ភ្នំពេញៈ ជារឿយៗ នៅលើ​បណ្តាញ​សង្គម ជា​ពិសេស​ហ្វេ​ស​ប៊ុ​ក គេ​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ​វីដេអូ ​របស់​យុវជន​ស្ម័គ្រចិ​ត្ត​មួយ​ក្រុ​មដែល​តែង​នាំគ្នា​សម្អាត​កាកសំ​ណល់​ដែល​កក​ស្ទះ​ជាច្រើន​ខែ​នៅតាម​ទីសា​ធារណៈ និ​ង​ប្រឡាយ​នានា ​ក្នុង​រាជ​ធានី​ភ្នំពេញ​។​


​ក្រុម​យុវជន​ស្ម័គ្រចិ​ត្ត​នោះ​មាន​ឈ្មោះ​ថា «​និស្សិត​បា្ល​ស្ទិ​ក​-Nisset Plastic» ​ដែល​តែង​តែ​ចំណាយ​ពេល​វេលា​ ​សេស​សល់​ពី​ការ​សិក្សា​របស់​ខ្លួន​មក​សម្អាត​បរិស្ថាន​តាម​លូ​ទឹក​ស្អុយ​និង​ទីសា​ធារ​ណៈ​មួយ​ចំនួន​ដើម្បី​បំផុស​ស្មារតី​ពលរដ្ឋ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​។​

​ផ្តើម​ចេ​ញពី​ការធ្វើស​កម្ម​ភាព​សម្អាត​តែម្នាក់​ឯង​រហូត​អាច​កៀរ​គរ ​យុវជន​ជាច្រើន​នាក់​ឱ្យ​ចូលរួម​ក្នុង​សកម្ម​ភាព​រើស​សំរាម​តាម​ប្រឡាយ​លូទឹក​ស្អុយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​សកម្ម​ភាព​នេះ​ក៏ទទួល​បានការ​ស្ងើច​សរសើរ​ និង​ការ​សាទរ​ពី​មហា​ជន​ផង​ដែរ​។​


​យុវជន​ ហែម សុ​ភេ​ម ជា​ស្ថាប​និក​នៃ «​និស្សិត​ប្លា​ស្ទិ​ក​» ដែលមាន​វ័យ​ទើបតែ ​២១​ ឆ្នាំ និងជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស​បាន​ឱ្យដឹង​ពី​ហេតុ​ផល​ដែល​ខ្លួន​កៀរគរ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ឱ្យចូល​រួម​សកម្ម​ភាព​ទាំង​នេះ គឺ​ដោយ​សារ​ក្តីបារម្ភ​ពី​ផល​ប៉ះពាល់​​បរិស្ថាន​។ មួយ​វិញ​ទៀត​គឺ​ដើម្បី​បំផុស​គំនិត​ឱ្យ​ពលរដ្ឋ​ និង​និស្សិត​ផ្ដើម​ខ្វាយខ្វ​ល់​ពី​បញ្ហា​សំរាម ហើ​យ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ក្នុងការ​ទុក​ដាក់​កាក​សំណល់​តាម​រយៈ​វីដេអូ​របស់​ខ្លួន​។​

​លោក ​ហែម សុ​ភេ​ម បាន​​ឱ្យ​ដឹង​បន្ត​ថា ក្រុម​និស្សិត​ប្លា​ស្ទិ​ក​បាន​បង្កើត​ឡើង​ក្នុង​ខែមិថុនា ​ឆ្នាំ​ ២០២២​ ពោល​ គឺមាន​រយៈ​ពេល ​១ ​ឆ្នាំ​ហើយ​។​ រហូត​មក​ទល់ពេ​លនេះ​ក្រុ​មនិស្សិត​ប្លា​ស្ទិ​ក​បាន​ប្រមូល​សំរាម​ជាច្រើន​កន្លែង​មក​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​លើគោ​ក​ទាំង​ក្នុង​លូទឹក​ស្អុយ​តាម​សាលា​​របស់​ខ្លួន​ផ្ទាល់​ នៅតំ​បន់​មាត់​ទន្លេ​ បឹង​សាឡា​ង​ស្ទឹង​មាន​ជ័យ​ បឹង​ទំពុន ​​និង​តាម​ប្រព័ន្ធ​លូ​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ជា​ដើម​។​


