កំពង់ស្ពឺៈ ក្រសួង​បរិស្ថាន បានធ្វើ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​ (គិរីរម្យ)​ ថា ជាតំបន់​ប្រកប​ទៅ ដោយ​ព្រៃស្រល់​ធម្មជាតិ និងមានរុក្ខជាតិ​តំបន់​ត្រូពិក​ជាច្រើន​ប្រភេទ វាលស្មៅ ​ព្រៃស្រោង ជួរភ្នំ លម្អ​ទៅដោយ​ជ្រោះ​ទឹកធ្លាក់​ជាច្រើន​ដំណាក់​ច្រើន​អន្លើ និងទំនប់​ទឹក​កែច្នៃ​ពីតាម​ជ្រលងភ្នំ​ជាច្រើន។


ក្រសួង​បរិស្ថាន​បន្ត​ថា បន្ថែម​លើស​ពី​នោះ ឧទ្យាន​ជាតិ​នេះ មាន​វត្តមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ ជាពិសេស​មានវត្តមាន​ហ្វូងសត្វ ដំរី​ព្រៃអាស៊ី​ផងដែរ ដោយលាតសន្ធឹង​នៅលើ​ខ្ពង់រាប​មាន​រយៈ​កម្ពស់​ខ្ពស់​បង្គួរ។

ដោយសារ​មានអាកាសធាតុ​ត្រជាក់​ជាង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា និង​ទទួល​របប​ទឹកភ្លៀង​ច្រើន​ផងនោះ បានធ្វើ​ឱ្យ​ឧទ្យាន​ជាតិ ព្រះសុរាម្រិត-កុសមៈ សម្បូរ​ទៅដោយ អនុផល​ព្រៃឈើ​រាប់សិប​ជំពូក ដែល​ផ្តល់​ជាគុណ​ប្រយោជន៍​ផ្នែក​សុខភាព និងសេដ្ឋកិច្ច សង្គម សម្រាប់​ប្រជាសហគមន៍​ក្នុង​តំបន់។


ដោយ​មានលក្ខណ​ពិសេស​ដាច់​ដោយឡែក​នៃ​ធនធាន​ធម្មជាតិ ជាពិសេស ព្រៃស្រល់​ធម្មជាតិ សត្វព្រៃ រួមជាមួយ​ទឹកធ្លាក់​ដ៏ស្រស់​ស្អាត​នៃ​ឧទ្យាន​ជាតិ​នេះ បានប្រែក្លាយ​តំបន់​នេះ​ជា​ទិសដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ៕