ភ្នំពេញៈ អាជ្ញាធរ និងសង្គមស៊ីវិលអំពាវនាវឱ្យទប់ស្កាត់ការលក់បារីអេឡិចត្រូនិក (e-cigarette) ខណៈការផ្សព្វផ្សាយលក់បារីប្រភេទនេះនៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភតាមបណ្តាញសង្គម។ ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីបារីអេឡិចត្រូនិកកាលពីថ្ងៃទី ១២ ខែមិថុនា នៅសាលារាជធានីភ្នំពេញ។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បញ្ជាក់នាថ្ងៃទី ១២ ខែមិថុនា៖ «អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិលជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេបដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់ ខណៈការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមគួរឱ្យព្រួយបារម្ភ»។
របាយការណ៍បានដកស្រង់សម្ដីលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញថា បារីអេឡិចត្រូនិក ឬវេប ពិតជាបានបង្កផលប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបំផ្លាញអនាគតកុមារ និងយុវជនប្រសិនបើពួកគេប្រើប្រាស់ផលិតផលនេះ។
លោកថ្លែងថា៖ «សូមឱ្យគ្រប់ខណ្ឌ សង្កាត់ និងនគរបាលមូលដ្ឋាន ត្រូវរឹតបន្តឹង ទប់ស្កាត់ការប្រើប្រាស់ ការចែកចាយបារីអេឡិចត្រូនិកឬវេបស្របតាមលិខិតគតិយុត្តដែលមាននៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យកាន់តែតឹងរ៉ឹងបំផុត»។
តាមរបាយការណ៍ដដែល លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទានៃ NACD បានថ្លែងថា បើទោះបីជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការលើការប្រើប្រាស់ និងការនាំចូលបារីអេឡិចត្រូនិកយ៉ាងណាក្តី ក៏នៅមានឈ្មួញ «ខិលខូច» បន្តផ្សព្វផ្សាយ និងនាំចូលឧបករណ៍នេះនៅកម្ពុជា។
កាលពីខែមីនា ឆ្នាំ ២០២១ NACD បានចេញសេចក្តីណែនាំស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឆ៍ ធី ភី (HTPs) ក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក លឹម តុងហួត បានអំពាវនាវដល់យុវជនកុំឱ្យមានការភ្លើតភ្លើនប្រើប្រាស់បារីអេឡិចត្រូនិក និងបើប្រាស់ឧបករណ៍អេចឆ៍ ធីភីនេះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបង់ថវិកា និងខាតពេលវេលា។
របាយការណ៍ស្រង់សម្ដីលោកថា៖ «សមត្ថកិច្ចនៅតែអនុវត្តវិធានការតឹងរ៉ឹងហើយបន្តសហការជាមួយក្រសួងស្ថាប័ននានា ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលនេះ បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងកុំប្រើប្រាស់ផលិតផលទាំងនោះ ពេលអត់មានអ្នកប្រើប្រាស់ក៏អត់មានទីផ្សារ ហើយឈ្មួញក៏មិនដឹងទៅលក់ឱ្យអ្នកណាទេ ហើយយើងងាយស្រួលក្នុងការបង្ក្រាបឈ្មួញទុច្ចរិត»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៣ ខែមិថុនា សមត្ថកិច្ចពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានគួរតែមានលទ្ធភាពក្នុងការទប់ស្កាត់ព័ត៌មានកុំថាឡើយបារីអេឡិចត្រូនិកឬវេបនេះសូម្បីតែរឿងផ្សេងៗទៀតដែលនាំទៅដល់ការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរសង្គមនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមកុំឱ្យមានការផ្សព្វផ្សាយ។
លោកបានថ្លែងថា៖ «ឥឡូវនេះបច្ចេកវិទ្យាទំនើបរាជរដ្ឋាភិបាលអាចគ្រប់គ្រងហ្នឹងបានតាមខ្ញុំយល់។ យើងមិនគួរបណ្តោយឱ្យការផ្សព្វផ្សាយអ៊ីចឹងចេញទៅទេ ពីព្រោះវាធ្វើឱ្យសង្គមយើងមានជួបបញ្ហាខ្លាំងណាស់ទាំងគ្រឿងញៀនទាំងរឿងអបាយមុខផ្សេងទៀត។ អ៊ីចឹងជាសំណូមពររបស់ខ្ញុំសូមឱ្យសមត្ថកិច្ចជំនាញមានសមត្ថកិច្ចធ្វើកិច្ចការហ្នឹងច្រោះព័ត៌មានហ្នឹងកុំឱ្យមានការផ្សព្វផ្សាយ»។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលស្តីពី «ផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក» កាលពីខែមិថុនា ឆ្នាំ ២០២២ បានឱ្យដឹងថា មានភ័ស្តុតាងជាច្រើនបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិកបង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។
ក្រសួងសុខាភិបាលបានឱ្យដឹងថានៅពេលប្រើប្រាស់បារីអេឡិចត្រូនិក សារធាតុគីមី និងជាតិនីកូទីនត្រូវបានស្រូបចូលទៅក្នុងរាងកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ ខណៈបារីអេឡិចត្រូនិក៩៩ភាគរយមានផ្ទុកជាតិនីកូទីន។
បើតាមក្រសួងសុខាភិបាល ភ័ស្តុតាងកាន់តែច្រើនឡើងបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិកបង្កឱ្យមានរបួសសួតដោយចំហាយទឹកដែលបំភាយចេញពីបារីអេឡិចត្រូនិក មានជាតិនីកូទីន និងភាគល្អិតតូចនៃអ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិក អាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាងកាយមនុស្សធ្ងន់ធ្ងរផងដែរ៕