​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក​មិន​មានជំនឿថា អ៊ុយ​ក្រែ​ន​អាច​វាយយក​ទឹកដី​របស់ខ្លួន​ដែល​រុស្ស៊ី​បាន​កាន់កាប់​មកវិញ ក្រោយពី​អ៊ុយ​ក្រែ​ន​បាននិងកំពុង​ចាប់ផ្តើម​វាយបក​ទៅលើ​រុស្ស៊ី​វិញ ទោះបីជា​សហរដ្ឋអាមេរិក និង​​ប្រទេស​លោកខាងលិច​បា​ន​ផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​ក៏ដោយ​។​


​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ​២​ ម៉ឺន​នាក់ ​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ៩ នៅ​ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ធ្វើឡើង​នៅ​តំបន់​ព្រៃ​ស្ពឺ នា​ថ្ងៃទី ​១៤ ខែ​​មិថុនា លោក ​ហ៊ុន សែន ថ្លែងថា​៖ «​ប៉ុន្តែ​ខ្ញុំ​គ្មាន​ជំនឿ​ណាមួយ​និយាយ​តាម​មួយបែប​ទៅ គ្មាន​ជំនឿ​ណាមួយ​ថា អ៊ុយ​ក្រែ​ន​អាច​វ៉ៃ​យក​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​នោះបាន​មកវិញ ដោយ​​សារ​កម្លាំង​តែ​ប៉ុណ្ណឹង​ទេ​!»​។​

​លោក​បាន​រំឭកថា ក្នុងជំនួប​តាម​ទូរស័ព្ទ​ជា​លើក​ទី​២ ​ជាមួយ​ប្រ​ធានា​ធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​​ស្គី (Volodymyr Zelenskyy) កាលពី​ចុងខែ​ឧសភា លោក​បាន​ចោទ​​សួរ​ទៅកាន់​លោក Zelenskyy ថា តើ​មាន​គម្រោង​នឹង​វាយយក​ទឹកដី​ត្រឡប់មកវិញ​ដែរ​ទេ​? ​លោក Zelenskyy ក៏បាន​ឆ្លើយតប​វិញ​ថា ពិតជា​មាន​។​


​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា លោក​មិនបាន​លើកទឹកចិត្ត​ឱ្យមាន​ការ​​វាយប្រហារ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​និយាយ​សំដៅ​លោក Zelenskyy ថា គួរតែ​រក​វិធី​សន្ទនា​ដើម្បី​ដោះស្រាយ​។​

​លោក​បាន​បន្តថា ឥឡូវ​មិនអាច​អ្នក​ណា​ទៅ​រារាំង​អ៊ុយ​ក្រែ​ន​មិនឱ្យ​វាយ​លើ​រុស្ស៊ី​នោះទេ ក៏ប៉ុន្តែ​លោក​គ្មាន​ជំនឿ​ថា ប្រើប្រាស់​សង្គ្រាម​ដើម្បី​បញ្ចប់សង្គ្រាម និង​ដណ្តើម​ទឹកដី ហើយ​រុស្ស៊ី​សុខចិត្ត​ចុះចាញ់​ទៅលើ​តំបន់​ដែល​ខ្លួន​កំពុងកាន់​​កាប់​នោះទេ ជាពិសេស​តំបន់​គ្រី​មៀ (Crimea) ​តំបន់​ដុន​បាស​ (Donbas)​។​


លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​អា​ហ្នឹង​និយាយ​តាម​មួយបែប​ខ្ញុំ​អត់​មាន​ជំនឿ​ទេ ទោះបីជា​អាមេរិក និង​លោក​​ខាងលិច​ផ្ដល់​អាវុធ​ឱ្យ​ប៉ុនណា​ក៏ដោយ ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​នៅ​ទីនោះ ​គឺ​គេ​ក៏មាន​កម្លាំង ហើយ​វ៉ៃ​ទៅ វ៉ៃ​មក ​ទី​ចុង​បំផុត​អ្នក​ដែល​ស្លាប់ ​គឺ​ប្រជាជន​អ៊ុយ​​ក្រែ​ន និង​រុស្ស៊ី តែ​ប៉ុណ្ណឹង​!»​។​

