កំពង់ឆ្នាំងៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែងថា ភាគី​ថៃ​បាន​ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ​របស់​កម្ពុជា​ចំពោះ​ព័ត៌មាន​ដែលថា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ឆ្ពោះ​ទៅមុខ​របស់​ថៃ នឹង​បណ្តេញ​ពលករ​កម្ពុជា និង​ពលករ​ឡាវ​​ចេញពី​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបាន​បញ្ជាក់​ជាថ្មី​ថា មិនមាន​ការ​បណ្តេញចេញ​ឡើយ​។​


​លោកនាយក​រដ្ឋមន្ត្រីបាន​ថ្លែង​បញ្ជាក់​ដូចនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជាង ១៨ ០០០ នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ៥ ដែល​កំពុងដំណើរការ​អាជីវកម្ម​ក្នុង​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​ ៨​ មិថុនា​។

​លោក ហ៊ុន សែន មានប្រសាសន៍ថា​៖ «​សូម​អបអរ​សាទរ​ជាមួយនឹង​ព័ត៌មាន​ដែល​ទទួលបាន​ពី​ព្រះរាជាណាចក្រ​ថៃ​ដែល​មុននេះ ខ្ញុំ​បានបង្ហាញ​ពី​កង្វល់​ស្តីពី​បក្ស​ឆ្ពោះទៅមុខ​ដែល​ឮ​ចេញ​ជា​ពាក្យ​មក​ថា នឹង​បណ្តេញ​កម្មករ​ឡាវ និង​កម្មករ​កម្ពុជា​ចេញពី​ប្រទេស​ថៃ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិល​​មិញ​នេះ​មានការ​បញ្ជាក់​មក​ថា គឺ​មិនមាន​ការបណ្តេញចេញ​ទេ តែ​គេ​នឹងមាន​ការសម្រួល​ឱ្យ​ថែម​ទៀតផង​»​។​


​លោក​បន្តថា​៖ «​បើដូច្នោះ យើង​លែង​មានការ​កង្វល់​ជាមួយនឹង​ការ​ចាកចេញ​របស់​កម្មក​រ​-​កម្មការិនី​របស់​យើង​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​។ ខ្ញុំ​ត្រូវតែ​ឈឺឆ្អាល​ជាមួយ​រឿងនេះ​ដែល​ទាក់ទិន​នឹង​ការបណ្តេញចេញ ឬ​បាត់បង់​ការងារ ឬ​បាត់​អត្ថប្រយោជន៍​របស់​កម្ម​ករ​-​កម្មការិនី​របស់​យើង​នៅក្រៅ​ប្រទេស​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ទទួលបាន​ការបកស្រាយ និង​ទទួលបាន​ព័ត៌មាន​នេះ​ដោយ​ការពេញចិត្ត ហើយ​លោក​សង្ឃឹម​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាក់ទិន​ជាមួយនឹង​កម្មករ​អន្តោប្រវេសន៍ ដែល​វា​ជា​កិច្ចព្រមព្រៀង​សម្របសម្រួល​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន គឺ​ត្រូវ​ទទួលបាន​ការការពា​រ និង​ដោះស្រាយ​។​


​លោក​បញ្ជាក់ថា ៖ «​នៅ​កម្ពុជា ក៏មាន​កម្មករ​បរទេស​ធ្វើការ​ដែរ ដែល​កម្ពុជា​ក៏ត្រូវ​យកចិត្ត​ទុកដាក់​ការពារ សុខទុក្ខ​របស់គេ​ដែរ​។ អ៊ីចឹង​ទេ​! ចំណុច​ទាំងនេះ គឺជា​ចំណុច​ដែល​ខ្ញុំ​ត្រូវ​បញ្ជាក់ ហើយ​ឆ្លើយតប​ដោយ​ការ​អរគុណ​ចំពោះ​បក្ស​ដែលមាន​សំឡេងឆ្នោត​»​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិ​ត សំហេង បានលើកឡើង​កាលពី​ថ្ងៃទី​​ ៨ ខែមិថុនា ថា ការធ្វើ​ចំណាក​ស្រុក​ពី​ប្រទេស ​១ ទៅ​ប្រទេស​ ១ គឺជា​ក្រឹត្យ​ក្រម​សេដ្ឋកិច្ចពិភពលោក ដែល​យោងតាម អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) គិត​ត្រឹម​ឆ្នាំ ​២០២១ មាន​ពលករ​ទេសន្តរប្រវេសន៍​នៅ​ទូទាំង​ពិភពលោក ចំនួន​ប្រមាណ ២៨១​ លាន​នាក់​។ ក្នុងនោះ​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ប្រមាណ ១១៥ ​លាន​នាក់​, តំបន់​អឺរ៉ុប​ចំនួន​ប្រមាណ ៦៣​ លាន​នាក់​, តំបន់​អា​​ស៊ាន​មាន​ចំនួន​ប្រមាណ​ជិត ២៤ ​លាន​នាក់​ដែល​ភាគច្រើន ការធ្វើ​ចំណាកស្រុក គឺ​ពី​ប្រទេស​កំណើត​ទៅ​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ជាង ឬ​ការ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ជា​បុគ្គលិក​ជំនាញ​។​

