​ភ្នំពេញៈ កម្ពុជា​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ ​២ ​លាន​ដុល្លារ ​ពី​មូលនិធិ​នៃ​គម្រោង​កិច្ច​សហ​​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង សម្រាប់​ឆ្នាំ ​២០២៣ ទៅលើ​គម្រោង​ចំនួន​ ៩ ដែលជា​គំនិត​ផ្តួចផ្តើម​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម​រវាង​កម្ពុជា និង​ចិន ដើម្បី​ចូលរួមចំណែក​កសាង​សហ​​គម​ន៍​វាសនា​រួម​នៃ​សន្តិភាព​វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​បណ្តា​ប្រទេស​ក្របខ័ណ្ឌ​មេគង្គ​​ឡាន​ឆាង​។​


​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ​២ ​លាន​ដុល្លារ​ពី​ចិន ​នៃ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​នេះ ត្រូវបាន​ចុះហត្ថលេខា​រួមគ្នា​រវាង​លោក ​ប្រាក់ សុខុន ឧ​បនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក ​វ៉ាង វិ​ន​ធាន ​(WANG Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ​១៥ ខែមិថុនា ឆ្នាំ ​២០២៣ ​នៅ​ទីស្តីការក្រសួង​​ការបរទេស និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​អន្ដរជាតិ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​។​

​ក្នុងឱកាស​នោះ​លោក ប្រាក់​ សុខុន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋា​ភិ​បាល​សាធារណរដ្ឋ​ប្រជាមានិត​​ចិន ដែល​បាន​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត​ដែលជា​សមាជិក​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។


​លោក​បាន​បន្តថា ក្នុង​រយៈ​​ពេល​ ៦​ ឆ្នាំកន្លងមក គម្រោង​ប្រមាណ​ជិត​ ៩០ របស់​ប្រទេស​​កម្ពុជា ​ទទួលបាន​ការ​គាំទ្រ​ជា​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ពិសេស​ខាងលើ​។ ជោគជ័យ​នៃ​គម្រោង​ទាំង​នោះបាន​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់​នៃ​ភាពជា​អ្នក​ជិត​​ខាង​ល្អ មិត្តភាព សមភាព និង​ការគោរព​គ្នា​ទៅវិញទៅមក ហើយ​គោលការណ៍​ទាំងនេះ​នឹង​បន្ត​ជា​មូលដ្ឋាន​ដ៏​សំខាន់ នៅក្នុង​កិច្ចសហប្រតិបត្តិការ​នា​ពេលបច្ចុប្បន្ន និង​អនាគត​របស់​ប្រទេស​ជា​សមាជិក​។​

លោក​បាន​បញ្ជាក់ថា​៖ «​ទោះ​​បី​គម្រោង​ទាំងនេះ​មាន​ទំហំ​តូច​ជាង​គម្រោង​ស្ថិតនៅក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ប៉ុន្តែ​គម្រោង​ទាំងនេះ​ គឺជា​សក្ខី​ភាព​នៃ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​សាធារណរដ្ឋ​ប្រជាមានិត​​ចិន ចំពោះ​ការ​អភិ​វ​ឌ្ប​នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​»​។​


​យោង​តាមរយៈ​សេចក្តី​ប្រ​​កាស​ខាងលើ កម្ពុជា​នឹង​ជំរុញ​ជា​អតិបរមា​នូវ​ការរួមចំណែក​ទាំងនេះ និង​ប្រែក្លាយ​ការរួម​​ចំណែក​ឱ្យ​ក្លាយជា​កាតាលីករ ដើម្បី​ទទួលបាន​លទ្ធផល​កាន់​​តែ​ប្រសើរឡើង​ពី​វិស័យ​របស់​គម្រោង​ខាងលើ រួមមាន​ការ​ដឹកជញ្ជូន និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក ព័ត៌មានវិទ្យា​បេតិកភណ្ឌ​វប្បធម៌ សន្តិសុខ​ស្បៀង និង​ការកសាង​សមត្ថភាព​។​ល​។​

