​សៀមរាបៈ ​នាយក​ក្រុមហ៊ុន​យ៉ាម៉ា​ត្រុ​ហ្គី​ន​របស់​ប្រទេស​ជប៉ុន បាន​ចុះ​ពិនិត្យ​រក​ទីតាំង​ដី​ឱ្យ​ប្រជាពលរដ្ឋ សម្រាប់​ដាំ​ត្រសក់ផ្អែម​ឡើងវិញ​នៅក្នុង​ខេត្ត​សៀម​​រាប ​បន្ទាប់ពី​ដំណាំ​ប្រភេទ​នេះ​បាន​បាត់​​មុខ​អស់​ជាច្រើន​ឆ្នាំ ដោយ​ក្រុមហ៊ុន​ជា​អ្នកផ្តល់​បច្ចេកទេស និង​ប្រមូល​ទិញ​​ទិន្នផល​ពី​ការដាំ​ដំណាំ​នេះ​។​


​លោក ​ណា​បិ​ស៊ី​ម៉ា កាស៊ី​ហ៊ី​តុ នាយក​ក្រុមហ៊ុន​យ៉ាម៉ា​តុ ហ្គ្រី​ន បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្ដ​សៀមរាប ​កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា បាន​ចុះ​ពិនិត្យ​រក​ទីតាំង​ដី​ដាំ​ត្រសក់ផ្អែម​សម្រាប់​ឱ្យ​ប្រជាកសិករ ដែល​បាន​ស្ម័គ្រចិត្ដ​ចាកចេញ​ពី​តំបន់​​អង្គរ​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​រុន​តា​ឯក នៅ​ស្រុក​បន្ទាយស្រី មក​ធ្វើ​ការដាំ​ត្រសក់ផ្អែម​ឡើងវិញ​។ នេះ​បើតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។

លោក ណា​បិ​ស៊ី​ម៉ា កា​​ស៊ី​ហ៊ី​តុ បន្ដថា​៖ «​ការបង្កើត​គម្រោង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ត្រសក់ផ្អែម​ឡើងវិញ​នេះ គឺ​ដោយសារតែ​មើលឃើញ​ផ្លែ​ត្រសក់​​ផ្អែម​មាន​ដើមកំណើត​នៅក្នុង​ស្រុក​បន្ទាយ​ស្រី ប៉ុន្ដែ​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ គឺ​គ្មាន​វត្ដ​មាន​ប្រជាកសិករ​ដាំ​ត្រសក់​ប្រភេទ​នេះ​នៅក្នុង​ស្រុក​នោះ​ទៀតឡើយ​ ខណ​:​ដែល​ត្រសក់​នេះ​មាន​ទីផ្សារ​នៅ​ខេត្ដ​បាត់​​ដំបង និង​ខេត្ដ​ឧត្ដរមានជ័យ​»​។


លោក​ថា ការដាំ​ត្រសក់ផ្អែម គឺ​ក្រុមហ៊ុន​នឹង​ផ្ដល់​បច្ចេកទេស ផ្ទះ​សំណាញ់ ខណៈ​ក្រុម​​ហ៊ុន​ក៏​ជា​អ្នកប្រមូល​ទិញ​ទិន្នផល​សម្រាប់​លក់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅ​​ប្រទេស​ផងដែរ​។ លោក​បញ្ជាក់ដែរថា ត្រសក់ផ្អែម គឺជា​ផ្នែក​មួយ​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​នៅក្នុង​ស្រុក​នោះ ក៏ដូចជា​ពលរដ្ឋ ដែល​ទើប​ស្ម័គ្រចិត្ដ​ចាកចេញ​ពី​តំបន់​អង្គរ​មាន​មុខរបរ​ប្រចាំថ្ងៃ ស្រប​ពេលដែល​​ត្រសក់ផ្អែម​មានតម្លៃ​ខ្ពស់ អាចជួយ​​បង្កើន​ជីវភាព​ពួកគាត់​បាន​។​

​លើសពីនេះ នាយក​ក្រុមហ៊ុន​ជប៉ុន​ខាងលើ ក៏​បញ្ជាក់ដែរថា​៖ «​បច្ចុប្បន្ន ផ្លែ​ត្រសក់ផ្អែម​គឺមាន​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​បាត់ដំបង បាន​អនុវត្ដ​គម្រោង​នេះ គឺ​​ងាយស្រួល​ដាំ​ដុះ ថែមទាំង​ទទួលបាន​ទីផ្សារ​ខ្ពស់​ទៀត​ព្រោះ​ត្រសក់ផ្អែម គឺជា​ប្រភេទ​ដំណាំ​វ​ល្លិ៍​មាន​ផ្លែ​ជា​អាហារ ដែលមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា តាំងពី​​អំឡុង​ឆ្នាំ ​២០០៥​ មក​»​។​


​លោក ហេង ហំ គណៈកម្មការ​សហ​​គម​ន៍​សុវត្ថិភាព​បន្ទាយស្រី ខេត្ត​សៀម​​រាប ​បានបង្ហាញ​ការស្វាគមន៍​ចំពោះ​​គម្រោង​ដាំ​ត្រសក់​ឡើងវិញ​នេះ ហើយ​គម្រោង​នេះ​នឹងធ្វើ​ប្រជាពលរដ្ឋ​មានការ​​ងារ​ធ្វើ​ច្រើន ព្រោះ​នៅ​ស្រុក​បន្ទាយស្រី​មាន​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ច្រើន​។​

​លោក​បន្តថា បើតាម​អ្នកជំនាញ​ជប៉ុន ដំណាំ​ត្រសក់ផ្អែម​ត្រូវការ​ពន្លឺ​ថ្ងៃ​គ្រប់​​គ្រាន់ ព្រោះ​វា​ងាយ​ឆ្លង​ជំងឺ ងាយ​រង​ការបំផ្លាញ​ពី​សត្វល្អិត និង​ការប៉ះពាល់​ដោយសារ​ទឹក​លិច​ជាដើម ហេតុដូច្នេះ​លោក​ថា កសិករ​គួរ​ជ្រើសរើស​រដូវ​ដាំ​ដុះ​ដំណាំ​នេះ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទទួលបាន​ទិន្នផល​ល្អ​។ គណ​:​កម្ម​ការ​សហគមន៍​សុវត្ថិភាព​បន្ទាយស្រីបានឱ្យដឹងថា ការដាំ​ត្រសក់ផ្អែម​នៅក្នុង​ស្រុក​បន្ទាយស្រី បាន​អ​វត្ដ​មាន​ជាច្រើន​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ ​២០០៦​ មក​។ ការ​អវត្តមាន​ការដាំ​ត្រសក់ផ្អែម​នេះ ដោយសារ​កត្តា​គ្រោះ​​ធម្មជាតិ ការប្រែប្រួល​អាកាសធាតុ ការខ្វះ​បច្ចេកទេស​ដាំ​ដុះ​ជាដើម ដែល​ធ្វើឱ្យ​បាត់បង់​ទីផ្សារ​។

​យោងតាម​របាយការណ៍​រដ្ឋបាល​ខេត្តសៀមរាប ខេត្ត​នេះ​មាន​ប្រជាជន​ប្រកប​របរ​កសិកម្ម​ចំនួន ​៣៥៣ ១៦៨ ​គ្រួ​សារ ​ស្មើនឹង ៦៧,៦៨ ​ភាគរយ នៃ​គ្រួ​​សារ​សរុប​ក្នុង​ខេត្ត​៕