ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត​លោក សាន សុជា ដែល​ទើប​សឹក​ពី​ផ្នួស​ឱ្យ​បន្ត​ការផ្សព្វផ្សាយ​អប់រំ​ចិត្ត​តាម​គន្លង​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ​បន្តទៀត ខណៈ​កម្ពុជា​កំពុង​ត្រូវការ​អ្នកមាន​ការចេះដឹង​ធម៌អាថ៌​ត្រឹមត្រូវ​ក្នុង​ការជួយ​អប់រំ​ពលរដ្ឋ​ក្នុង​សង្គមជាតិ​ ដើម្បី​រក្សា​សន្តិភាព​និង​ការរីកចម្រើន​។


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​បែបនេះ​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​ជិត​ ២​ ម៉ឺន​នាក់ នៅ​តំបន់​ព្រៃ​ស្ពឺ មកពី​រោងចក្រ សហគ្រាស​ចំនួន ​៩ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ ​២០២៣​។

​លោក​ថ្លែងថា​៖ «​យើង​ក៏​ត្រូវការ​ដើម្បីឱ្យ​ព្រះសង្ឃ​ដែល​លាចាក​សិក្ខាបទ​ហើយ​ដែលមាន​ចេះ​ធម៌អាថ៌​ត្រឹមត្រូវ​បន្ត​ជួយ​ទៅដល់​ការអប់រំ​សង្គម​អប់រំ​ផ្លូវចិត្ត ដើម្បី​ធ្វើ​យ៉ាងម៉េច​ប្រើប្រាស់​នូវ​ធម៌អាថ៌​ខ្លះ សម្រាប់​ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ជាពិសេស​ការកសាង​អំពើ​ល្អ​នៅក្នុង​ចំណោម​ប្រជាជន​របស់​យើង​»​។


​លោក សាន សុជា ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យ​ចូលជួប​ស​ម្តែ​ង​ការគួរសម​នា​ព្រឹក ថ្ងៃទី ​១៣ ខែមិថុនា ឆ្នាំ ​២០២៣ នៅ​ភូមិគ្រឹះ​របស់លោក​នៅ​ក្រុង​តាខ្មៅ​។ តាមរយៈ​ការ​ថ្លែង​ពី​តំបន់​ព្រៃ​ស្ពឺ​លោក ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួប​កាលពី​ថ្ងៃទី​១៣ ខែមិថុនា​នោះ លោក សាន សុជា មក​ស្វែងរក​ការគាំទ្រ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ច្បាស់​ថា​ស្វែងរក​ការគាំទ្រ​លើ​កិច្ចការងារ​អ្វី​ឱ្យ​ប្រាកដ​នោះទេ​។

​លោក សាន សុជា បាន​សឹក​លាចាក​សិក្ខាបទ​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៣​។ ក្រោយ​លាចាក​សិក្ខាបទ​បាន​១​ថ្ងៃ លោក​បាន បញ្ចេញ​ចម្រៀង​១​បទ ក្រោម​ចំណងជើង​ថា «​សុំ​ម្តាយ​លាសិក្ខា​» ដែល​បទ​នោះ​និពន្ធ​និង​ច្រៀង​ដោយ​ខ្លួន​លោក​ផ្ទាល់​។ លោក​បាន​ប្រើ​ជីវិត​ជា​គ្រហស្ថ​ដោយ​ទទួលទាន​អាហារ​ជួបជុំ​គ្រួសារ ទៅ​ផ្សារ និង​ចូលរួម​កម្មវិធី​ផ្សេងៗ​ក្នុងសង្គម​។ យ៉ាងណា​លោក សាន សុជា បញ្ជាក់ថា ទោះបីជា​លោក​បាន​លាចាក​ពី​សិក្ខាបទ ប៉ុន្តែ​លោក​នៅតែ​បន្ត ការផ្សព្វផ្សាយ​អប់រំ​ផ្លូវចិត្ត​តាម​ធម៌​ព្រះពុទ្ធ​បន្តទៀត​។