​លោក​ ប្រាក់ សុខុន បានបញ្ជាក់​សាជាថ្មី ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត និង​ទិដ្ឋភាព​ ដើម្បី​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​របស់​ថ្នាក់​ដឹកនាំ​នៃ​ក្របខ័ណ្ឌ​កិច្ច​សហ​​ប្រតិបត្តិការ​នេះ ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​នៃ​សន្តិ​ភាព វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា ​ជំនួយ​នៅក្នុង​ក្របខ័ណ្ឌ​ទន្លេ​​មេគង្គ​-​ឡាន​ឆាង ​ពី​ប្រទេស​ចិន​នេះ មាន​ភាពចាំបាច់ និង​សម​ស្របតាម​តម្រូវការ​ជាក់ស្តែង​ក្នុងការ​អភិវឌ្ឍ​សង្គម​កម្ពុជា ទាំង​ការអភិវឌ្ឍ​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​បាន​បន្តថា​៖ «​តំបន់​-​មេគង្គ​នេះ ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ជាទី​ប្រកួតប្រជែង​របស់​មហាអំណាច​ផងដែរ​។ ក្នុង​តំបន់​មេគង្គ​មានគំនិត​ផ្តួចផ្តើម​ជាច្រើន ទាំង​អាមេរិក​-​មេគង្គ គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម មេគង្គ​-​កាំ​ង​ហ្កា​របស់​ឥណ្ឌា មេគង្គ​-​ជប៉ុន មេគង្គ​-​កូរ៉េ គណៈ​ក​ម្មា​ធិ​ការ​សហប្រតិបត្តិការ​មេគង្គ​​និង​មេគង្គ​-​ឡាន​ឆាង ​របស់​ចិន​ជាដើម​។ ប្រទេស​ធំៗ ប្រទេស​មហា​​អំណាចកណ្តាល កំពុង​បង្ហាញ​ឥទ្ធិពល​នៅ​តំបន់​មេគង្គ​»​។​

​លោក​បាន​បន្ថែមថា ទោះ​​ជា​យ៉ាងណាក្តី ប្រសិនបើ​មាន​កិច្ចសហប្រតិបត្តិការ​ច្រើន​​ប្រទេស​តំបន់​មេគង្គ​គួរ​ទាញយក​ផលប្រយោជន៍​ពី​បណ្តុំ​ការប្រកួតប្រជែង​ទាំងនេះ​វិញ​។ លោក​ថា មិន​ថា​ជំនួយ​ចិន ឬ​ប្រទេស​ណា​ឡើយ តែងមាន​គោលដៅ និង​អំណាច​ស្រទន់​រៀងៗ​ខ្លួន​ក្នុងការ​បញ្ជ្រាប​ឥទ្ធិ​ពល​ក្នុង​តំបន់​។​

​សម្រាប់​លោក ​ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​ម​ជ្ឈ​​មណ្ឌល​មេគង្គ​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី (AVI) និង​ជា​អ្នក​ជំនាញ​ការទូត​សន្តិសុខ​បាន​​លើកឡើងថា ក្របខ័ណ្ឌ​មេគង្គ​-​ឡាន​ឆាង ជា​ក្របខ័ណ្ឌ​អភិ​​វឌ្ឍន៍​ដែល​បាន​ជួយ​តំបន់ ប្រជា​​ជន មានការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​។

​លោក​បាន​បន្តថា​៖ «​ចាប់ពី​គម្រោង​មេគង្គ​-​ឡាន​ឆាង​ បានចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៦ មក កម្ពុជា​ទទួលបាន​គម្រោង​អភិ​​វឌ្ឍន៍​ជាច្រើន​ក្នុងនោះ​ផ្តោត​សំខាន់​លើ​ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ត​ភ្ជាប់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ថាមពល ពង្រីក និង​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​ជាមួយនឹង​ចិន ក៏ដូចជា​ការអភិវឌ្ឍ​សុខុមាល​​ភាព​ប្រជាជន​»​។

​ទោះជា​យ៉ាងណា​លោក​ថា ការធ្វើ​នយោបាយ​តូបនីយកម្ម​នៅក្នុង​តំបន់​មេគង្គ​នឹង​បង្កឱ្យមាន​ហានិភ័យ​ខ្លាំង​ស្របពេល​ដែលមាន​ការប្រកួត​ប្រជែង​មហាអំណាច​នៅក្នុង​តំបន់​ដែល​ប្រទេស​ក្នុង​តំបន់​មេគង្គ​ក៏ដូចជា​អាស៊ាន ត្រូវ​រក្សា​ឱ្យបាន​នូវ​សាមគ្គីភាព ម​ជ្ឈ​ភាព​អាស៊ាន​ក្នុង​ការកសាង និង​អភិ​​វ​ឌ្ឍ​តំបន់​៕