ភ្នំពេញៈ​ កាក​បាទ​ក្រហម​កម្ពុជានឹង​ប្រើប្រាស់​មូល​និធិ​ជាង ១៣​ លាន​ដុល្លារ​ដែល​ទទួល​បាន​ពី​យុទ្ធនា​ការ​កៀរគរ​រក​មូល​និធិតាម​រយៈ​ប្រធាន​បទ «​រួមគ្នា​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​បរិ​យា​ប័ន្ន​សង្គម​» ក្នុង​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​ ២០២៣ សម្រាប់​ប្រតិ​បត្តិ​ការ​មនុស្ស​ធម៌​ទៅ​តាម​ផែន​ការ​អភិវឌ្ឍន៍​ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣នៃ​យុទ្ធ​សាស្ត្រ ២​០២១-២០៣០​។​


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ថ្ងៃទី​៧ ​ខែមិថុនា ឆ្នាំ២០២៣ គិត​មក​ដល់ថ្ងៃទី​១ ខែមិថុនា​ ថ្នាក់​កណ្តាល​បាន​ទទួល​សម្ភារ​និង​ថវិកា​ពី​សប្បុរស​ជន៩៩៩​ អង្គ​/​នាក់ ​មាន​មូល​និធិ​សម​មូល​ជា​ដុល្លារ​អាមេរិកចំនួន​ជាង ១៣​,៩​លាន​​ដុល្លារ​អាមេ​រិក ឯ​នៅ​តាម​សាខា​ខេត្ត​ចំនួន​២៤​ទៀត ក៏​បាន​និង​កំពុង​ដំណើរ​កា​រកៀរគរ​រក​មូល​និធិ​តាម​លទ្ធ​ភាព​រៀងៗ​ខ្លួន​។​

​កាក​បាទ​ក្រហមក​ម្ពុជា បាន​លើក​ឡើងថា ៖ «​កាក​បាទ​ក្រហម​កម្ពុជា បាននិ​ងកំពុ​ង​ធ្វើ​ប្រតិប​ត្តិការ​មនុស្ស​ធម៌​ទៅ​តាម​ផែន​ការ​អភិវឌ្ឍន៍​ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣ នៃ​យុទ្ធ​សាស្ត្រ ​២០២១​-២០៣០​ទៅលើ​វិស័យ​អាទិ​ភាព​ទាំង​៤​ដែល​បាន​កំណត់​»​។​


​វិស័យ​អាទិ​ភាព​ទាំង​នោះ​រួម​មាន​៖ ការ​គ្រប់​គ្រង​គ្រោះ​មហ​ន្តរាយ ​វិបត្តិ​ភ័យ និង​ការប្រែ​ប្រួល​អាកាស​ធាតុ​, ការ​អប់រំ​ថែទាំ​សុខ​ភាព​តាម​សហ​គមន៍​, ការ​លើក​កម្ពស់​គោលការ​ណ៍​គ្រឹះតម្លៃ​មនុស្សធម៌ ​សុខុមាល​ភាព​សង្គម​និង​ការ​អភិវឌ្ឍ​ស្ថា​ប័ន​/​អភិ​វឌ្ឍ​សាខា​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ៖ «​គ្រួសារ​ងាយ​រងគ្រោះ​បំផុត​ជាង១២​ម៉ឺន​គ្រួសារ ​ទទួល​ផល​ដោយ​ផ្ទាល់​ពី​ការ​ផ្ដល់​អំណោយ​សម្រាល​ជីវ​ភាព​, ការក​សាង​សមិទ្ធ​ផល​ផ្ទះ​ស្នាក់​អាស្រ័យ​, កន្លែង​លាង​សម្អាត​ដៃ​,​បង្គន់​អនា​ម័យ​, អណ្ដូង​ទឹក​ស្អាត​ជា​ដើម​»​។


​ប្រភព​ដដែល​បន្ត​ថា ៖ «​លើស​ពីនេះ​ទៅ​ទៀត កាក​បាទ​ក្រហម​កម្ពុជា បាន​ពង្រីក​ការ​ផ្ដល់​ទុន​ប្រាក់ក​ម្ចី​ឥត​ការ​ប្រាក់​ចំនួន​៥៤៣​គ្រួសារ​បន្ថែម​ក្នុង​ឆ្នាំ​២០២២ និង​ពង្រីក​បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ​២០២៣​នេះ​ចំនួន​ ២៦៧​គ្រួសារ​រួម​ជា​មួយ​ការ​បង្វិល​ប្រាក់​ដើម​ទុន​ចាស់​រំលស់​មក​វិញ ​សម្រេច​បាន​សរុប​៨១០​គ្រួសារ នៅ​តំបន់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​មីន​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​ប៉ៃលិន ឧត្តរ​មាន​ជ័យ និង​ព្រះ​វិហារ​»​។

