ភ្នំពេញ​: លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណ​​រដ្ឋ​កូរ៉េ បានទទួល​ពានរង្វាន់​ឆ្នើម​ស្ដីពី​ម៉ាក​ផលិតផល​សម្រាប់​អ្នកប្រើប្រាស់​នៅ​កូរ៉េ​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​ដែល​នេះ​ជា​មោទន​ភាព​ចំពោះ​ជាតិ​ទាំងមូល​។​


​ពានរង្វាន់​ដែល​ប្រគល់​ដោយ​ក្រុម​ប្រឹក្សា​សកល​អ្នកប្រើប្រាស់​កូរ៉េ (KCGC) ទទួលស្គាល់​ការរួមចំណែក​ដ៏​ល្អ​របស់ លោកស្រី​បុ​ទុមរ​ង្សី ចំពោះ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េខាងត្បូង​។ ថ្វីបើ​ពានរង្វាន់​មិនមែនជា​គោលដៅ​ចម្បង​របស់​លោកស្រី បុ​ទុមរ​ង្សី​ក៏ដោយ ក៏​វា​ដើរតួ​ជាការ​លើកទឹកចិត្ត​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ​២​។​

​លោកស្រី​ថ្លែងថា​៖ «​ជាក់ស្ដែង ពានរង្វាន់​នេះ​សម្រាប់​នាង​ខ្ញុំ និង​មន្ដ្រី​ស្ថានទូត គឺ​យើង​ធ្វើ និង​បន្ដធ្វើ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​របស់​យើង ដោយ​ផ្ដោត​តែ​ទិសដៅ​មួយ​នេះ​។ យើង​មិន​ធ្វើ​ដើម្បី​តែ​ការកោតសរសើរ ឬ​ពានរង្វាន់​អ្វី​នោះទេ​។ ប៉ុន្ដែ​វា​ជាការ​លើក​ទឹក​ចិ​ត្ដ​មួយ​សម្រាប់​ការបង្កើន​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំង ​២»​។


​លោកស្រី​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​មន្ត្រី​ស្ថានទូត ប្រជាជន​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដោយ​សម្តែង​នូវ​អំណរគុណ​ចំពោះ​ពួកគេ ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៣០ ​ខែឧសភា​។

​លោកស្រី​ឯកអគ្គ​រាជ​​ទូតប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ទាំង​លើក​នេះ និង​លើក​មុន ការផ្ដល់​ពានរង្វាន់​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែនទែន ដោយសារ​លើក​មុន ខ្ញុំ​ទើប​មកដល់​ទីនេះ​បាន ៥-៦ ខែ គេ​មានការ​ទទួលស្គាល់​។ លើក​នេះ យើង​អត់​គិតថា យើង​អាច​បានទទួល​ពានរង្វាន់​ ២ ​ឆ្នាំ​ជាប់​គ្នា ដោយសារ​វា​ពិតជា​កម្រ​ណាស់ ដែល​ឯកអគ្គរដ្ឋទូត​បាន​ពាន​ ២ ​ឆ្នាំ​ជាប់​គ្នា​»​។


​ពានរង្វាន់​ឆ្នើម​ដែល​រៀបចំ​ដោយ KCGC ទទួលស្គាល់​ស្នាដៃ​ឯកអគ្គ​រដ្ឋ​/​រាជទូត​បរទេស​ដែល​បង្ហាញ​ពី​កិច្ច​សហ​​ប្រតិបត្តិការ ​៣ រូប​ប្រចាំ​ប្រទេស​កូរ៉េ​ និង​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​ល្អ​សម្រាប់​អ្នកប្រើប្រាស់​នៅ​កូរ៉េ​ចំនួន​ ៤៣​។​