​លោក​ យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នា​ថ្ងៃទី ​១៤ ខែមិថុនា អ៊ុយ​ក្រែ​ន​មិនអាច​ឈ្នះ​រុស្ស៊ី ហើយ​បាន​ទឹកដី​ដែល​បាត់បង់​មកវិញ​ទេ​។ មានតែ​ការចរចា​ទេ ហើយ​ការចរចា​ដែល​សំខាន់ ​គឺ​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី ព្រោះនេះ​ជា​រឿង​សំខាន់​ណាស់​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ មិនមែន​រឿង​អ៊ុយ​ក្រែ​ន​ចរចា​ជាមួយ​រុស្ស៊ី​នោះទេ គឺ​រឿង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហា​​អំណាច​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។​

​លោក​ថ្លែងថា​៖ «​អ៊ីចឹង ប្រសិនបើ​រុស្ស៊ី​ព្រម​ចុះចាញ់ ឬក៏​ព្រម​ប្រគល់​ទឹកដី​ឱ្យ​វិញ​នោះ​មានន័យ​ស្មើនឹង​រុស្ស៊ី​បាត់បង់​កិត្យានុភាព​របស់ខ្លួន​ជាម​ហា​​អំណាច​យោធា​សកលលោក​។ អ៊ីចឹង តាម​យើង​សង្កេតមើល​ជាង​ ១ ​ឆ្នាំ​មកហើយ អ៊ុយ​ក្រែ​ន​ទទួលបាន​ជំនួយ​យ៉ាង​ក្រាស់ក្រែល​ពី​បស្ចិម​លោក​ណា​​តូ ​(NATO) និង​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​នៅតែ​មិនអាច​យកឈ្នះ​រុស្ស៊ី​បាន​។ លើសពីនោះ​ទៀត​ គឺ​ថែមទាំង​ធ្វើឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​កាន់តែ​ខ្ទេច​​ខ្ទាំ​ទៅ​។ ប្រជាជន​ស្លាប់ ទីក្រុង​រលំ​​រលាយ​ជាដើម​»​។​

​លោក​បាន​បន្តថា​៖ «​អ៊ីចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​មិនអាច​ដោះស្រាយ​បានទេ​ក្រៅពី​ការចរចា​ត្រង់​រវាង​សហ​​រដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី​។ នេះ​ដែល​ខ្ញុំ​និយាយ​ដដែលៗ​ គឺជា​សង្គ្រាម​ការពារ​ខ្សែក្រវាត់​មហាអំណាច​មិនមែនជា​សង្គ្រាម​ធម្មតា​ទេ​។ អ៊ីចឹង ទាល់តែ​មហាអំណាច​ផុត​លេខ​ហ្នឹង​ចរចា​គ្នា​ទើប​អាច​ដោះស្រាយបាន​»​។​

​ក្នុងជំនួប​ជាមួយ​លោក Zelenskyy តាម​ទូរស័ព្ទ​ជា​លើក​ទី​២ ​នេះ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​កិច្ច​ស​ន្ទ​នា​តាម​មធ្យោបាយ​ជាក់ស្តែង​ ដើម្បី​បញ្ចប់សង្គ្រាម និង​ទុក្ខវេទនា​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​​ការបរទេស​កម្ពុជា​។​

​ក្រសួង​បញ្ជាក់ថា លោក ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ពី​គោលជំហរ​ជាគោលការណ៍​របស់​កម្ពុ​ជា​ចំពោះមុខ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយ​កម្ពុជា​គោរព និង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។ លោក​ក៏បាន​បញ្ជាក់​សាជាថ្មី​ពី​ការបន្ត​គាំទ្រ​សំណើ​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន ហើយ​បាន​ជូន​​ពរ​បវរ​ជូន​ប្រជាជន​អ៊ុយ​ក្រែ​ន​។​

​កាលពី​ខែមករា ឆ្នាំ​ ២០២៣ កម្ពុជា​បានផ្តល់​ជំនួយ​មនុស្សធម៌​ក្នុងការ​​បណ្តុះបណ្តាល​អ្នកដោះមីន​របស់​អ៊ុយ​​ក្រែ​ន​នៅ​រាជធានី​ភ្នំពេញ​។ រីឯ​កាលពី​ឆ្នាំ ​២០២២ ​អ៊ុយ​ក្រែ​ន​បាន​ចុះ​ហត្ថ​​លេខា​លើ​លិ​ខិ​តូ​បក​រណ៍​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​ (TAC)​ នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​៕