ភ្នំពេញៈ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៃ​ក្រសួងសុខាភិបាល បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន​កុះករ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ខណៈ​ការបរិច្ចាគ​នាពេល​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​នៅមានកម្រិត​តិចតួច​នៅឡើយ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង និង​ស្តង់ដារ​បស់​អង្គការ​សុខភាព​ពិភពលោក​។​


​ការអំពាវនាវ​ជាថ្មី​នេះ ធ្វើឡើង​នៅពេលដែល​កម្ពុជា​ប្រារព្ធ​ទិវា​ពិភពលោក​នៃ​អ្នកបរិច្ចាគឈាម​នៅ​ថ្ងៃទី​ ១៤ មិថុនា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង​, ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​លោក សុខ ប៉ូ និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ យុវជន សិស្សានុសិស្ស ជាច្រើន​នាក់​ទៀត​។

​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដើម្បី​អបអរសាទរ និង​ថ្លែងអំណរគុណ​ជា​អនេក​កប្ប​ការ​ដល់​សប្បុរសជន​ប​រិ​ច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ទាំងអស់ ព្រមទាំង​លើកទឹកចិត្ត​ឱ្យ យុវជន យុវនារី ក្លាយជា​អ្នកបរិច្ចាគឈាម​ថ្មី​កាន់តែ​ច្រើនឡើង ដោយ​អ្នកមាន​សុខភាព​ល្អ​គួរ​បន្ត​បរិច្ចាគ​ឈាម​ឱ្យបាន​ទៀងទាត់​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​គ្រប់​ប្រភេទ​។​


​លោក សុខ ប៉ូ ក្នុងនាម​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​និង​មន្ត្រីរាជការ​បុគ្គលិក​ទាំ​ង​អស់ ស្វាគមន៍​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បានធ្វើ​អំណោយទាន​សម្រាប់​ជីវិត និង​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​លើកកម្ពស់​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែល​រួមចំណែក​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដោយ​ក្តី​សប្បុរស​។

​លោក​បានឱ្យដឹងថា ស្ថានភាព​តម្រូវការ​ឈាម​ក្នុង​ឆ្នាំ​ ២០២២​ កន្លងមក ចំនួន​អ្នកបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​មានតែ ០,៦២​ ភាគរយ ប្រៀបធៀប​ជាមួយនឹង​ប្រជាជន​សរុប​ប្រមាណ ១៧​លាន​នាក់​ក្នុងប្រទេស​កម្ពុជា ហើយ​យើង​ត្រូវការ​ឈាម​១​ប្លោក​ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​រៀងរាល់ ៦​នាទី​ម្តង​។​


​លោក សុខ ប៉ូ បាន​បន្តថា​ជាទូទៅ​ការបរិច្ចាគ​ឈាមមាន​កំណើន ប៉ុន្តែ​កំណើន​នេះ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដោយសារ​តម្រូវការ​ឈាមមាន​កំណើន​រហូតដល់​ជិត ២០​ ភាគរយ ហើយ​អ្នក​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​នៅមាន​ចំនួន​តិច​នៅឡើយ​។

​លោក​បាន​ថ្លែងថា​៖ «​បើតាម​ស្តង់ដារ​បស់​អង្គការ​សុខភាព​ពិភពលោក​យើង​ត្រូវតែមាន​ប្រជាពលរដ្ឋ​ស្មើនឹង ១ ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​បរិច្ចាគ​ឈាម មានន័យថា ១៧​ លាន​នាក់ ទាល់តែ​យើង​មាន​អ្នកចូលរួម​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត ១ ​សែន ៧​ ម៉ឺន​នាក់ ទើប​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​យើង​មានតែ​ ០,៦២ ​ភាគរយ អ៊ីចឹង​!​ឃើញថា​យើង​នៅមាន​ខ្វះចន្លោះ​ខ្លាំង នៅ​ខ្វះ​ជាង ៤០ ​ភាគរយ​ទៀត ដើម្បី​ឱ្យមាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​នៅ​ទូទាំងប្រទេស​»​។

​លោក​ថ្លែងថា ការបរិច្ចាគ​ឈាម​មិនទាន់​គ្រប់គ្រាន់​នេះ ដោយសារ​កត្តា​ប្រជាពលរដ្ឋ​មិនទាន់​ជ្រួតជ្រាប​ពី​សារៈសំខាន់​នៃ​ការផ្តល់​ឈាម ការផ្តល់​ឈាមមាន​អត្ថប្រយោជន៍​៣​សំខាន់ៗ​ទី​១ ​សម្រាប់​បុគ្គល​ខ្លួនឯង គឺ​កាត់បន្ថយ​មហារីក ការខ្វះ​ជាតិ​ដែក ជាពិសេស​ធ្វើឱ្យ​សរសៃឈាម​ក្នុង​ខ្លួន​រត់​បាន​ស្រួល ទី​២ ជួយ​សង្គម និង​ទី​៣ បាន​បុណ្យ​ច្រើន​ក្នុង​វិស័យ​ពុទ្ធសាសនា​។​