​បច្ចុប្បន្ន​និស្សិត​ប្លា​ស្ទិ​កមាន​ក្រុម​តេ​ឡេក្រាម​មួយ​ដែល​មាន​សមាជិក​ប្រមាណ ​៦០០ ​នាក់ ហើយ​សមា​ជិក​ទាំង​អស់​នោះ​អាច​ចូលរួម​សកម្ម​ភាព​សម្អាត​ដោយ​ស្ម័គ្រ​ចិត្ត​ទៅតាម​ពេល​ទំនេរ​រប​ស់ខ្លួន​។​សកម្មភា​ព​សម្អាត​តែង​ធ្វើ​នៅ​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ និង​អាទិត្យ ​ពោល​គឺជា​ពេល​ដែល​ពួកគេ​ទំនេរ​ពី​ការសិ​ក្សា​។​នេះបើតា​មកា​របញ្ជាក់ប​ន្ថែមពី លោក ​ហែម សុ​ភេ​ម ។

​លោក​ហែម សុ​ភេ​ម បាន​ឱ្យដឹ​ងថា​៖ «​សម្រាប់​ការចូល​ប្រមូល​កាក​សំណល់​​នៅតា​ម​ទីសា​ធារណៈ​មាន​អ្នក​ស្ម័គ្រ​ចូលរួម​ច្រើន ​ប៉ុន្តែ​សម្រាប់​កា​រប្រមូល​កាក​សំណល់​តាម​ប្រឡាយ​លូទឹក​ស្អុយ​មិនមា​ន​អ្នក​ស្ម័គ្រចិ​ត្ត​ចូលរួ​ម​ច្រើន​នោះ​ទេ​ដោយ​សារ​ពួក​គេ​បារម្ភ​ពី​បញ្ហា​សុខ​ភាព​»​។​

យុវជន​រូបនេះ​បានរៀ​បរាប់​ទៀត​ថា​កា​រចុះ​ប្រមូល​សំរាម​ក្នុង​លូ​ប្រឡាយ​មាន​ផល​វិបាក​ច្រើន និង​ត្រូវ​ចំណាយ​ពេល​យូរ​។ ម្យ៉ាង​វា​គឺជា​រឿង​ប្រថុយ ​ព្រោះ​មិន​ដឹងថា​នៅក្នុង​លូ​នោះ​មាន​អ្វីខ្លះ ​មាន​ក្លិន​មិនល្អ​ផង​ លា​មក​ផង ​សត្វ​ផង​លាយ​ឡំ​ចូលគ្នា​។​ តាម​រយៈ​សកម្ម​ភាព​នេះ​បាន​ធ្វើឱ្យ​មហា​ជន​មួយ​ចំនួន​ស្ងើច​សរសើរ​ ប៉ុន្តែ​មួយ​ចំនួ​នទៀត​ក៏បាន​រិះគន់​ថា​ជា​ក្រុម​យុវ​ជន​ស៊ី​ជោ​រ​ទៅ​វិញ​។​

​លោក​ហែម សុ​ភេ​ម បាន​បញ្ជា​ក់ទៀត​ថា​៖ «​បើ​និយាយ​រឿង​ខ្មាសគេ​​វិញ ខ្ញុំ​មិន​ខ្មាសគេ​ទេ​ទោះបី​មាន​មតិ​ខ្លះ​ថា​ពួក​ខ្ញុំ​ជោ​រក៏​ដោយ​ តែ​ខ្ញុំ​ធ្វើ​ដោយ​ឆន្ទៈ ​និង​គោល​ដៅ​ចង់​ផ្លាស់​ប្ដូរ​ឥរិយា​បថ​អ្នក​ចោល​សំរាម​ទាំងនោះ​​»​។​

