ភ្នំពេញៈអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានបើកវគ្គបំប៉ន មន្ត្រីនគរបាលយុត្តិធម៌ស្ដីពី«ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ» រយៈពេល ២ ថ្ងៃជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ អ.ប.ព. ចំនួន ២៧៥ រូបផ្សេងទៀត។
យោងតាមអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា វគ្គបំប៉ននេះធ្វើឡើងនៅថ្ងៃទី១៤ និង១៥ខែមិថុនានេះនៅសាលប្រជុំធំ អ.ប.ព. ក្នុងគោលបំណងពង្រឹង និងពង្រីកចំណេះដឹង និងសមត្ថភាពផ្នែកច្បាប់ ក៏ដូចជាប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ នៃ អ.ប.ព. នូវការយល់ដឹងពីការវិវត្ត ក្របខ័ណ្ឌច្បាប់ថ្មីៗ ចរិតលក្ខណៈ និងធាតុផ្សំនៃបទល្មើសពុករលួយសំខាន់ៗ វិធីសាស្ត្រក្នុងការស៊ើបអង្កេត ការកសាងសំណុំរឿង និងការប្រឆាំងការសម្អាតប្រាក់ ដើម្បីផ្ដល់បន្ថែមទៀតនូវពុទ្ធិ ជំនាញ បច្ចេកទេស និងបទពិសោធន៍ល្អៗដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ អ.ប.ព. ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
វគ្គបំប៉ននេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន អ.ប.ព.។ លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងពិធីបើកវគ្គបំប៉នថា អ.ប.ព.ធ្លាប់បានរៀបចំវគ្គបំប៉នជូនមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន ៦ លើករួចមកហើយ។ មកដល់បច្ចុប្បន្ននេះ មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌រួចហើយមានចំនួនសរុប ២១០ រូប។
លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនដល់សមាសភាពចូលរួមវគ្គបំប៉នលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា បទល្មើសពុករលួយ ដែលជួបប្រទះញឹកញាប់, បទល្មើសពុករលួយដែលមានចែងក្នុងច្បាប់ផ្សេងទៀត (ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើ ទ្រព្យសម្បត្តិរដ្ឋ, ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ, ច្បាប់ស្ដីពី សារពើពន្ធ), វគ្គសិក្សានឹងស្វែងយល់អំពីបទល្មើស និងការប្រឆាំងការសម្អាតប្រាក់, នីតិវិធី នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