​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ SBS khmer​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១២ ខែមិថុនា លោក​សាន សុជា បាន​លើកឡើងថា ក្រៅពី​ការផ្សព្វផ្សាយ​អប់រំ​ចិត្ត​តាម​ផ្លូវធម៌​ព្រះពុទ្ធ លោក​នឹងធ្វើ​ការងារ​លក្ខណៈ​ឯកជន​បន្ថែមទៀត​សម្រាប់​ការ​រស់​ដោយ​បង្កើតជា​មុខរបរ​ផ្ទាល់ខ្លួន​បង្កើតជា​កញ្ចប់​មេរៀន​ផ្សេង​បន្ថែមទៀត​តាម​ប្រព័ន្ធ​អន​ឡាញ​។ លោក​ថ្លែងថា​៖«​អ្វីដែល​ខ្ញុំ​គ្រោង​នឹង​បង្កើត​គឺ​នៅតែ​ពាក់ព័ន្ធ​នឹង​ការអប់រំ​ដដែល មាន​ព្រះធម៌​ជា​មូលដ្ឋាន ប៉ុន្តែ​អាស្រ័យ​បច្ចេកវិទ្យា​ថ្មី និង​វិធីសាស្ត្រ​ថ្មី​ឱ្យ​ទំនើប​ជាង​កាល​នៅ​ជា​លោក​បន្តិច​»​។

​ក្រោយ​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​សាន សុជា បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ​អ្នក​ដែល​ជ្រះថ្លា​នឹង​ព្រះធម៌​ដែល​លោក​បង្រៀន​ឬ​សម្តែង​ពន្យល់​ពិតប្រាកដ ពួកគាត់​ប្រាកដជា​យល់ច្បាស់​ថា​លោក​ជា​មនុស្ស​បែបណា​មិន​ខាន​។ អ្នក​ទាំងនោះ​មិនអាច​ងាករេ​ចិត្ត​ចេញពី​ព្រះធម៌ ព្រោះតែ​ការងារ​ផ្ទាល់ខ្លួន​របស់លោក​ឡើយ ដោយសារ​ពួកគាត់​បានទទួល​ប្រយោជន៍​អំពី​ព្រះធម៌​រួចទៅហើយ​។

​លោក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖«​ពួកគាត់​ពិតជា​មិន​ខឹងសម្បា​នឹង​ជីវិត​ឯកជន​របស់ខ្ញុំ​ឡើយ ទឹកចិត្ត​របស់​ពួកគាត់ មានតែ​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់ខ្ញុំ នឹង​រង់ចាំ​ចូលរួម​ក្នុង​ដំណើរ​ធម្មទាន​របស់ខ្ញុំ​ត​ទៅមុខទៀត​ប៉ុណ្ណោះ​»​។

​លោក​បញ្ជាក់ថា ការរស់នៅ​ក្នុងសង្គម​ត្រូវមាន​ទំនាក់ទំនង​ល្អ​។ ការជួប​គឺជា​ការគោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក សូម្បី​ព្រះសម្មាសម្ពុទ្ធ​ក៏​ធ្លាប់​យាង​ទៅ​ជួប​ព្រះរាជា ឬ​សេនាបតី​ដែរ មិនមែន​ការជួប​សុទ្ធតែ​កើតចេញពី​ចិត្ត​កខ្វក់​ឡើយ​។

​លោក​បញ្ជាក់ថា​៖«​កាលពីដើមឆ្នាំ ខ្ញុំ​បាន​ទៅ​ជួប​សម្តេច​ប៉ាប មិនមែន​ព្រោះ​ខ្ញុំ​ដូរ​សាសនា​ទើប​ទៅ​ជួប​បាន​នោះទេ គ្រាន់តែ​ជាការ​បង្កើន​មិត្តភាព​រវាង​អ្នក​គោរព​សាសនា​ប៉ុណ្ណោះ ខ្ញុំ​នៅតែ​ជា​ខ្ញុំ ខ្ញុំ​នៅតែ​គោរព​ដើរ​តាម​មាគ៌ា​ព្រះសម្មាសម្ពុទ្ធ​ដដែល​»៕