​បើតាម​លោក សុខ ប៉ូ តម្រូវការ​ឈាម​ជាប្រចាំ​ថ្ងៃ​សរុប​ប្រមាណ ៣០០​ទៅ ៣៥០​ប្លោក​នៅ​រាជធានី​ភ្នំពេញ ហើយ​តម្រូវការ​ទូទាំងប្រទេស​ប្រមាណ​ជិត ១១​ម៉ឺន​ប្លោក ដែល​លើសពី​ឆ្នាំមុនៗ ១៥​ភាគរយ​។ ក្នុងនោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​គ្របដណ្តប់​ជិត ៧៥​ភាគរយ​នៅ​ទូទាំងប្រទេស ចំណែក​ការទទួល​ឈាម​បាន​តាមរយៈ​សប្បុរសជន​ដោយ​ស្ម័គ្រចិត្ត និង​មិន​គិត​កម្រៃ​ឆ្លើយតបបាន​ត្រឹម ១៥​ភាគរយ ដូច្នេះ​ការផ្ដល់​ឈាម​ជំនួស​ដោយ​ក្រុមគ្រួសារ​អ្នកជំងឺ​មាន​រហូតដល់ ៨៥%​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​។​ ​ខណៈដែល​ប្រទេសជិតខាង​មាន​អ្នកបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​ផ្គត់ផ្គង់​រហូតដល់​លើសពី​៩០​ភាគរយ​នៃ​តម្រូវការ​។

​លោក សុខ ប៉ូ ថ្លែង​ដោយ អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ឱ្យមាន​ការចូលរួម​ក្នុង​កិច្ច​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន​កុះករ ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ដែល​ត្រូវការ​ឈាម ព្រោះ​អ្នកជំងឺ​ខ្លះ​ត្រូវការ​ឈាម​ជាប្រចាំ​តែម្តង​។ លោក​បន្ថែមទៀតថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា​យើង​ចូលរួម​ទប់ស្កាត់​ណាស់​ចំពោះ​អ្នក​ខិលខូច ឆ្លៀតឱកាស​យក​សេវាកម្ម​ជាតិ​ផ្តល់​ឈាម​នេះ​ធ្វើជា​អាជីវកម្ម​របស់ខ្លួន យើង​នឹងចូលរួម​ទប់ស្កាត់​កម្រិត​ខ្ពស់បំផុត ហើយ​យើង​នឹង​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​ខិលខូច​ទាំងនោះ​នៅ​ឆ្នាំ​ខាងមុខនេះ​»​។​

​ក្នុងឱកាស​នោះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា ការផ្តល់​ឈាម​ជា​អំពើ​មួយ​ដ៏​ល្អ​ព្រោះ​ពិតជា​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស ឬ​បងប្អូន​មិត្តភក្តិ​ជាទី​ស្រឡាញ់​របស់​យើង​បាន​។​

​លោក​បាន​ថ្លែងថា​៖«​ដូច្នេះ​ការចូលរួម​បរិច្ចាគ​ឈាម​គឺជា​សកម្មភាព​ដ៏​ល្អ​ប្រពៃ​ដែល​ប្រជាជន​ទូទៅ ជាពិសេស​យុវជន យុវនារី ត្រូវ​ចូល​រូ​ម​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​ឱ្យបាន​ច្រើន ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ទាំងឡាយ​ដែល​ត្រូវការ​ឈាម​»​។

​លោក ម៉ម ប៊ុនហេង បាន​បន្តថា​៖ «​លើសពីនេះ​ខ្ញុំ​យល់ឃើញថា ចលនា​នៃ​ការចូលរួម​របស់​យុវជន សិស្ស និស្សិត សិល្បករ បុគ្គលិក ក្រុមហ៊ុន​ឯកជន មន្ត្រីរាជការ ការបរិច្ចាគ​ឈាម​បាន​បង្កើតបានជា​វប្បធម៌​ដ៏​ល្អ​មួយ​សម្រាប់​សង្គម​របស់​យើង​»​។

​លោក​គូសបញ្ជាក់ថា ការបន្ត​យុទ្ធនាការ​នៃ​ការផ្តល់​ឈាម​នេះ​បានរួម​ចំណែក​ធ្វើឱ្យ​ការផ្តល់សេវា​សុខាភិបាល​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។​

​ដើម្បី​ធានា​ការផ្គត់ផ្គង់​ឈាម និង​ផលិតផល​ឈាម ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​របស់​អ្នកជំងឺ​បាន​គ្រប់ពេលវេលា ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​រាជធានី​ខេត្ត​ទាំង​២៥ និង​តាម​ក្រុម​ចល័ត​ចុះ​ទទួល​អំណោយ​ឈាម នៅតាម​ស្ថាប័ន អង្គភាព សាកលវិទ្យាល័យ​វិទ្យាល័យ ក្រុមហ៊ុន​ឯកជន ..​ឱ្យបាន​ច្រើន​កុះករ​បន្ថែមទៀត​៕