​សៀមរាបៈ ក្រុម​អ្នកជំនាញ​​ការ​ចំពោះ​កិច្ច​នៃ​គណៈកម្មាធិការ​​អាយ​ស៊ី​ស៊ី​-​អង្គរ ​(ICC-Angkor)​ កាលពី​ថ្ងៃទី ​១៤ ខែមិថុនា​ បាន​ចុះទៅពិនិត្យ​ការអភិវឌ្ឍ​នៅ​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង ខេត្តសៀមរាប ជាទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដោះ​​ស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​លំនៅ​ចេញពី​តំបន់​អង្គរ​ទៅកាន់​ទីកន្លែង​ទាំង ​២ ​នេះ ហើយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណោះ​​ស្រាយ​នេះ​ថា ជា​រឿង​ដ៏​ល្អ​។


​ការចុះទៅ​ពិនិត្យ​ទីតាំង​ទាំង ​២ ​នេះ ធ្វើឡើង​ក្រោយពី​គណៈ​​ក​ម្មា​ធិ​ការ​អន្ដរជាតិ​ ដើម្បី​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ ​(ICC-Angkor) ​បានបញ្ចប់​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៧ របស់ខ្លួន​រយៈពេល​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១២​ ដល់​ថ្ងៃទី ​១៣ ខែមិថុនា នៅ​ខេត្តសៀមរាប​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជា​ក់លើ​​គេហទំព័រ​នា​ថ្ងៃទី​ ១៥ ខែមិថុនាថា​៖ «​ក្រុម​អ្នកជំនាញការ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​​ប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​​កម្ពុជា​ក្នុងការ​លើកកម្ពស់​តម្លៃ​លេចធ្លោ​នៃ​រមណីយដ្ឋាន​អង្គរ ដោយ​បន្ត​លើក​ឱ្យ​គោរព និង​ស្របតាម​គោលការណ៍​របស់​អង្គការ​យូណេស្កូ​។ បន្ថែម​ពី​នោះ ក្រុម​អ្នកជំនាញការ​បានបង្ហាញ​ការ​​ពេញចិត្ត​ជាខ្លាំង​ចំពោះ​ការអភិវឌ្ឍ ដែល​កំពុង​មាននៅ​តំបន់​ទាំង​ ២ ​ខាងលើ​»​។


​លោក​ ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា ការចុះពិនិត្យ​នេះ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់ថា ការដែល​រាជ​​រដ្ឋាភិបាល​រៀបចំ​គោ​លន​យោ​​បាយ​ដោះស្រាយ​លំនៅ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មិន​ស្របច្បាប់​នៅ​តំបន់​រមណីយ​​ដ្ឋា​ន​អង្គ​រ ហើយ​មាន​សំណង់​មិន​ស្របច្បាប់​នៅ​ទីនោះ​ឱ្យទៅ​កាន់​តំបន់​រុន​តា​ឯក និង​តំបន់​ពាក់​​ស្នែង គឺជា​រឿង​មួយ​ល្អ​។​

​លោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​​ទី​ ១៤ ខែមិថុនា​ថា នេះ​ក៏​ជា​គំរូ​មួយ​ដែរ នៅក្នុង​ពិភពលោក ពី​​ព្រោះ​មិនមែន​តែមាន​ករណីបែបនេះ​មាននៅ​កម្ពុជា​ទេ​។ នៅ​ប្រទេស​មួយចំនួនទៀត​ក៏មាន​ករណី​ដូចគ្នា​បែបនេះ​ដែរ​។ ក្រុម​អ្នក​​ជំនាញ​ក៏​សម្ដែង​ការសប្បាយ​រីក​​រាយ និង​អបអរសាទរ​ចំពោះ​អ្វីដែល​ពួកគាត់​បានឃើញ​។​