​ពានរង្វាន់​ឯកអគ្គរាជទូត​ល្អ​បំផុត​ត្រូវបាន​ប្រគល់ជូន​លោក Kathos Zivao Mathai ឯកអគ្គរដ្ឋទូត​សៀ​រ៉ា​ឡេ​អូន​ប្រចាំ​ប្រទេស​កូរ៉េ​លោក Athanasio Cosmas Shipaki ឯកអគ្គរដ្ឋទូត​ប៉ា​ណា​ម៉ា​ប្រចាំ​ប្រទេស​កូរ៉េ​និង​លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។ ទាំងនេះ​ជា​អ្វីដែល​រដ្ឋាភិបាល​កូរ៉េ តែងតែ​កោតសរសើរ​ទៅដល់​កិច្ចសហប្រតិបត្ដិការ​រ​បស់​ឯកអគ្គរដ្ឋទូត​នានា ដែល​ប្រឹងប្រែង​ជួយ​ជំរុញ​នាំយក​ផលិតផល និង​សេវា​ល្អៗ​មកកាន់​ទឹកដី​កូរ៉េ និង​ផ្ដល់​ដល់​អ្នកប្រើប្រាស់​កូរ៉េ​។​

​លោកស្រី​និយាយថា​៖ «​ចំពោះ​ស្ថាន​​ទូត​យើង យើង​មាន​តួនាទី​ជំរុញ​ផ្នែក​នាំចេញ​នាំចូល ដែលមាន​ទាំង​ផលិតផល និង​សេវា​។ ទាំងអស់នេះ​ត្រូវ​ធានាថា វា​បម្រើ​ដល់​ផលប្រយោជន៍​អ្នកប្រើប្រាស់ ហើយ​បើសិនជា​យើង​នាំចូល​ផលិតផល​មក​កូរ៉េ យើង​ក៏​ធានា​ខុសត្រូវ​ដែរ ក្នុងន័យ​ថា ផលិតផល និង​សេវា​នោះ​នឹងមិន​ប៉ះពាល់​ទៅដល់​សុខុមាលភាព​អ្នកប្រើប្រាស់​របស់​កូរ៉េ​នោះទេ​»​។

លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ដល់​ប្រជា​ជន​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​នេះ និង​តែង​តែ​រក​ដំណោះស្រាយ​ចំពោះ​ការលំបាក​របស់​ពួកគេ ក៏ដូចជា ការដាក់ចេញ​នូវ​គោលនយោបាយ​ល្អៗ​សម្រាប់​ស្ថានទូត​ធ្វើជា​ទុន​ដើម្បី​អនុវត្ដ​ជា​ផលប្រយោជន៍​ជាតិ និង​មាតុភូមិ​។​

​ដោះស្រាយ​បញ្ហា​ផលិតផល​រដូវរងា​ស​ម្រា​ប់​ទាំង​អ្នកប្រើប្រាស់​កម្ពុជា និង​ប្រជាជន​កូរ៉េ​ក្នុង​រដូវរងា លោកស្រី បុ​ទុមរ​ង្សី​បានកត់សម្គាល់​ពី​បញ្ហា​ប្រឈម​របស់​ប្រជាជន​កូរ៉េ និង​កម្ពុជា​ក្នុង​ការទិញ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ ដោយសារ​ការចំណាយ​ខ្ពស់​របស់​ពួកគេ ក្នុង​ខែត្រជាក់​។

​ការដាំដុះ​ដំណាំ​ទាំងនេះ តម្រូវ​ឱ្យប្រើ​​ប្រាស់​ផ្ទះ​កញ្ចក់ និង​តង់​ប្លា​ស្ទិ​ក ដែល​ចំណាយ​បន្ថែម និង​ផ្តល់​លទ្ធផល​តិចជាង​។ «​ដូច្នេះ ប្រជាជន​ត្រូវ​បង់ថ្លៃ​បន្លែ និង​ផ្លែឈើ​នោះ​ខ្ពស់ជាង​រាល់ដង ដោយ​ទទួលបាន​បរិមាណ​តិច​ទៀត​។ អ្វីដែល​យើង​អាចជួយ​បាន​គឺ​ខិតខំ​ជំរុញ​ផលិត​ផល​កសិផល​របស់​យើង​ចូល​ប្រទេស​កូរ៉េ សម្រាប់​ប្រជាជន​កូរ៉េ​និង​ជាតិ​សា​សន៍ដ​ទៃទៀត​អាច​ទទួលបាន​បន្លែបង្កា​ក្នុង​រដូវ​ត្រជាក់​ដោយ​តម្លៃ​សមរម្យ និង​មានគុណ​ភាពល្អ​»​។ ទាំងនេះ​ គឺជា​ចំណុច​លេចធ្លោ​របស់​ឯក​អគ្គរាជទូត​ខ្មែរ ទទួលបាន​ពានរង្វាន់​ចំពោះ​ការគិត​គូរ​ទាំង​ប្រជាជន​កូរ៉េ និង​ជំរុញ​ផលិត​ផល​កសិផល​ជាតិ​ថែមទៀត​។

