កម្ពុជា និង​សាធារណរដ្ឋ​ឆែក បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ដែលជា​ផលប្រយោជន៍​រួម​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​កាន់តែ​ស៊ីជម្រៅ ខណៈ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថាមវន្ត​របស់​កម្ពុជា​បាន​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ឆែក​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។


​ការប្តេជ្ញា​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​២ រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ឆែក តំណាង​ដោយ​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក ចែម វី​ឌ្យ៉ា និង​លោក Jiří Kozák អនុរដ្ឋមន្ត្រី​ការបរទេស នៃ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​ឆែក ដែល​ធ្វើជា​សហប្រធាន នៅ​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២៣ នៅ​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​នោះ បានឱ្យដឹងថា ភាគី​ទាំង ​២​ បានកត់សម្គាល់ ដោយ​សេចក្តី​ពេញចិត្ត​ចំពោះ​ចំណងមិត្តភាព​ដ៏​ល្អប្រសើរ​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​លូតលាស់​រវាង​ប្រទេស​ទាំង​២​។ ភាគី​ទាំង​២​ក៏បាន​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​ដែលជា​ផលប្រយោជន៍​រួម​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។


​នាឱកាស​នោះ លោក ចែម វី​ឌ្យ៉ា បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឆែក ចំពោះ​ជំនួយ​សប្បុរសធម៌​ជាច្រើន​ឆ្នាំកន្លងមក ចាប់តាំងពី​ការរំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ទៅដល់​សុខុមាលភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះដែរ​លោក Jiří Kozák បាន​ស្ងើចសរសើរ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ចកម្ពុជា ការធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ និង​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ភាពជោគជ័យ​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កត្តា​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ថាមវន្ត​របស់​កម្ពុជា​បាន​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ឆែក​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​កម្ពុជា​។


​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា​៖«​ក្នុងអំឡុង​កិច្ចពិភាក្សា ភាគី​ទាំង​២​បាន​ពិនិត្យឡើងវិញ​នូវ​គម្រោង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​។ ឯកឧត្តម​ទាំងពីរ​បាន​ផ្លាស់ប្តូរ​យោបល់​អំពី​មធ្យោបាយ​នានា​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទៅជា​ភាពជា​ដៃគូ​ដ៏​រឹងមាំ​»​។

​ភាគី​ទាំង​២​ក៏បាន​គូសបញ្ជាក់​ពី​វិស័យ​អាទិភាព​ចម្បង រួមមាន​វិស័យ​សុខាភិបាល និង​អប់រំ​។

​ចំណែក​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ដទៃទៀត​រួមមាន វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ វប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូន​ផ្លូវអាកាស ថាមពល​កកើត​ឡើងវិញ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​។​ល​។

​ប្រភព​ដដែល​បន្តថា ភាគី​ទាំង​២​ក៏បាន​ឯកភាព​លើកទឹកចិត្ត​តួអង្គ​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត​ឯកសារ​គតិយុត្តិ និង​រៀបចំ​វេទិកា​វិនិយោគ និង​ធុរកិច្ច​ជា​ទៀងទាត់​នៅក្នុង​ប្រទេស​ទាំង​២ ដើម្បី​ទទួលបាន​ការចូលរួម​កាន់តែ​សកម្ម​ពី​វិស័យ​ឯកជន​។

​ជាទី​បញ្ចប់​នៃ​កិច្ចពិភាក្សា ភាគី​ទាំង​២​បានបង្ហាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុង​ការបន្ត​កិច្ចសន្ទនា​តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​ទាំង​២​ដែលជា​យន្តការ​មាន​ប្រសិទ្ធភាព​សម្រាប់​តាមដាន​សកម្មភាព​ដែល​បាន​ឯកភាព​កន្លងមក ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​កាន់តែ​ស៊ីជម្រៅ​។ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឆែក លើក​ទី​៣ នឹងត្រូវ​ធ្វើឡើង​នៅ​សាធារណរដ្ឋ​ឆែក​៕