​​បើ​តាម​លោក​ ហែម សុ​ភេ​ម មក​ទល់​ពេល​នេះ ប្រជា​ពលរដ្ឋ​មួយចំ​នួន​ចាប់ផ្តើ​ម​យល់និង​មាន​ឥរិយា​បថ​ទុកដា​ក់​សំរាម​បាន​ប្រសើរ​ជាង​មុន​។​

​ស្ថាប​និក​និស្សិត​ប្លា​ស្ទិ​ក​បញ្ជាក់​ថា​៖ «​ឥឡូវនេះ​ពេល​ពួក​ខ្ញុំ​ចុះ​ធ្វើ​សកម្ម​ភាព​ប្រមូល​សំរាម​ម្តងៗ​មាន​ក្មេងៗ​ និង​ពលរដ្ឋ​ទៅ​មើល​គាំទ្រ​ច្រើន​ហើយ​ក៏មាន​អាជីវ​ករ​ខ្លះ​ចុះទៅ​ជួយ​ប្រមូល​សំរាម​ទៀត​ផង កត្តា​នេះហើ​យ​ធ្វើឱ្យ​ខ្ញុំ​យល់​ថា​ឥរិ​យាបថ​របស់​ពួក​គាត់​​ត្រូវបា​ន​ផ្លាស់ប្ដូរ​​។ចំណែកឯ​ពលរដ្ឋ​ដែល​តែងតែ​ចោល​សំរាម​នឹង​រអៀសខ្លួ​ន​នៅ​ពេល​ដែល​​​ឃើញ​វីដេ​អូ​ទាំងនោះ​​ហើយ​»​។​

​ជំនួស​ឱ្យ​ការ​ប្រាប់​ចំៗ​ពី​ការដាក់​ទុក​សំរាម ​យុវជន​ សុ​ភេ​ម ​មាន​ជំនឿថា​​ ការផ្ស​ព្វ​ផ្សាយ​ជា​វីដេអូ​លើ​បណ្ដាញ​សង្គម​មាន​ប្រសិទ្ធ​ភាព​ជាង​ដើម្បី​ឱ្យ​ពល​រដ្ឋ​ដែល​តែង​តែ​ចោល​សំរាម​ផ្លាស់​ប្ដូរ​ឥរិយា​បថ​។

​យុវជន​រូបនេះ​បន្តថា​៖«​កត្តា​ដែល​អាច​កែប្រែ​ឥរិយា​បថ​ពលរដ្ឋ​ដែល​តែងតែ​ចោល​សំរាម​បាន​គឺ​មានតែ​ផ្ដើម​ចេញពី​បុគ្គល​រូបនោះ​ខ្លួន​ឯង​ប៉ុណ្ណោះ​ហើយ​ខ្ញុំ​ជឿថា​មនុស្ស​ដែល​មើល​យើង​រាប់​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម ពួក​គាត់​នឹង​ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ពី​បញ្ហា​សំរាម​នេះ​ដែរ​»​។​

​ជា​មនុស្ស​ដែល​ស្រឡាញ់​បរិស្ថាន​តាំង​ពីក្មេង​និង​មាន​ក្រុម​គ្រួសា​រ​តែងតែ​អប់រំ​ពី​របៀប​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ យុវ​ជន សុ​ភេ​ម បាន​ថ្លែង​ថា គ្រួសារ​មិន​បាន​ហាម​ឃាត់​ទេគឺ​មានតែ​ជំរុញ​ឱ្យធ្វើ​សកម្ម​ភាព​ទាំង​នេះ ​ប៉ុន្តែ​ពួក​គាត់​តែង​តែ​បារម្ភ​ពី​បញ្ហា​សុខភា​ព និង​សុវត្ថិ​ភាព​ដោយ​សារ​ពេល​ខ្លះ​ចុះទៅ​ប៊ិះ​លង់ទឹក​នៅក្នុង​លូ​ក៏មាន​។​

