកាជំនាន់នៃភាពច្នៃប្រឌិត បានឱ្យដឹងថាចំពោះការឌីហ្សាញ ដែលត្រូវបានជ្រើសរើសសម្រាប់យកមកសាងសង់នៅបរិវេណ F3 ត្រូវតែប្រាកដថា មានមុខងារ មានសោភណភាព និងមាននិរន្តរភាព ដើម្បីធានាថា បរិវេណដែលសាងសង់បែបសហគមន៍ស្ថាបត្យកម្មនេះផ្តល់ផាសុកភាព ផ្តល់ជាម្លប់ និងទាក់ទាញដល់អ្នកទស្សនាសម្រាប់ព្រឹត្តិការណ៍សាធារណៈ និងសម្រាប់មនុស្សច្រើននាក់។
តាមការប្រកាសក្នុងចំណោមក្រុមទាំង៣ក្រុមដែលត្រូវឆ្លងចូលវគ្គជម្រុះចុងក្រោយគឺក្រុមទី១មានសមាជិក២នាក់ ឈ្មោះ May Sokunlanita និងSophonn Davy ដែលការរចនារបស់ពួកគេបានដាក់ឈ្មោះថា"Le Romduol"ដោយពួកគេបានផ្តោតជាមួយនឹងផ្ការំដួលរបស់ប្រទេសកម្ពុជាជាការបំផុសគំនិតក្នុងការបង្កើតប្លង់ថ្មី។ក្រុមទី១នេះបានផ្តោតលើនិរន្តរភាពដែលពួកគេបានជ្រើសរើស ដោយយកឫស្សីដើមត្រែងនិងផ្តៅដើម្បីសាងសង់ដំបូលស្របពេលការរចនារបស់ពួកគេក៏បានបញ្ចូលនូវសិល្បៈហត្ថកម្មប្រពៃណីខ្មែរដើម្បីនាំមកនូវភាពស្រស់ស្អាតដល់ការរចនាទៀតផង។
ចំពោះក្រុមទី២វិញគឺមានសមាជិកក្រុមចំនួន៣នាក់ដែលមានឈ្មោះ Dok Techlong, Pan Liden និង Main Nika ដោយពួកគេបានជ្រើសរើសការរចនារបស់ពួកគេដោយផ្តោតលើដើមឈើធំមួយនៅទីធ្លា F3។ការពិពណ៌នារបស់ពួកគេគឺធ្វើឡើងដើម្បីការពារធនធានធម្មជាតិដោយដាក់ឈ្មោះថា "Ka Bombous Dermcher" ដែលមានការបំផុសគំនិតតាមរយៈការបង្ហាញប្រពៃណីខ្មែរនៃការរុំដើមឈើជារង្វង់ជាមួយក្រណាត់ជុំវិញវា។ការរចនារបស់ក្រុមទី២គឺចង់បង្ហាញការអនុវត្តដែលរំឭកយើងអំពីសារៈសំខាន់នៃដើមឈើនិងកាតព្វកិច្ចរបស់មនុស្សក្នុងការថែរក្សាដើមឈើនៅកម្ពុជា។
ចំណែកក្រុមទី៣គឺមានសមាជិកក្រុមចំនួន២នាក់មានឈ្មោះ Sou Oudom និង Try Sokha Raksmey ដោយពួកគេបានបង្ហាញការរចនាដែលប្រើប្រាស់ក្រណាត់បោះចោលដោយព្រះសង្ឃដើម្បីឱ្យក្រណាត់មានជីវិតជាថ្មី។ការរចនារបស់ក្រុមទី៣គឺចង់បង្ហាញឱ្យឃើញពីការបក់បោកនឹងរំកិលតាមខ្យល់ដូចស្លឹកឈើនិងមែកឈើ។ពួកគេក៏បានបញ្ជាក់ដែរថានៅចុងបញ្ចប់នៃគម្រោងនៅពេលការស្ថាបនានេះត្រូវបានបញ្ចប់ក្រណាត់ទាំងនោះនឹងត្រូវបានយកទៅធ្វើការកែច្នៃជាលើកទី៣ដោយបំប្លែងទៅជាប្រដាប់ប្រដាក្មេងលេងតាមបែបប្រពៃណីដែលបានធ្វើនៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោកស្រី Dana Langlois បាននិយាយថា៖«យើងចង់ចែករំលែកជាមួយអ្នកនូវជម្រើសដ៏អស្ចារ្យដែលយើងបានជ្រើសរើសសម្រាប់គម្រោងនៅក្រោមម្លប់ដំណាក់កាលទី២ដោយមិនរាប់បញ្ចូលអ្នកដែលមិនចង់ឱ្យការឌីហ្សាញរបស់ពួកគេត្រូវបានចែករំលែកជាសាធារណៈនោះទេ។យើងចង់បន្ថែមថាទោះបីជាយើងពិតជាចូលចិត្តស្នាដៃដែលបានដាក់មកចូលរួមប្រកួតទាំងអស់ព្រោះមានការរចនាគួរឱ្យចាប់អារម្មណ៍ជាច្រើនក៏ដោយ ក៏មិនមែនស្នាដៃទាំងអស់សុទ្ធតែសមរម្យសម្រាប់គោលបំណងរបស់យើងដែរ។ យើងសង្ឃឹមថាតាមរយៈការចែករំលែកស្នាដៃនៅទីនេះសាធារណជនអាចពេញចិត្តចំពោះការងាររបស់ពួកគេនិងការរចនាបំផុសគំនិតនេះ»។
វេទិកាជំនាន់នៃភាពច្នៃប្រឌិតគឺជាវេទិកាសម្រាប់បង្ហាញទេពកោសល្យរបស់សិល្បករថ្មីៗតាមរយៈការរៀបចំបង្ហាញស្នាដៃការណែនាំបង្ហាញនិងការបំផុសគំនិតច្នៃប្រឌិតដល់សិល្បករដើម្បីបណ្ដុះទស្សនៈសិល្បៈដ៏រឹងមាំនិងជំនាញវិជ្ជាជីវៈដល់ពួកគេ។នេះបើតាមលោកស្រីDana Langlois៕