​រតនគិរីៈ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​កត់ត្រា​ចំនួន​សត្វ​ក្រៀល ១៦​ ក្បាល​បន្ថែមទៀត ​ក្នុង​រដូវ​មិន​បន្ត​ពូជ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ សម្រាប់​ឆ្នាំ​ ២០២២-២០២៣​។ ​អង្គការ​នេះ​បាន​កត់សម្គាល់ថា តាម​លទ្ធផល​នៃ​ការធ្វើជំរឿន​ឆ្នាំ​ថ្មី​នេះ ជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​។​


តាម​ការផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ថ្ងៃទី​៦ ខែមិថុនា​នេះ បញ្ជាក់ថា​៖«​ការ​ជំរឿន​នេះ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ខែធ្នូ រហូតដល់​ខែឧសភា​ជា​រៀងរាល់ឆ្នាំ និង​នៅ​ទូទាំងប្រទេស​។ ជា​លទ្ធផល​សម្រាប់​ការ​ជំរឿន​ឆ្នាំ​២០២២-២០២៣ យើង​កត់ត្រា​បាន​ក្រៀល​បាន​ចំនួន ១៦​ក្បាល​ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​» ។​

​ប្រភព​ដដែល​បន្តថា ក្រៀល​ជា​បក្សី​ដែលមាន​កម្ពស់​ខ្ពស់បំផុត និង​អាច​ហើរ​បាន​។ បក្សី​ដ៏​ស្រស់ស្អាត​នេះ​ធ្លាប់មាន​ចំនួន​ច្រើន និង​មាន​របាយ​ស្ទើរ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ចំនួន​របស់​វា​បាន​ធ្លាក់ចុះ​យ៉ាង​លឿន​ដោយសារ​កត្តា​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ប្រមូល​ពង​កូន​ជាដើម​។ នៅពេល​បច្ចុប្បន្ននេះ ក្រៀល​ត្រូវបាន​ចាត់​ចូល​ជា​ប្រភេទ​ងាយ​រងគ្រោះ​ក្នុង​បញ្ជីរ​ក្រហម IUCN​។


លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែង​នៅ​ថ្ងៃទី​៦​ ខែមិថុនា​ថា ចំនួន​សត្វ​ក្រៀល ១៦ ក្បាល​នេះ​កត់​ត្រាតែ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ប៉ុណ្ណោះ ចំណែក​ទីតាំង​ផ្សេងៗ​ទៀត​ជាពិសេស​កន្លែង​ជម្រក កន្លែង​រក​ចំណី​ផ្សេងៗ​ទៀត ដូចជា​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​ក្នុង​ខេត្តកំពត និងតំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ក្នុង​ខេត្តតាកែវ មិនទាន់​បានកំណត់​នូវ​ចំនួន​សត្វ​ក្រៀល​នៅឡើយ ព្រោះ​ត្រូវធ្វើ​ការសិក្សា និង​ប្រមូល​ទិន្នន័យ​បន្តទៀត​។​

​លោក​ថ្លែងថា​៖«​ក្នុង​ជំរឿន​កាលពី​ឆ្នាំ ២០២១-២០២២ កន្លងទៅ​មាន​ចំនួន​សត្វ​ក្រៀល​ចំនួន ១៥៦ ក្បាល ដោយឡែក​ឆ្នាំ ២០២២-២០២៣ យើង​កំពុង​ប្រមូល​ទិន្នន័យ​។​យើង​សង្ឃឹមថា នឹង​បាន​នូវ​របាយការណ៍​ក្នុងពេល​សមស្រប​ខាងមុខ​»​។


​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បន្តថា តាមរយៈ​លទ្ធផល​នៃ​ការធ្វើជំរឿន​នៅ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ដែលជា​កន្លែង​ជម្រក​ពង​កូន​របស់​សត្វ​ក្រៀល​មានការ​កើនឡើង ហេតុនេះ​ក៏​អាចជា​សូចនាករ​១​ដែល​គួរ​រំពឹង​ជឿជាក់ថា សត្វ​ក្រៀល​នៅ​តំបន់​ផ្សេងៗ​ទៀត​ដូចជា​នៅ​បឹង​ព្រែក​ល្ពៅ និង តំបន់ការពារទេសភាព​អន្លង់​ព្រីង នឹង​អាចមាន​ការកើនឡើង​ដូចគ្នា​។

​លោក នេត្រ ភក្ត្រា បញ្ជាក់ថា ចំនួន​សត្វ​ក្រៀល​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់​មានការ​កើនឡើង​នេះ ទី​១ ដោយសារ​មានការ​ពារ​បាន​នូវ​សម្បុក​ពង​កូន​របស់​សត្វ​ក្រៀល ទី​២ គឺមាន​ការបោះ​បង្គោលព្រំ​កំណត់​ទីតាំង​បានច្បាស់លាស់​ដែលជា​វិធានការ​បន្ថែម ​១ ​ទៀត ឱ្យ​សាធារណជន ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះបាន​ដឹងថា​ ទីតាំង​កន្លែង​នោះ​ជាទី​តាំង​ពង​កូន​របស់​សត្វ​ក្រៀល និង​ទី ៣ ដោយសារ​ការអប់រំ​ផ្សព្វផ្សាយ​។

​លោក​បញ្ជាក់ថា​៖«​ចំពោះ​ការផ្សព្វផ្សាយ​គឺ​យើង​បាន​ចុះទៅ​ដល់ទី​តាំង​ហ្នឹង​ផ្ទាល់​តែម្តង គឺ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​តំបន់​ហ្នឹង ហើយ​គាត់​អាច​ចូលរួម​ការពារ​អភិរក្ស​បន្ថែមទៀត​ជាមួយនឹង ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ដែល​ធ្វើ​ការងារ​ហ្នឹង​»​។​

​លោក​បញ្ជាក់​បន្ថែមថា ក្រសួងបរិស្ថាន​បាននិងកំពុង​ធ្វើការ​ជាមួយ​អង្គការ​ដៃគូ ដើម្បី​អភិរក្ស​សត្វ​ក្រៀល និង​ទីជម្រក​របស់​ពួកវា​ដោយមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​ល្បាត​ជាប្រចាំ​កន្លែង​ដែល​សត្វ​ក្រៀល​រស់នៅ សិក្សា​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​តំបន់ដីសើម​ដែល​បានកំណត់​៕