​សៀមរាបៈ មន្ត្រី​បានឱ្យដឹងថា កិច្ចប្រជុំ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​(ICC-Angkor) ​សម្តែង​ការគាំទ្រ​ចំពោះ​វិធាន​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​ទីកន្លែង​អភិវឌ្ឍន៍​ថ្មី​ចំនួន ​២ ​ទីតាំង គឺ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង នៅ​ខេត្តសៀមរាប ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ដែល​មានបំណង​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់នៅនៅ​ទីតាំង​ទាំងនោះ​។​


​ការសម្តែង​ការគាំទ្រ​នេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៧ ​នៃ​គណ​:​ក​ម្មា​ធិ​ការ​អន្តរជាតិ​ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​រមណីយ​​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) និង​សំបូរ​ព្រៃ​គុក​រយៈពេល​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១២ ដល់​ថ្ងៃទី ​១៣ ខែមិថុនា​។​

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​អាជ្ញាធរ​ជាតិ​អប្សរា លោក Tani-nai Ichitomo អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Pierre Vincent ទីប្រឹក្សា​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​វប្បធម៌​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក Sardar Umar Alam ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។​


​លោក ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាថ្លែងថា នៅក្នុង​កិច្ចប្រជុំ​នេះ​តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​នៅ​ភ្នំ​​ពេញ យល់ឃើញថា អាយ​ស៊ី​ស៊ី​-​អង្គរ ជា​ឆ្អឹងខ្នង​មួយ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​កន្លងមកនេះ ក្នុង​កិច្ចការ​ថែរក្សា និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​។​

​លោក​បន្តថា ដោយសារតែ​តាមរយៈ​បទពិសោធន៍​នេះហើយ​ទើប​ឃើញថា រមណីយដ្ឋាន​របស់​ក​ម្ពុ​ជាមួយ​ចំនួន​ត្រូវបាន​ចុះ​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​​លោក​ដូចជា​ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ហើយ​និង​ឆាប់ៗ​នេះ​នឹងមាន​ការចុះបញ្ជី​ប្រាសាទ​កោះ​កេរ​ទៀត​។​


​លោក​ ឡុង កុសល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​១៤ ខែមិថុនាថា​៖ «[​កិច្ចប្រជុំ​] ក៏​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​នូវ​ទីកន្លែង​អភិវឌ្ឍន៍​ថ្មី​ចំនួន​ ២​ ទីតាំង​ គឺរុន​តា​ឯក និង​ពាក់​ស្នែង ដើម្បីឱ្យ​បងប្អូន​​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ក្នុងការ​​ស្ម័គ្រចិត្ត​ចាក​ចេញពី​រមណីយដ្ឋាន​អង្គរ​នេះ​ទៅ​រស់នៅនៅ​ទីកន្លែង ​[​នេះ​]»​។​

​លោក​បន្តថា កិច្ចប្រជុំ​នេះ​ក៏​សង្កេត​​ឃើញថា ពី ​១ ​ឆ្នាំ ទៅ​ ១​ ឆ្នាំ ​អ្នកជំនាញ​ជាតិ​របស់​កម្ពុជា​កាន់តែ​បង្កើន​គុណភាព​នៃ​សមត្ថភាព​របស់ខ្លួន​ល្អ​ទៅៗ ហើយ​នេះ​ជា​ចំណុច​ដ៏​វិជ្ជមាន​បំផុត​ក្នុង​រយៈ​ពេលដែល​គណៈកម្មាធិកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​បំពេញភារកិច្ច​រយៈពេល​ ៣០ ​ឆ្នាំនេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា កិច្ច​ប្រជុំ​នេះ​បាន​ពិភាក្សា និង​ពិនិត្យ​តាមដាន​លើ​ការអនុវត្ត​អនុសាសន៍ ដែល​បាន​​អនុម័ត​នៅក្នុង​សម័យប្រជុំ​បច្ចេកទេស​​ទី​៣៦ ​និង​កិច្ចប្រជុំពេញអង្គ​ទី​២៩ ​កាលពី​ឆ្នាំ ​២០២២​ ព្រមទាំង​ពិនិត្យ​របាយការណ៍​សក​ម្ម​ភាព​ក្រុមបច្ចេកទេស ការជួសជុល និង​ការអភិរក្ស​។​

​កាលពី​ថ្ងៃទី ​៩ ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួងការបរទេស និង​ពា​​ណិ​ជ្ជ​កម្ម​ក្រៅប្រទេស​របស់​នូ​វែ​ល​សេ​ឡង់ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា ​(MoU) ​លើ​ភាពជា​ដៃគូ​អំពី​គម្រោង​គ្រប់គ្រង​ទឹក​ក្នុង​រមណីយ​ដ្ឋា​ន​អង្គរ​ដោយ​ប្រសិទ្ធភាព និង​ចីរភាព​ ដើម្បី​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាស​​ធាតុ និង​សង្គម​​សេដ្ឋកិច្ច ដែលមាន​​រយៈពេល​ ៥​ ឆ្នាំ​ ចាប់ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ ​២០២៨​។

អាជ្ញាធរ​ជាតិ​អប្សរាបាន​ចាត់ទុកថា គម្រោង​នេះ​ពិតជា​មាន​សារ​ប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ជួយ​ឱ្យ​ការ​​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​សម័យបុរាណ​កាន់​តែមាន​ប្រសិទ្ធភាព​ ដើម្បី​បញ្ចៀស​ទឹកជំនន់​នៅក្នុង​តំបន់​សៀមរាប​-​អង្គរ ការ​ទាញ​អត្ថប្រយោជន៍​ពី​ធនធាន​ ធម្មជាតិ​ដើម្បី​អភិវឌ្ឍ​សហគមន៍ និង​ការកសាង​សមត្ថភាព​ធនធានមនុស្ស​ជាដើម​។​

​កាលពី​ឆ្នាំ ​២០២២ បារាំង និង​ជប៉ុន ដែលជា​សហប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​បានប្រកាស​ជួយ​គាំទ្រ​លើ​ការអភិរក្ស និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​រយៈពេល​ ១០​ ឆ្នាំ​ទៀត​ លើ​ការ​​ងារ​បេតិកភណ្ឌ និង​សហគមន៍ ដើម្បី​ធ្វើឱ្យ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់តែ​ល្អប្រសើរ​។​

​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៩៣ ហើយនឹង​ត្រូវ​ចប់​អាណត្តិ​ទី​៣ របស់ខ្លួន​នៅ​ចុងឆ្នាំ ​២០២៣​។ តាមរយៈ​ការប្រកាស​នៃ​សេចក្តីសម្រេចចិត្ត​នេះ គណៈ​ក​ម្មា​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​នឹង​បន្ត​អាណត្តិ​លើក​ទី​៤ រហូតដល់​ឆ្នាំ ​២០៣៣៕