​យ៉ាង​ណាមិ​ញ​លោក​ចង់​ឃើញ​ពលរដ្ឋ​ចាត់ទុ​ក​ទីសា​ធារ​ណៈ​ប្រៀបដូ​ច​ជា​ផ្ទះ​រប​ស់ខ្លួ​នដើម្បី​សុខុមា​ល​ភាព​សា​ធា​រ​ណៈ និង​សោភ​ណភា​ព ក៏ដូច​ជា​មុខ​មាត់​ប្រទេស​ជាតិ​​។​

​យុវជ​ន សុ​ភេ​ម បាននិ​យាយថា​​៖ «​ខ្ញុំ​មាន​សំណូម​ព​រ ចង់ឱ្យ​ពលរដ្ឋ​ចាត់ទុក​ប្រឡាយ ​និង​ទីសាធា​រណៈ​ឱ្យ​ដូច​ផ្ទះ​របស់​ខ្លួ​ន ព្រោះ​វា​ជា​ប្រទេស​ជាតិ​​យើង​ទាំង​អស់​គ្នា បើ​យើង​ចោល​សំរាម យើ​ង​គឺជា​សំរាម​ហើយ បើ​គាត់​ចោល​គឺ​គាត់​បំផ្លាញ​ឈ្មោះ​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​»​។​

​លោក​ហែម សុ​ភេ​ម ក៏បាន​បង្ហាញ​ពីបំណង​ផងដែរថា​ ខ្លួន​មាន​គម្រោង​ចង់ឱ្យ​ទីក្រុង​ទាំង​មូល​គ្មាន​សំរាម​ និង​ទប់​ស្កាត់​ការ​ចោល​សំរាម​ពាល​វាល​ពាស​កាល​បន្ត​ទៀត​តាម​រយៈ​ការ​បញ្ជ្រាប​ចំណេះ​ដឹង​4R ដែល​មាន​ដូច​ជា​ កុំ​ប្រើ​ប្លា​ស្ទិក កាត់​បន្ថយ​កែច្នៃ​ និង​ប្រើប្រា​ស់​ឡើង​វិញ​។​

​គួរ​បញ្ជាក់​ថា ​កាលពី​ខែ ​មករា ឆ្នាំ​២០១៩​ រា​ជរដ្ឋាភិ​បាល​កម្ពុជា​ក៏បាន​ប្រកាស​ចាប់ផ្តើម​​អនុវត្ត​គម្រោង​មួយ ដែលមា​ន​ឈ្មោះ​ថា «​ជំរុញ​បរិយា​កាស​ដែល​អំណោយផ​ល​ដល់​ការអភិ​វឌ្ឍ​ដោ​យ​ចីរភាព​នៅ​កម្ពុជា (​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា BESD)»​។ គោល​បំណង​មួយ ក្នុ​ងចំណោម​​គោលបំ​ណង​នានា​នៃ​គម្រោង BESD គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបំ​ពុល​បរិស្ថាន​ដោយសា​រ​ប្លា​ស្ទិ​កនៅ​កម្ពុជា​តា​មរយៈ​វិធី​សាស្ត្រ​៤​យ៉ាង4R (​បដិសេធ​មិន​ប្រើប្រា​ស​-Refuse ​កាត់​បន្ថយ​-reduce ប្រើប្រា​ស់​ឡើង​វិញ​-reuse និង​កែច្នៃ​ឡើងវិ​ញ​-recycle)​។​

​យោង​តាម​ក្រសួង​បរិ​ស្ថាន ​សព្វថ្ងៃ​ការប្រើប្រា​ស់​ប្លា​ស្ទិ​កមាន​ការកើន​ឡើង​ជា​គំហុក​ដោយ​បច្ចុប្បន្ននេះ​ ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ១​០លា​ន​ថង់ ត្រូវបាន​​ប្រើប្រាស់​​ជា​រៀងរា​ល់ថ្ងៃ​​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​ដែល​ប្រជា​ជន​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​ដែល​រស់នៅ​ក្នុ​ង​ទីក្រុង​​នានា​ ប្រើប្រា​ស់​ថង់​ប្លា​ស្ទិ​ក​ជាង​២០០០ថ​ង់​ក្នុង​១ឆ្នាំ​ៗ​៕