បាត់ដំបងៈ សាកលវិទ្យាល័យជាតិអៀរឡង់តាមរយៈគម្រោងខូអឺឡេស (COALESCE Project) សហការជាមួយនាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងអង្គការទស្សនៈឥតព្រំដែន (See Beyond Borders) នៅថ្ងៃទី១៦ មិថុនានេះ បានរៀបចំសិក្ខាសាលាស្ដីពី «ការកំណត់អត្តសញ្ញាណវិជ្ជាជីវៈគ្រូបង្រៀន»។
សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុប ៤៣ រូប ស្រី ២៦ រូប ក្នុងនោះ ជាគ្រូបង្រៀនសរុប ២៥ រូប ស្រី ២០ រូប មកពីសាលាបឋមសិក្សានានា នៅខេត្តបាត់ដំបង។
បើយោងតាមក្រសួងអប់រំ សិក្ខាសាលានេះ គឺមានគោលបំណងកំណត់នូវអត្តសញ្ញាណសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន និងស្វែងរកធាតុចូលបន្ថែម ដល់ការសិក្សាស្រាវជ្រាវលើប្រធានបទស្ដីពី «តើអ្វីខ្លះដែលធ្វើឱ្យគ្រូបង្រៀនល្អ? បញ្ហាប្រឈមនៃការលើកកម្ពស់អត្តសញ្ញាណ និងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀននៅតាមសាលារៀនកម្ពុជា” នៃគម្រោងស្រាវជ្រាវស្តីពីអត្តសញ្ញាណវិជ្ជាជីវៈគ្រូបង្រៀនភាសាខ្មែរនៅបឋមសិក្សា (Professional Identity for Khmer Teachers – PIKT)៕