​យ៉ាងណាមិញ​លោកស្រី​ទទួលស្គាល់ថា ការនាំ​ផលិតផល​ពី​កម្ពុជា​ចូល​ប្រទេស​កូរ៉េ​នេះ​នៅមានកម្រិត ដោយសារតែ​ការចរចា​នាំ​ផលិតផល​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការវាយតម្លៃ​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​មន្ដ្រី​កូរ៉េ​។ «​យើង​ទើប​ចាប់ផ្ដើម​ចរចា​នោះទេ ដោយ​កន្លងមក យើង​ធ្វើ​ការចរចា​សេរី​នេះ​ជា​លក្ខណៈ​ក្រុម​។ នេះ​មានន័យថា ការចរចា ASEAN-ROK ឬ​ប្រទេស​នៅ​អាស៊ាន​បូក​នឹង​កូរ៉េ ដោយ​ផលិតផល​យើង​ត្រូវ​គួបផ្សំ​ជាមួយ​គេ​។ ដោយឡែក ឆ្នាំ​ ២០១៩-២០២០ យើង​ចាប់ផ្ដើម​ការចរចា​ទ្វេភាគី​នូវ​ពា​ណិ​ជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​»​។

​ក្នុង​ក្របខ័ណ្ឌ​នាំចេញ​រួម​នោះ កម្ពុជា​បាន​នាំចេញ​ផលិតផល​ស្រស់​មួយចំនួន ដូចជា ផ្លែស្វាយ ស្លឹកគ្រៃ ស្លឹកចេក និង​បន្លែ​មួយចំនួនទៀត​។ យ៉ាងណាមិញ ដោយសារ​កត្ដា​សុវត្ថិភាព ទាំង​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​ដែល​នាំចូល​ផលិតផល​កសិផល​ស្រស់​ចូល​ប្រទេស​កូរ៉េ​ត្រូវគោរព​តាម​ស្ដង់ដា​គុណភាព ដូចជា ភូតគាម​អនាម័យ​។

​ការពង្រឹង​សហគមន៍​កម្ពុជា​និង​ការផ្លាស់ប្តូរ​វប្បធម៌​នៅ​កូរ៉េ​ក្រៅពី​ការមើលឃើញ​ពី​ផល​លំបាក​នៃ​ទំនិញ​ស្រស់​មាន​បន្លែ និង​ផ្លែឈើ ឯកអគ្គរាជទូត​កម្ពុ​ជា ក៏បាន​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ប្រជាជន​ខ្មែរ​ជិត ៥​ ម៉ឺន​នាក់​ដែល​រស់នៅ ធ្វើការ និង​សិក្សា​ក្នុងប្រទេស​កូរ៉េ​ផងដែរ​។ មន្ត្រី​ស្ថានទូត​និង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​លើកកម្ពស់​សេវាកម្ម​និង​ដោះស្រាយ​តម្រូវការ​របស់​ប្រជា​ពល​​រដ្ឋ​រួមទាំង​បញ្ហា​ទាក់ទង​នឹង​កន្លែង​ស្នាក់​នៅ​អាហារ​និង​សុខុមាលភាព​។​