​គិត​ត្រឹម​ខែឧសភា ឆ្នាំ ​២០២៣ ពលករ​កម្ពុជា​ប្រមាណ​ជាង ១​ លាន ៣​ សែន​នាក់ កំពុងធ្វើការ​នៅក្រៅ​ប្រទេស ក្នុងនោះ ប្រទេស​​ថៃ​ចំនួន ១ ​លាន ២​ សែន​នាក់​, កូរ៉េ​ចំនួន ៤​ ម៉ឺន ៩​ ពាន់​នាក់​, ម៉ាឡេស៊ី​ចំនួន ២​ ម៉ឺន ២ ​ពាន់​នាក់ និង​ជប៉ុន​ចំនួន ១ ​ម៉ឺន ​៩ ​ពាន់​នាក់​។ ពលករ​កម្ពុជា​ទាំងអស់នេះ ទទួលបាន​អត្ថ​ប្រយោជន៍​ផ្សេងៗ តាមច្បាប់​នៃ​ប្រទេស​នីមួយៗ រួមទាំង​ប្រាក់​ឈ្នួល និង​របប​សន្តិសុខ​សង្គម​។

​លោក​ អ៊ិ​ត សំហេង បញ្ជាក់ទៀតថា​៖ «​ប្រាក់​ឈ្នួល​ជា​មធ្យម​ខ្ពស់ ក្នុង ​១​ ខែ ​ដែល​បងប្អូន​ពលករ​ទ​ទួលបាន គឺ​នៅ​ប្រទេស​កូរ៉េ​ប្រមាណ ១ ៥០០​ ដុល្លារ​អាមេរិក​, ជប៉ុន​ប្រមាណ​ ១ ៤០០ ​ដុល្លារ​អាមេរិក ក្រៅពីនោះ ប្រទេស​ថៃ​ប្រមាណ ៤០០​ ដុល្លារ​អាមេរិក និង​ប្រទេស​ម៉ាឡេស៊ី​ប្រមាណ ៣០០​ ដុល្លារ​អាមេរិក​»​។ គិតពី​ចំណូល​របស់​ពលករ​បា​ន​ផ្ញើមក​គ្រួសារ​ពី​គ្រប់​ប្រទេស មាន​ប្រមាណ​ជាង​ ២,៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ១ ​ឆ្នាំ​។ ទន្ទឹមនឹងនេះ ពួកគេ​ក៏​ទទួលបាន​ជំនាញ និង​បទពិសោធន៍​ការងារ ដែល​អាចជា​ធន​ធាន​មនុស្ស នៅពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ នេះ​បើតាម​លោក អ៊ិ​ត សំហេង​។​

​លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា គួរតែបង្កើត​ឱកាស​ការងារ​ក្នុងស្រុក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបាន​ច្រើន​ជាជាង​ដែល​មើលឃើញ​ប្រជាពលរដ្ឋ​ខ្លួនឯង ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ស្រុកកំណើត​របស់ខ្លួន ដើម្បី​ទៅធ្វើ​ការរកចំណូល​នៅក្រៅ​ប្រទេស​។

លោក ស៊ីណា និយាយថា​៖ «​ដូច្នេះ​ប្រសិនជា​អាជ្ញាធរ​​ថៃ បញ្ជូន​ពលករ​ខ្មែរ​យើង​មក​ស្រុកកំណើត​វិញ វា​ជា​រឿង​ប្រឈម​មែនទែន ពីព្រោះ​យើង​មិនអាច​ឆ្លើយតប​ទៅនឹង​ការផ្ដល់​ឱកាស​ការងារ​ភ្លាមៗ​បាន​សម្រាប់​បងប្អូន​ខ្មែរ​ដែល​វិល​មក​ស្រុកកំណើត​វិញ​»​។​

​ចំណែក​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) លោក​ ឌី​ថេ ហូ​យ៉ា បាន​ថ្លែងថា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែលថា ភាគី​ថៃ នឹងមាន​គោលនយោបាយ​បណ្ដេញ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​របស់ខ្លួន​ដែល​បានចេញ​ផ្សាយ​ប៉ុន្មាន​ថ្ងៃនេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ ព្រោះ​គណបក្សនយោបាយ​ដែល​បានឈ្នះ​ឆ្នោត​នៅ​ប្រទេស​ថៃ មិនមាន​គោល​នយោបាយ​បែបនេះ​ឡើយ​៕