ព័រទុយហ្កាល់៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជាសមាជិក​កិត្តិយស “ក្លិប​ឆ្នេរសមុទ្រ​ដែលស្អាត​បំផុត​លើ​សកលលោក” នៅក្នុងកិច្ច​ប្រជុំក្រុមប្រឹក្សាភិបាល​ក្លិប​ឆ្នេរសមុទ្រ ដែលស្អាត​បំផុត​លើ​សកលលោក នាឯ​ទីក្រុង​អ័រតា (Horta) នៅប្រទេស​ព័រទុយហ្កាល់ ដែលបាន​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី២៧-២៩ ខែ ឧសភា ឆ្នាំ២០២៣។


ក្រសួង​ទេសចរណ៍​នៅថ្ងៃទី១០ ខែមិថុនា​នេះ ឱ្យដឹង​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ល្វី ថេបូ (Louis Thebault) ប្រធាន​ក្លិប និងលោក កាឡូស ហ្វ៊ែរេរ៉ា (Carlos Ferrera) អភិបាល​ក្រុង​អ័រតា និងមានការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លិប ដែលជាអគ្គ​លេខាធិការ អគ្គ​នាយក អនុប្រធាន​ក្លិប​ទទួលបន្ទុក​ទ្វីប​ទាំង​៤ និងអគ្គ​ហិរញ្ញឹក​ក្លិប។

ក្រសួង​ទេសចរណ៍​បន្ត​ថា អង្គប្រជុំ​បានពិនិត្យ និងពិភាក្សា​ទៅ​លើ​របៀបវារៈជាច្រើន ដោយផ្តោត​លើ​វឌ្ឍនភាព​ការងារ ការកែសម្រួល​លក្ខន្តិកៈ និងបទបញ្ជា​ផ្ទៃ​ក្នុង​ក្លិប ការពិភាក្សា​លើបេក្ខភាព​ឆ្នេរ​សមាជិក​ថ្មី ការពង្រឹង​ការផ្សព្វផ្សាយ​តួនាទី​ក្លិប​លើ​ឆាក​អន្តរជាតិ និងការត្រៀមលក្ខណៈ​រៀបចំ​មហាសន្និបាត​ក្លិប​លើកទី១៧ នៅឆ្នេរសមុទ្រ​យោស៊ូ (Yeosu) ប្រទេសកូរ៉េខាងត្បូង រួមជាមួយ​បញ្ហា​ចំពោះ​មុខមួយ​ចំនួនទៀត។


ប្រភពដដែល​បានឱ្យដឹង​ថា អង្គប្រជុំ​បានឯកភាព​ជាឯកច្ឆ័ន្ទ​ក្នុងការជ្រើស​តាំង​ឥស្សរជន​ចំនួន ៣ រូប ដែលមាន​ស្នាដៃ​ឆ្នើម​ជាសមាជិក​កិត្តិយស​របស់​ក្លិប (Membre d’Honneur) ដែលរួម​មាន លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ មកពី​ឆ្នេរសមុទ្រ​កម្ពុជា លោក អាប់ឌុលឡាយ៍ សេណេ (Abdoulaye SENE) ទីប្រឹក្សា​ប្រធានា​ធិបតី​សេណេហ្កាល់ មកពី​ឆ្នេរសមុទ្រ​ស៊ីណេសាលុម (Sine Saloum) ប្រទេស​សេណេហ្កាល់ និង លោក អ៊ីវេស បូរី (Yves Borius) អតីត​នាយក​ហិរញ្ញវត្ថុ​អង្គការ OCDE មកពី​ឆ្នេរ​សមុទ្រ​ម័រប៊ីហាន (Morbihan) ប្រទេស​បារាំង។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ក្លិប​មានសមាជិក​កិត្តិយស​តែ​២​រូប​ប៉ុណ្ណោះ គឺលោកស្រី ម៉ាយឃើល ផូលី (Michelle Pauly) មកពី​ឆ្នេរ​សមុទ្រ Somme ប្រទេស​បារាំង និងលោក ហ្ស៊ូរីកា ក្រាវុក (Zorica Kravuk) ជន​ជាតិ​ក្រូអាស៊ី។ក្នុងន័យ​នេះ លោក​រដ្ឋមន្រ្តី គឺជាឥស្សរជន​ជន​ជាតិ​អាស៊ី​ដំបូង​និងតែម្នាក់​គត់ ដែលត្រូវ​បានក្រុម​ប្រឹក្សាភិបាល​ក្លិប​សម្រេចជ្រើស​តាំងជា សមាជិក​កិត្តិយស​របស់​ក្លិប ដែលជាការទទួល​ស្គាល់​ថ្មី​បន្ថែមទៀត​នូវ​តួនាទីរបស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ហើយក៏ជា​មោទនភាព​ដ៏ធំមួយ​សម្រាប់​កម្ពុជា​ផងដែរ។