​លោកស្រី បុ​ទុមរ​ង្សី​ ឱ្យដឹងថា ក្រសួង​ការងារ​បាន​បណ្ដុះបណ្ដាល និង​ផ្ដល់​កញ្ចប់​ព័ត៌មាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ពលករ​ខ្មែរ នៅពេល​ពួកគេ​ត្រូវការ​ជំនួយ​។ ប៉ុន្ដែ​ពួកគេ​ជាច្រើន​មិនសូវ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​កញ្ចប់​ព័ត៌មាន​នោះទេ ហើយ​បាន​ជួប​ការលំបាក​ពេល​ត្រូវ​​ការ​ជំនួយ​ផ្សេងៗ​។ «​ពេល​ពួកគាត់​មិន​រក្សាទុក​នូវ​កញ្ចប់​ព័ត៌មាន​ទាំងនោះ ហើយ​ត្រូវការ​សេវា​ជំនួយ​បន្ទាន់ ពួកគាត់​មិនដឹង​ទៅរក​អ្នកណា​។ តាមពិត​កញ្ចប់​ព័​ត៌​មាន​នោះ មាន​លេខ​ទំនាក់ទំនង​ស្ថានទូត អនុព័ន្ធ​ការងារ និង​ស្ថាប័ន​ផ្សេងៗ​។ ទាំងនេះ​ជា​អ្វីដែល​យើង​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឱ្យ​កៀក​ជាមួយ​ពួកគាត់​»​។​

​រដ្ឋាភិបាល​កូរ៉េ​បាន​ចងក្រង​ឯកសារ​អំពី​សកម្មភាព​ជំនួយ​ដែល​មន្ត្រី​ស្ថានទូត​កម្ពុជា​បាននិងកំពុង​ធ្វើ​ហើយ​ផ្សព្វផ្សាយ​វា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​។ កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កូរ៉េ​និង​ទទួលបាន​ពានរង្វាន់​ឆ្នើម​សម្រាប់​ឯកអគ្គ​រដ្ឋ​/​រាជទូត​ល្អ​បំផុត​។ ជាការ​កម្សាន្ដ​សប្បាយ ផ្សព្វផ្សាយ និង​ផ្លាស់ប្ដូរ​វប្បធម៌ ក៏ដូចជា​រឹតចំណង​មិ​ត្ដ​ភាព​រវាង​កម្ពុជា​និង​កូរ៉េ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​រៀបចំ​កម្មវិធី​វប្បធម៌ ប្រពៃណី​នៅតាម​តំបន់​នានា ជាពិសេស​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី​។

​លោកស្រី​ បុ​ទុមរ​ង្សី ឱ្យដឹងថា ស្ថានទូត​តែងតែ​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​យ៉ាងតិច​មួយឆ្នាំ​ ២​ ដង គឺ​នៅ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ វា​ជាការ​ជួបជុំ​សប្បាយរីករាយ កាត់បន្ថយ​ការ​នឹករឭក​ដល់​មាតុភូមិ​កំណើត និង​ក្រុមគ្រួសារ ក៏ដូចជា ការលើកស្ទួយ​សិល្បៈ វប្បធម៌​ជាតិ​សាសន៍​ខ្មែរ​។​

​ឯកអគ្គរាជទូត​វ័យក្មេង រូបនេះ​បន្ដថា​៖ «​ឆ្នាំមុន​យើង​បានរៀបចំ​កម្មវិធី​ភ្ជុំបិណ្ឌ ដែលមាន​បងប្អូន​យើង​ជិត ១ ​ម៉ឺន​នាក់​បាន​ចូលរួម​។ ដោយឡែក​ឆ្នាំនេះ ចំពោះ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី នៅ​អ៊ឺ​ចុង​ប៊ូ ដែលមាន​អ្នកចូលរួម ៧​ ពាន់​នាក់ យើង​បាន​អញ្ជើញ​ភាគី​កូរ៉េ ដូចជា វិស័យ​ឯកជន អភិបាល​ក្រុង​ចូលរួម​បើក​កម្មវិធី និង​អង្គទូត​បរទេស​មួយចំនួន​ទៀត​»​។