​លោក​ ឡុង កុសល ថ្លែងថា​៖ «​បានន័យថា អ្វីដែល​រាជ​រដ្ឋា​ភិ​បាល​បានលើកឡើង​ជា​គោល​​នយោបាយ​ក្នុង​ការរៀបចំ ​ដើម្បី​គាំទ្រ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំង​ ២​ នេះ​ គឺ​រាជ​រដ្ឋា​ភិ​បាល​បាន​កំពុងតែ​រៀបចំ​យ៉ាង​ជាក់ស្ដែង​តែម្ដង ឧទាហរណ៍​ដូចជា​ផ្លូវ ដូចជា​ភ្លើង ដូចជា​ទឹក ដូចជា ប្រព័ន្ធ​ទូរស័ព្ទ ដូចជា​សាលារៀន ដូចជា​មណ្ឌល​សុខ​​ភាព ដូចជា​វត្ត​អារាម​ដូចជា​ផ្សារ​ដូចជា​ទីកន្លែង​បំពេញការងារ​របស់​សាលាស្រុក​ទាំង​ ២ គឺ​សាលាស្រុក​បន្ទាយស្រី និង​ [​សាលាស្រុក​]​ អង្គរធំ​ហ្នឹង ស្ថិតនៅក្នុង​ទីតាំង​អភិវឌ្ឍន៍​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រប​ស់​ស្រុក​នីមួយៗ​ហ្នឹង​បាន​ចូលមក​នៅក្នុង​កន្លែង​ហ្នឹង​ដែរ​»​។​

​លោក​ ឡុង កុសល បន្តថា​៖ «​វា​ជា​ការដែល​រា​ជរា​ដ្ឋា​ភិ​បាល​បាន​បង្ខិត​សេវា ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​មិនមែន​គ្រាន់​​តែ​ថា​រៀបចំ​ទីតាំង​ហើយ​ជូន​គាត់​ទៅ គាត់​នៅ​ម៉េច​នៅ​ទៅអត់​ទេ គឺ​យើង​ខ្វល់ខ្វាយ​យើង​យកចិត្ត​ទុកដាក់​។ អ៊ីចឹង​ហើយ​ដែលជា​ចំណុច​មួយ​ដែល​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​ហ្នឹង​គាត់​គាំទ្រ​»​។​

កាលពី​ខែកញ្ញា ឆ្នាំ ​២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹង​កែប្រែ​តំបន់​រុន​តា​ឯក​ពី​ជនបទ​ឱ្យទៅ​ជាទី​​ក្រុង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា «​ក្រុង​រុន​តា​ឯក​» ព្រមទាំង​ប្រ​​កាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ដោយ​ផ្តល់​បណ្ណ​ក្រីក្រ និង​ជួយឧបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តំបន់​នោះ​។​

លោក​បានលើកឡើង​ពី​ការ​​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅ​តំបន់​នោះ​ថា ត្រូវ​មានទឹក​​ស្អាត ផ្លូវ អគ្គិសនី ផ្សារ មណ្ឌល​សុខភាព និង​សាលារៀន ដែលមាន​ទាំង​ថ្នាក់​កម្រិត​អនុ​វិទ្យា​ល័យ និង​វិទ្យាល័យ​ផងដែរ​។​

​កិច្ចប្រជុំ​របស់​គណៈ​ក​ម្មា​ធិ​​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​លើក​ទី​៣៧ នេះ មាន​វត្តមាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​​អប្សរា លោក Taninai Ichitomo​ អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Pierre Vincent ទីប្រឹក្សា​កិច្ច​​សហប្រតិបត្តិការ​វប្បធម៌​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា និង​លោក Sardar Umar Alam​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​។​

​នៅមុន​កិច្ចប្រជុំ​នេះ ក្រុម​អ្នក​​ជំនាញការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​នានា​នៅក្នុង​តំបន់​រម​​ណី​យ​ដ្ឋា​ន​អង្គរ​រយៈពេល​ប្រ​មាណ​ ១​ សប្ដាហ៍ ​រួមមាន ប្រាសាទ​​ភ្នំ​ក្រោម ប្រាសាទ​មេបុណ្យ​ខាង​​លិច ប្រាសាទបាគង និង​សារ​​មន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​។ ​នេះ​គឺជា​ការងារ​ដែល​ក្រុម​អ្នក​​ជំនាញការ​តែង​ធ្វើ​មុននឹង​មាន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​ត្រូវធ្វើឡើង​ក្នុង​រយៈពេល​ ២ ​ដង​ ​ក្នុង ​១ ​ឆ្នាំ​៕