​ជា​មួយ​គ្នានេះ​ កា​កបាទ​ក្រហម​ក៏មាន​ការអប់រំ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​យល់​ដឹង​ពី​ការប្រែប្រួ​ល​អាកាស​ធាតុ​, ការ​ថែទាំ​សុខ​ភាព​សា​ធារណៈ ​សុខភាព​មាតា​-​ទារក​ កុមារ​ មនុស្ស​ចាស់​, ការ​យល់​ដឹង​ពី​ជំងឺ​មហា​រីក​សុដន់ មហារីក​មាត់​ស្បូន​, ការ​កាត់​បន្ថយ​គ្រោះថ្នា​ក់​ចរា​ចរណ៍ និង​គ្រោះ​ថ្នាក់​ដោយសា​រ​មីន ដែល​បាន​អប់រំ​ផ្ទាល់​បាន​ជាង​៥២​ម៉ឺន​គ្រួសារ និង​ប្រ​យោល​ជា​ច្រើន​ម៉ឺន​គ្រួ​សារ​ទៀត​។

​កាក​បាទ​ក្រហម​បាន​បញ្ជាក់​ថា ៖ «​កាក​បាទ​ក្រហម​កម្ពុជា បាន​បន្ត​ផ្តល់​មូល​និធិ១​លាន​ដុល្លារ​ ដែល​ឆ្នាំនេះ ​ជា​លើក​ទី​១២ ​ជូនទៅ​មន្ទី​រពេទ្យ​កុមារ​គន្ធ​បុប្ផា និង​ផ្តល់​ការឧបត្ថម្ភ​ថវិកា និង​ស្បៀង ​តាម​ចំនួន​សមស្រប​ដល់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ ​និង​អង្គការ​/​សមា​គមចំនួន២០ បាន​ផ្តល់​ថវិកា២​លាន​ដុល្លារ ​ដល់​អាជ្ញា​ធរ​មីន និង​បាន​ជួយ​ដល់​គ្រោះ​រញ្ជួយ​ដី​នៅ​តួក​គី១០​ម៉ឺន​ដុល្លារ​»​។​

​សូម​បញ្ជាក់​ដែរ​ថា ឆ្នាំនេះ ជា​ឆ្នាំ​ទី​៤​ហើយ ដែល​កាក​បាទក្រ​ហមកម្ពុជា​ ពុំបាន​ប្រារព្ធ​មី​ទ្ទីង​ថ្នាក់​ជាតិ​អបអរ​ទិវា​ពិភព​លោក ​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ​៨​ឧសភា ​តែ​កាក់​បាទ​ក្រហម​កម្ពុជា បាន​យក​ឱកាស​នៃ​ខួប​១៦០​ឆ្នាំនៃ​ទិវា​៨​ឧសភា​នេះ​ធ្វើ​យុទ្ធ​នា​ការ​កៀ​រគរ​រក​មូល​និធិ​។

​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ន៍និង​សន្តិភាព​ លោក យង់ គិ​ម​អេង ធ្លា​ប់បាន​ថ្លែង​ថា​កាក​បាទ​ក្រហមបាន​ដើរ​តួនា​ទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដោយ​គ្មាន​ការរើស​អើង គ្មាន​ការ​ប្រកាន់​ទិន្នា​ការ​នយោ​បាយ​ឡើយ ​ក្នុងនោះ​កម្ពុជា​ក៏បាន​ចូល​រួមចំ​ណែក​ជួយ​ដល់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​ផង​ដែរ​។​

​លោក​បន្តថា ជា​ពិសេស ​កាកបា​ទក្រហម​កម្ពុជា ​បាន​រួម​ចំណែក​ជួយ​ផ្សព្វ​ផ្សាយ​ទៅដល់​ប្រជា​ពលរដ្ឋ​ឱ្យមាន​ការ​យល់​ដឹង​ពី​សុវត្ថិ​ភាព​ចរាច​រណ៍និ​ង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ពេល​មាន​ទឹក​ជំនន់​និង​បញ្ហា​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​យោង​តាម​របាយ​ការណ៍​របស់​កាក​បាទ​ក្រហម​កម្ពុជា គិត​ចា​ប់ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០២១ កាក​បាទ​ក្រហម​កម្ពុជា​បាន​សាង​សង់​ផ្ទះ​ជូន​ជន​ចាស់​ជរា​គ្មាន​ទីពឹង​និង​ជន​ទីទ័ល​ខ្លាំង​បំផុត​បាន​ចំនួន​១២១៨​ខ្នង ដែ​លមាន​អ្នក​ទទួ​លផល​ចំនួន១ ២១៨គ្រួសារ​ផង​ដែរ​។​

​ប្រភព​ដដែល​បាន​បន្ត​ សម្រាប់​ឆ្នាំ​២០២២ ​កន្លង​ទៅ​ កាក​បាទ​ក្រហម​កម្ពុជា ​បាន​ប្រគល់​ផ្ទះ​ដែល​បាន​សាង​សង់​រួច​រាល់​ចំនួន​១០៤​ខ្នង​បន្ថែម​ទៀត​ជូន​ចាស់ជ​រា​គ្មាន​ទីពឹង ​និង​ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើន​៕