​ជាមួយ​ការរៀបចំ​សង្ក្រាន្ដ​ជាង ១០ ​ទីតាំងនៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង លោកស្រី បានឱ្យដឹងថា​៖ «​យើង​ចង់បង្ហាញ​ដល់​បរទេស​ថា ប្រជាជន​ខ្មែរ​នៅតែ​រក្សា​វប្បធម៌​ពី​បរម​បុរាណ និង​រួបរួមគ្នា​។ យើង​សម្ដែង​សិល្បៈ​របស់​យើង ប្រពៃណី វប្បធម៌ មុខម្ហូប​ក្នុង​ពិព័រណ៍​របស់​យើង សកម្មភាព​របស់​សមា​គម​ទៅតាម​តំបន់​មួយៗ​ដោយមាន​រៀបចំ​ជា​ស្ដង់​។ យើង​នៅមាន​ល្បែង​ប្រជាប្រិយ និង​រាំ ច្រៀង​ចង្វាក់​ប្រពៃណី​ខ្មែរ ដោយបាន​អញ្ជើញ​សិល្បករ​សិល្ប​-​ការិនី​ពី​កម្ពុជា​មក​សម្ដែង​»​។

​ការប្តេជ្ញាចិត្ត​ចំពោះ​កំណើនសេដ្ឋកិច្ច និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​កូរ៉េ​នៅពេល​ចូលកាន់​តំណែង​ជា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ លោកស្រី បុ​ទុមរ​ង្សី មាន​គោលបំណង​សំខាន់ ​២​ គឺ​៖ ទី​១ ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ការវិនិយោគ​ទៅកាន់​កម្ពុជា​ហើយ​ទី​ ២ គឺ​ការ​ផ្ដល់ជំនួយ និង​ការលើក​ទឹក​ចិត្ដដ​ល់​ប្រជាជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​។

​ដោយសារ​ចំណាយ​នៃ​វិបត្ដិ​កូ​វីដ​នៅ​បន្ដ​អំឡុង​ឆ្នាំ​ ២០២២ សកម្មភាព​របស់​ស្ថានទូត​ជាមួយ​ប្រជាជនមាន​ការរាំងស្ទះ ដែល​តម្រូវឱ្យ​ស្ថានទូត​ផ្ដោតទៅលើ​បញ្ហា​ការទូត និង​សេដ្ឋកិច្ច​ច្រើន​។ លោកស្រី​បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំនេះ ស្ថានទូត​បានដាក់​គោលការណ៍​ដើម្បី​ជំរុញ​ការយក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ ធ្វើ​ការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េ តាមរយៈ​ការចុះ​ជួប​ពួកគេ​ផ្ទាល់​ទៅតាម​សហគមន៍ រោងចក្រ កសិដ្ឋាន ក៏ដូចជា​ខ្នង​ផ្ទះ​ផ្ទាល់​នៅ​គ្រប់​ខេត្ដ ប្រសិនបើ​ពួកគេ​ត្រូវ​ការ​ជំនួយ​។ លោកស្រី​ឱ្យដឹងថា លោក​ស្រី​មើលឃើញថា បញ្ហា​ផុត​សុពលភាព​នៃ​លិខិតឆ្លងដែន​ត្រូវបាន​ដោះស្រាយ​។

​លោកស្រី​បន្ដថា​៖ «​នាង​ខ្ញុំ​បាន​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ធ្វើការ​ពិនិត្យ​លទ្ធភាព និង​យោគ​យល់​បន្ដ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​គាត់​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ ឬ​អត់​មាន​សោហ៊ុយ គាត់​អាច​បន្ដ​សុ​ពល​ភាព​លិខិតឆ្លងដែន​នៅ​កូរ៉េ​តែម្ដង​។ សម្ដេច​តេ​ជោ​បាន​យោគយល់ និង​អនុ​ញ្ញាត​ឱ្យ​ស្ថានទូត​បន្ដ​សុពលភាព​លិខិតឆ្លងដែន​រយៈពេល​មួយឆ្នាំ​ជូន​ពួកគាត់​។ ឥឡូវនេះ យើង​ចុះ​ទៅតាម​តំបន់​ដើម្បី​ធ្វើការ​ពន្យារ​លិខិតឆ្លងដែន ដោយ​មិន​ចាំ​ឱ្យ​ពួកគាត់​ធ្វើដំណើរ​មកដល់​ក្រុង​សេ​អ៊ូ​ល​នោះទេ​»​។

