​សីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ជំរុញឱ្យមាន​ការចុះបញ្ជី​ដីធ្លី​ឱ្យបាន​រហ័ស​និង​មាន​ប្រសិទ្ធភាព ដើម្បី​មាន​តម្លាភាព​ក្នុងការ​គ្រប់គ្រង​ដី​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល សំដៅ​ទប់ស្កាត់​នូវ​ការកាប់​រានទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ ស្របតាម​ការណែនាំ​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​


​លោក​ គួច ចំរើន ថ្លែង​បែបនេះ​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការកាប់​ទន្ទ្រាន​ដី​រដ្ឋ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​។

​លោក​ថ្លែងថា​៖«​បើ​យើង​មិនបាន​ចុះបញ្ជី​ឱ្យបាន​លឿន​នោះទេ វា​អាច​បង្កើតជា​គោលដៅ​នៃ​ការចូល​កាន់កាប់​ទន្ទ្រាន​ដី​រដ្ឋ ទន្ទឹម​នោះ​ក្រុមការងារ​ត្រូវបំពេញ​ការងារ​ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​មិន​ប្រើ​អំពើរ​ហឹ​ង្សា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​តាម​ជំនាញ​នីមួយៗ​បង្កើន​ការគ្រប់គ្រង​»​។


​លោក​ភិ​បាល​ខេត្ត​ព្រះសីហនុ​លើកឡើងថា ចំពោះ​យុទ្ធនា​ការបង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ត្រូវបង្កើន​ការតាមដាន​តាម​ជំនាញ​រៀងៗ​ខ្លួន ក្នុងការ​គ្រប់គ្រង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​ផ្អែក​តាម​អនុសាសន៍​ដឹកនាំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ប្រជាពលរដ្ឋ ​គ្រប់​អាជ្ញាធរ កម្លាំង​អង្គភាព​ជំនាញ​ទាំងអស់​ត្រូវខិតខំ​ធ្វើយ៉ាងណា​យក​ការអប់រំ​ជាធំ ដោយ​ប្រើប្រាស់​តាម​វិធាន​រដ្ឋបាល ព្រោះ​នៅ​ខេត្ត​ព្រះសីហនុ មិនមាន​ការកាប់​ព្រៃ​យក​ឈើ​នោះទេ គឺជា​ការកាប់​ព្រៃ​យក​ដី ការទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក គួច ចំរើន​។


​ថ្លែង​បើក​កិច្ចប្រជុំ​នោះ លោក​អភិបាលខេត្ត បានឱ្យដឹងថា ក្រុមការងារ​រដ្ឋបាល​ខេត្ត​ទើប​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការកាប់​ទន្ទ្រាន​ដី​រដ្ឋ មួយ​ករណី​ប្រកបដោយ​ជោគជ័យ ហើយ​វិធាន​ចំពោះមុខ​រដ្ឋបាល​ក្រុង ស្រុក និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​តា​ម​ដាន​ត្រួត​ពិ​និត្យ និង​ការគ្រប់គ្រង​បទល្មើស​ធនធានធម្មជាតិ ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​ដោយ​ការទទួលខុសត្រូវ​។

​លោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប​បទល្មើស​ដីព្រៃ​ឈើ​នៅ​ទីតាំង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃឈើ​ក្រសាំង ស្រុក​រមាសហែក កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៣​។ បេសកកម្ម​នេះ មានការ​ចូលរួម​ពី​សំណាក់​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក និង​ក្រុមការងារ អស់លោក​លោកស្រី ក្រុមការងារ​ថ្នាក់ស្រុក ឃុំ​ត្រស់ និង​អណ្តូង​ត្របែក​និង​កងកម្លាំង​ទាំង៣ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សរុប​ចំនួន​៧៣​នាក់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តស្វាយរៀង​ផុស​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៣​។

​លោក ម៉ែន អេង បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​អណ្ដូង​ត្របែក ភូមិ​បុស្ស ឃុំ​ត្រស់ បាននាំគ្នា​ទៅ​កាប់ឆ្ការ​ដាំ​ដុះ ដំឡូង កៅស៊ូ ចាប់យក​ដី​រដ្ឋ​ធ្វើ​ចម្ការ កាប់​ព្រៃឈើ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងកសិកម្ម ​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ នៅ​ឃុំ​ត្រស់ ឃុំ​អណ្ដូង​ត្របែក បែប​អនាធិបតេយ្យ​នេះ​បណ្តាលមកពី​មកពី​ប្រជាពលរដ្ឋ​ជឿ​លើ​ការ​ញុះញង់​របស់​មេខ្យល់​ដែល​លើកយក​រឿង​ប្រជាពលរដ្ឋ ៧៨​គ្រួសារ ពាក់ព័ន្ធ​ទៅនឹង ដី ៤៧៦​ហិកតា ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​ដី​ជាក់ស្ដែង​មានតែ ១១៧​ហិកតា​តែប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​ជា​លទ្ធផល​ក្រុមការងារ​សម្រេច​ដកប​ង្គោ​ល​នៅ​លើដី​ស្ថានីយដែល​បាន​បោះបង្គោល​ចាប់យក​ដី និង​ដាំ​ដំណាំ​លើដី​របស់​ស្ថានីយ​ដាំ​កូនឈើ​ក្រសាំង​របស់​រដ្ឋ ចំនួន​៥០​ហិកតា និង​ដក​កូន​កៅស៊ូ បាន​ចំនួន ២៥០​ដើម រួចរាល់​ផងដែរ ក្រោយពី​រដ្ឋបាលខេត្ត​ធ្លាប់បាន​ធ្វើការ​ណែនាំ​និង​ផ្សព្វផ្សាយ​ច្បាប់​អំពី​ការកាន់កាប់ និង​អាស្រ័យ​ផល​លើដី​ព្រៃរបស់​រដ្ឋ​រួចមក​»៕