ទន្ទឹមនឹង​នេះ​ ជោគជ័យ​នៃការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA GAME នៅកម្ពុជា ក៏ត្រូវបាន​ក្រុម​ប្រឹក្សាភិបាល​ក្លិប​ដែលមកពី​ទ្វីបទាំង​៤ លើកមក​ធ្វើ​ការកត់​សម្គាល់ និងសរសើរ​អំពីភាព​អស្ចារ្យ​នៃការរៀបចំ ពិសេស​តាមរយៈ​វត្តមាន​ដោយផ្ទាល់​របស់លោក ប៊្រុយណូ បូដា (Bruno Bodard) ក្នុងពិធី​បើក​ព្រឹត្តិការណ៍ និងការទស្សនា​កម្មវិធី​ប្រកួតមួយ​ចំនួន ហើយដែលសារព័ត៌មាន​ជុំវិញ​ពិភពលោក​សុទ្ធតែ​បានចុះផ្សាយ និងទទួលស្គាល់​អំពី​ជោគជ័យ​នៃការរៀបចំ​ព្រឹត្តិការណ៍​នេះ។

ក្លិប​ឆ្នេរសមុទ្រ​ដែលស្អាត​បំផុត​លើ​សកលលោក ត្រូវបាន​បង្កើតនៅ​ឆ្នាំ១៩៩៧ នាទី​ក្រុងប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ បច្ចុប្បន្ន​ក្លិប​នេះ មានទី​ស្នាក់ការ​នៅទី​ក្រុង​វ៉ាននីស ប្រទេសបារាំង និង​មានឆ្នេរ​សមាជិក​ចំនួន ៤៤ឆ្នេរ ស្មើនឹង ២៦ ប្រទេស។ កម្ពុជា ត្រូវបាន​ដាក់បញ្ចូល​ជាសមាជិក​ពេញសិទ្ធិ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើសកលលោក ក្នុង​មហា​សន្និបាតលើក​ទី៧ របស់​ក្លិប កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទី​ក្រុង​តួបាគួតា ប្រទេស​សេណេហ្គាល់។

ជាមួយគ្នា​នេះ កម្ពុជា​ក៏បានរៀបចំ​ពិធីបុណ្យ​សមុទ្រ​កម្ពុជា​លើក​ទី៩ ជុំ​ទី៣ នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នាទិសនិរតី​ប្រទេស លើទឹកដី​ខេត្ត​ព្រះសីហនុ ខណៈដែល​ពិធីនេះ ត្រូវបានរៀបចំ​លើក​ដំបូងកាល​ពី​ឆ្នាំ២០១១ នៅខេត្ត​ព្រះសីហនុ បន្ទាប់ពី​ឆ្នេរ​សមុទ្រកម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ កំពត កែប និងកោះកុង ត្រូវបាន​បញ្ចូល​ជាសមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែលស្អាត​ជាងគេ​លើ​សកលលោក៕