​លោកស្រី​បានលើកឡើង​ថា ប្រជាជន​ខ្មែរ​បាន​ជួបប្រទះ​នូវ​សុខភាព​តាមរយៈ​បញ្ហា​ស្ដ្រេ​ស​សម្ពាធ​ការងារ ដែល​ទាមទារ​ការធ្វើការងារ​លឿន​ទាំង​គុណភាព និង​បរិមាណ បន្ថែម​លើ​សម្ពាធ​វិបត្ដិ​កូ​វីដ​ ១៩ រួមទាំង​ការ​កាត់​ម៉ោង​ការងារ​។ ស្ថានទូត​បាន​ខិតខំ​ព្យា​យាម​ស្វែងរក​ជំនួយ​ពី​មន្ទីរពេទ្យ​ដែល​ពួកគេ​ត្រូវ​បានផ្ដល់​សេវាកម្ម​ថែទាំ​សុខ​ភាព​ដោយ​ឥតគិតថ្លៃ​។

​ជម្នះ​ឧបសគ្គ​ជា​ស្ត្រី​ខ្មែរ​នៅ​កូរ៉េ​លោកស្រី បុ​ទុមរ​ង្សី បានបង្ហាញ​ស្ថិតិ​បច្ចុប្បន្ន​ថា ប្រជាជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​បច្ចុប្បន្ននេះ​មាន​ចំនួន​ប្រមាណ​ជាង ៥ ម៉ឺន​នាក់ ដោយ​ពលករ​មាន​ចំនួន ៤៩-១៧៨​ នាក់ ស្ត្រី​រៀបការ​ប្រមាណ ៤ ៦០០ ​នាក់ និស្សិត​ប្រហែល ៣០០​ នាក់​។ បើ​រាប់ទាំង​កូន​ខ្មែរ កាត់​កូរ៉េ​មាន​ចំនួន​ប្រមាណ ១ ម៉ឺន​នាក់​ទៀត​។ លោកស្រី ទទួលស្គាល់ថា លោកស្រី​មានការ​លំបាក​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង អំឡុង​បំពេញការងារ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​នេះ ចំពោះ​ការ​សម្រប​ខ្លួន​ទៅនឹង​វប្បធម៌​ប្រទេស​នេះ​។

​លោកស្រីបានឱ្យដឹងថា​៖ «​ខ្ញុំ​យល់​ពី​ស្ថានភាព​នេះ​របស់​បងប្អូន​ខ្មែរ ជា​ពិសេស ពលករ​ជា​ស្ដ្រី ក្នុង​រយៈពេល​ពី ៣ ទៅ ៦ ខែ​ដំបូង អាចមាន​ការលំបាក ក្នុងការ​សម្របសម្រួល​ខ្លួន ទៅនឹង​បរិយាកាស​កន្លែងធ្វើការ​ក្ដី និង​ក្នុងសង្គម​ក្ដី គឺ​ពួកគេ​ធ្វើការ​លឿនៗ ដែល​ខុសពី​ខ្មែរ​យើង ជាពិសេស ធ្លាប់​ធ្វើការ​យឺត តែ​ហ្មត់ចត់ និង​ច្បាស់លាស់​»​។​

​ទាក់ទង​ទៅនឹង​តួនាទី​ជា​អ្នកការទូត លោកស្រីបានឱ្យដឹងថា ជា​ស្ដ្រី​នៅមាន​ការលំបាក​ច្រើន បើ​ធៀប​នឹង​បុរស​អំឡុង​ពេលធ្វើ​ការងារ​ដំបូង​។

​លោកស្រី បុ​ទុមរ​ង្សី បាន​និយាយទៀតថា ការខិតខំ​ប្រឹងប្រែង និង​ភាព​ហ្មត់ចត់​បាន​ឆ្លុះបញ្ចាំង​ទៅនឹង​សកម្ម​ភាព ក៏ដូចជា​សមត្ថភាព និង​ការទទួល​ខុសត្រូវ​។ ទាំងនេះ​បានធ្វើ​ឱ្យមាន​ការទទួល​ស្គាល់​លោកស្រី ជា​អ្នកការទូត​ស្ដ្រី​ខ្មែរ រហូតដល់​ទទួលបាន​នូវពាន​​រង្វាន់ ​២ ​ឆ្នាំ​ជាប់​គ្នា​៕