សៀមរាបៈ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកសិក្ខាសាលាផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការនិងការិយាល័យគ្រប់គ្រងទឹកកខ្វក់មកពី ២៤ ខេត្តសរុបចំនួន ១២៣ នាក់ក្នុងទីក្រុងសៀមរាបនាថ្ងៃទី ៨ ខែមិថុនា។
លោកសួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយនោះថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីរៀបចំចងក្រងសៀវភៅគោលការណ៍ណែនាំបច្ចេកទេស ដោយផ្តល់នូវគោលការណ៍ វិធីសាស្ត្រ និងស្តង់ដា ការណែនាំបច្ចេកទេសចាំបាច់នានា ដែលសមស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ពិសេសសៀវភៅនេះ ត្រូវកំណត់ប្រើប្រាស់ជាឯកសារគោល សម្រាប់រៀបចំនូវផែនការអភិវឌ្ឍ និងការសិក្សាគម្រោងដើម្បីសាងសង់ ប្រតិបត្តិការ និងការថែនាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានសង្គតិភាពបច្ចេកទេស។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
លោកបានបន្តទៀតថា ដោយទទួលបានគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញបច្ចេកទេស JICA បានពួតដៃគ្នារៀបចំសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជំនួយ និងផ្តល់ការណែនាំបច្ចេកទេស នៅក្នុងការរៀបចំធ្វើផែនការអភិវឌ្ឍ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រោះវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ គឺផ្តោតលើការកែលម្អបរិស្ថាន និងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ក្នុងបរិបទនេះ ក្រសួងកំពុងតែធ្វើការងារយ៉ាងសកម្ម និងមមាញឹក ជាមួយភាគីពាក់ព័ន្ធនានា រួមទាំងស្ថាប័នជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការស្វះស្វែង រកនូវដំណោះស្រាយចាំបាច់ផ្សេងៗ។ ក្នុងនោះរួមមានទាំងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ការរៀបចំនូវគោលនយោបាយយុទ្ធសាស្ត្រ ឯកសារបច្ចេកទេស និងបទដ្ឋានគតិយុត្តិចាំបាច់ ដើម្បីធ្វើយ៉ាងណាឱ្យការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវនេះអាចធ្វើទៅបានប្រកបដោយ បរិយាប័ន្ន មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។ ពិសេសការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង ដែលជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។
សិក្ខាកាមទាំង ២៤ ខេត្តក៏បានចុះទៅទស្សនកិច្ចសិក្សា ស្វែងយល់នូវស្ថានីយបូមទឹកកខ្វក់ (វត្តចក) និង ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ព្រមទាំងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គផងដែរ។ គម្រោងនេះទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN) ចំនួន ៩ សែនអឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF) ៤សែនអឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) ចំនួន ៤ សែនអឺរ៉ូដែរ ដែលសរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន ១ លាន ៧០០ ពាន់អឺរ៉ូ ហើយនៅពេលដំណើរ នឹងផលិតសរីរាង្គក្នុងមួយឆ្នាំបាន ៥០០ តោន។ នេះបើយោងតាមប្រភពដដែលនេះ៕