ភ្នំពេញៈក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាស​នៅល្ងាច​ថ្ងៃទី១៥​ មិថុនា​ ថា ក្រុម​ស្រាវជ្រាវ នៃ​ខណ្ឌរដ្ឋបាល​ជលផល​ ខេត្ត​ក្រចេះ និងស្ទឹងត្រែង រដ្ឋបាល​ជលផល និងអង្គការ WWF បាន​កត់ត្រា កូន​ផ្សោត​ថ្មី ១​ ក្បាល ​ទៀត នៅថ្ងៃទី១៥ ​មិថុនា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពីឆ្មាំ​ទន្លេ​ប្រចាំការ​នៅ អន្លង់កាំពី។


ក្រសួង​កសិកម្ម បាន​បញ្ជាក់​ថា ក្រុមការងារ បានប្រទះ​ឃើញ​កូន​ផ្សោត​នេះ តាមរយៈ​រូបថត​ដែល​ថតបាន នៅម៉ោង ១៣ និង ៣០ នាទី​រសៀល នាថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច​អន្ទង់​វៀន​នៃ​អន្លង់កាំពី ភូមិ​កាំពី ឃុំ​សំបុក្រ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

តាម​ការអង្កេត កូន​ផ្សោត​ទើបកើត​ថ្មី​នេះ មានអាយុ​ប្រមាណ ៥ ថ្ងៃ កំពុងហែល​ជាមួយ​ផ្សោត​ពេញវ័យ​ចំនួន ៥ ក្បាល​ទៀត។


ជាការកត់​សម្គាល់ នេះ​ជាកូន​ផ្សោត​ទី៤ ហើយ ដែលបាន​កត់ត្រា​ចាប់តាំង​ពី​ខែមករា ដល់ខែ​មិថុនា ឆ្នាំ២០២៣។

បើតាម​ក្រសួង​កសិកម្ម ក្នុង​ឆ្នាំ២០២២ ក្រុមការងារ​បានកត់ត្រា​កូនផ្សោត​បាន​ចំនួន ៦ ក្បាល និង​នៅ​ឆ្នាំ២០២១ ក្រុមការងារ​បានកត់ត្រា​កូន​ផ្សោតបាន​ចំនួន ៦ ក្បាល៕